ជាតិ
សង្គមជាតិ
អាជ្ញាធរព្រះសីហនុបំភ្លឺថា ការរុះរើខ្ទមជាង៦០០ខ្នង ព្រោះពលរដ្ឋសង់លើដីអ្នកដទៃ រូបភាពពីទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន
× កម្លាំងអាជ្ញាធរ បានចុះទៅរុះរើខ្ទមជាង៦០០ខ្នង ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។ លើសពីនេះ មានបុរសម្នាក់និងស្ត្រីម្នាក់ ត្រូវឃាត់ខ្លួន ដោយអះអាងថា ពួកគេ ជាមេខ្លោង ដែលនាំប្រជាពលរដ្ឋទៅតវ៉ានិងបំផុសបំផុលឲ្យបិទផ្លូវ។
ពេលអាជ្ញាធរចុះទៅរុះរើសំណង់និងខ្ទមទាំងនោះ ប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ ក៏នាំគ្នាទៅតវ៉ា និងមានអ្នកខ្លះបានយកដើមឈើ ទៅដាក់លើផ្លូវជាតិលេខ៤ នៅចំណុចភូមិចំណោតរាម។ ប៉ុន្តែ ក្រោយមក សមត្ថកិច្ច បានសម្រួលឲ្យធ្វើចរាចរណ៍ឡើងវិញ។
រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបកស្រាយពីចំណាត់ការរបស់ខ្លួន។ តាមរយៈសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តព្រះសីហនុ បានហៅខ្ទមរបស់ប្រជាពលរដ្ឋទាំងនោះ ថាជាខ្ទមអនាធិបតេយ្យ ដែលសាងសង់ឡើងលើដីដែលមានកម្មសិទិ្ធស្របច្បាប់។
រដ្ឋបាលខេត្ត អះអាងថា ប្រជាពលរដ្ឋមកពីតំបន់នានា ទាំងក្នុងខេត្ត និងក្រៅខេត្តព្រះសីហនុ បាននាំគ្នាលួចសាងសង់លំនៅដ្ឋានដោយខុសច្បាប់ កាលពីពេលថ្មីៗនេះ។ រដ្ឋបាលខេត្ត បន្តថា អាជ្ញាធរ បានចុះទៅណែនាំប្រជាពលរដ្ឋទាំងនោះជាច្រើនលើកមកហើយ ឲ្យរុះរើសំណង់ និងខ្ទមរបស់ពួកគេ ប៉ុន្តែពួកគេ មិនព្រមស្តាប់។
រដ្ឋបាលខេត្ត សង្កត់ធ្ងន់យ៉ាងដូច្នេះថា «រដ្ឋបាលខេត្តព្រះសីហនុ នៅតែរក្សាជំហរយ៉ាងម៉ឹងម៉ាត់ ក្នុងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងកម្មសិទ្ធិឯកជនស្របច្បាប់ ដោយអនុវត្តវិធានការច្បាប់ ទប់ស្កាត់អំពើអនាធិបតេយ្យទាំងឡាយ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កចលាចលសង្គម»។
រដ្ឋបាលខេត្ត អំពាវនាវឲ្យប្រជាពលរដ្ឋខាងលើ បញ្ឈប់សកម្មភាពរបស់ខ្លួន ហើយឈប់ជឿតាមការឃោសនា និងការញុះញង់របស់ពួកមេខ្យល់។
យ៉ាងណាក៏ដោយ ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ មានអ្នកខ្លះ លើកឡើងថា ពួកគេ បានទិញដីនៅទីនោះ ហើយបានសង់លំនៅដ្ឋានពី១ឆ្នាំ ទៅ២ឆ្នាំមកហើយ។ តាមរយៈវីដេអូឃ្លីប ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម ពួកគេ បានស្រែកយំ និងសុំឲ្យសម្តេចនាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com