ជាតិ
សមាគម​ភាពយន្ត គ្រោង​ធ្វើ​របាយការណ៍​ដាក់​ទៅ​ក្រសួង​វប្បធម៌ ដើម្បី​ចាត់វិធានការ​ចំពោះ​អ្នក​លួច​ថតចម្លង​កម្ម​សិទ្ធ​បញ្ញា​
19, Apr 2019 , 11:33 am        
រូបភាព
លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា (រូបភាព៖ហ្វេសប៊ុកសមាគមភាពយន្តកម្ពុជា)
លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា (រូបភាព៖ហ្វេសប៊ុកសមាគមភាពយន្តកម្ពុជា)
​ភ្នំពេញ​៖ សមាគម​ភាពយន្ត​កម្ពុជា គ្រោង​ធ្វើ​របាយការណ៍​ជុំវិញ​ករណី​លួច​ថតចម្លង​កម្ម​សិទ្ធ​បញ្ញា ដាក់​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ចាត់វិធានការ​ចំពោះ​ជនខិលខូច​តាមផ្លូវ​ច្បាប់​។ យន្តការ​របស់​សមាគម​ភាពយន្ត​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ជនខិលខូច បាន​លួច​ថតចម្លង​សាច់រឿង​«​ជួប​ស៊យ​វគ្គ​២» យកទៅ​បង្ហោះ​លើ​បណ្ដាញ​យូ​ធូប (Youtube) កាលពីពេល​ថ្មីៗ​នេះ​។​

 
​ដោយសារតែ​បញ្ហា​លួច​ចម្លង​កម្ម​សិទ្ធ​បញ្ញា​កើតឡើង​ច្រំ​ដែល​នេះ សមាគម​ភាពយន្ត ប្រកាស​លែង​ទទួលយក​ពាក្យ​«​សុំទោស​»​ហើយ ពី​ជនខិលខូច​ណា ដែល​ខាង​សមាគម ចាប់កំហុស​បាន​នោះ​។ សម្រាប់​សកម្មភាព​លួច​ថតចម្លង​បែបនេះ សមាគម​ភាពយន្ត ចាត់ទុកជា​អំពើ​មិនគួរ​គប្បី ដែល​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​។​
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នោះ សមាគម​ភាពយន្ត​កម្ពុជា បាន​សរសេរ​ដូច្នេះ​ថា​៖«​សូម​ផ្តន្ទាទោស​ចំពោះ​ការ​លួច​ថតចម្លង​រាល់​កម្ម​សិទ្ធ​បញ្ញា​ទាំងឡាយ​។ រាល់​ស្នាដៃ​ទាំងឡាយ​តែងមាន​ម្ចាស់​កម្ម​សិទ្ធ ជន​ទាំងឡាយណា​ដែល​លួច​ចម្លង​កម្ម​សិទ្ធ ដោយ​គ្មាន​ការអនុញ្ញាតិ ជន​នោះ​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​។ ចាប់ពី​ថ្ងៃនេះ​ទៅ​យើងខ្ញុំ​លែង​ទទួល​ពាក្យ​«​សូមទោស​» ឆ្លើយថា​មិនដឹង​ទៀតហើយ អ្នកប្រព្រឹត្ត​ខុស​នឹងត្រូវ​ទទួលទោស​ចំពោះមុខ​ច្បាប់​»​។​
 
​ទាក់ទង​នឹង​ការ​លួច​ថតចម្លង​សាច់រឿង​​យកទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នេះ តែងតែមាន​ការហាម​ប្រាម​ពី​សំណាក់​សមាគម​ភាពយន្ត និង​ម្ចាស់​រោង​កុង ព្រមទាំង​ព្រមាន​ដាក់ពិន័យ​ចំពោះ​អ​ថិ​តិ​ជន​លួច​ថតចម្លង​កម្ម​សិទ្ធ​បញ្ញា​នេះ​ផងដែរ​។ ប៉ុន្តែ​ករណីនេះ នៅតែ​បន្ត​កើតមាន​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ស្របតាម​ផ្លូវច្បាប់​នោះ សមាគម​ភាពយន្ត​កម្ពុជា គ្រោង​ធ្វើ​របាយការណ៍​ដាក់​ទៅ​ដាក់​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ចាត់វិធានការ​ចំពោះ​ជនខិលខូច​តាមផ្លូវ​ច្បាប់​។​«​រួមគ្នា​កម្ចាត់​ក្រុម​លួច​ចម្លង​ដើម្បីឱ្យ​វិស័យ​សិល្បៈ​ភាពយន្ត​ជាតិ​យើង​រីកចម្រើន​។​យើងខ្ញុំ​នឹង​រៀបចំ​របាយការណ៍​ដាក់ជូន​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សមា​គម​ភាពយន្ត​កម្ពុជា​។​
 
​កន្លងមក​សមាគម​ភាពយន្ត​កម្ពុជា បាន​អំពាវនាវ​ដល់​ក្រសួង​វប្បធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ រឹតបន្តឹង​វិធានការ​នានា​ដែល​បាន​ដាក់ចេញ​ទាក់ទង​នឹង​ការណែនាំ​ការចាក់​បញ្ចាំងភាពយន្ត​ខ្មែរ និង​វិធានការ​មួយចំនួនទៀត ដើម្បី​ការពារ​វិស័យ​ភាពយន្ត​ខ្មែរ និង​បញ្ចៀស​ទំនាស់​នៅក្នុង​វិស័យនេះ​៕
 

Tag:
 ភាពយន្ត​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com