ជាតិ
សម្តេច ហ៊ុន សែន ផ្ញើ​សារ​ទៅ​សម​ភាគី​បារាំង​ពី​អារម្មណ៍​សោកស្តាយ​ចំពោះ Notre-Dame de Paris
19, Apr 2019 , 12:09 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ បាន​ផ្ញើលិខិត​ទៅ​លោកនាយក​រដ្ឋមន្ត្រី​បារាំង Edouard Philippe ដើម្បី​សំដែង​ការសោកស្តាយ​ចំពោះ​ការខូចខាត​វិហារ Notre-Dame de Paris ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ [​កាលពី​ថ្ងៃទី​១៥ ខែមេសា​]​។​

 
 
«​រដ្ឋាភិបាល​របស់ខ្ញុំ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ រួមជាមួយ​ពលរដ្ឋ​កម្ពុជា សូម​ចូលរួម​សំដែង​ការសោកស្តាយ​ជាទីបំផុត​ចំពោះ​ឯកឧត្តម និង​ពលរដ្ឋ​បារាំង ក្រោយ​វិហារ Notre-Dame de Paris រង​ការ​លេប​ត្របាក់​ដោយ​អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ​»​។ នេះ​ជា​សារ​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ទៅកាន់​សម​ភាគី​បារាំង​។​
 
​សម្តេច ហ៊ុន សែន បាន​កត់សម្គាល់ថា Notre-Dame ប្រៀបដូចជា​បេះដូង​ក្រុងប៉ារីស និង​ប្រទេស​បារាំង​ទាំងមូល ដោយ​សម្តេច និង​ពលរដ្ឋ​ខ្មែរ ក៏មាន​អារម្មណ៍​សោកសៅ​ដូចជា​បណ្តា​មិត្ត​របស់​បារាំង​ផងដែរ​។​
 
«​យើងខ្ញុំ មាន​អារម្មណ៍​សោកស្តាយ​ជាពិសេស​ចំពោះ​ព្រឹត្តិការណ៍​នេះ ក៏​ដោយសារតែ​យើង​ដឹងថា សំណង់​វិហារ​នេះ ត្រូវបាន​ចាប់ផ្តើម​ប្រហាក់ប្រហែល​នឹង​ការសាងសង់​ប្រាសាទអង្គរវត្ត​ផងដែរ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ ដោយ​បន្ថែមថា​សំណង់​ទាំងនេះ បានផ្តល់​សារ​ដល់​ពិភពលោក​ជាច្រើន​សតវត្ស​ន៍​ដែល​មិនអាច​លុបបំបាត់បាន​នោះឡើយ​៕
 ​

Tag:
 Notre-Dame de Paris
© រក្សាសិទ្ធិដោយ thmeythmey.com