អន្តរជាតិ
អាមេរិកនិងរុស្ស៊ី ជំទាស់សេចក្ដីព្រាងដំណោះស្រាយជុំវិញវិបត្តិលីប៊ី
× អាមេរិក និងរុស្ស៊ី នៅថ្ងៃទី១៨ ខែមេសា បានជំទាស់សេចក្ដីព្រាងដំណោះស្រាយរបស់អង់គ្លេសដែលទាមទារឲ្យមានបទឈប់បាញ់នៅលីប៊ី។ ស្ថានភាពនៅលីប៊ី បានផុងកាន់តែជ្រៅក្រោយកម្លាំងយោធារបស់ឧត្តមសេនីយ៍ Khalifa Haftar បើកយុទ្ធនាការដណ្ដើមរដ្ឋធានីទ្រីប៉ូលី ដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលរួបរួមជាតិមានអន្តរជាតិទទួលស្គាល់។ ការប៉ះទង្គិចរវាងកម្លាំងយោធាទាំងពីរ ធ្វើឲ្យមានការបារម្ភខ្លាំងពីសហគមន៍អន្តរជាតិ។
ស្របពេលស្ថានការណ៍នៅលីប៊ីមិនទាន់ស្រាកស្រាន្តនោះ មហាអំណាចធំៗបែរជាបន្តទាស់គ្នានៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅវិញ។ នាកិច្ចប្រជុំសម្ងាត់ថ្ងៃទី១៨ ខែមេសា អង់គ្លេសបានស្នើសេចក្ដីព្រាងដំណោះស្រាយមួយដែលទាមទារឲ្យផ្អាកការវាយប្រយុទ្ធរវាងកម្លាំងយោធាជាតិរបស់ឧត្តមសេនីយ៍ Khalifa Haftar និងកម្លាំងម្ខាងទៀតរបស់រដ្ឋាភិបាលរួបរួមជាតិ។ ការប្រយុទ្ធគ្នា ផ្ទុះឡើងក្រោយកម្លាំងយោធារបស់លោក Haftar រុលទៅកៀកទីក្រុងទ្រីប៉ូលី។
ប្រតិបត្តិការសឹករបស់កម្លាំងយោធាមកពីភាគខាងកើតប្រទេសនេះ បានក្លាយជាការគំរាមកំហែងស្ថិរភាពនៅរដ្ឋអាហ្វ្រិកខាងជើងមួយនេះដែលកំពុងផុយស្រួយស្រាប់ផងនោះ។ យ៉ាងណាមិញ សេចក្ដីព្រាងដំណោះស្រាយដែលលើកឡើងដោយអង់គ្លេស ត្រូវបានអាមេរិក និងរុស្ស៊ីជំទាស់ក្រោមហេតុផលរៀងៗខ្លួន។ រុស្ស៊ីប្រឆាំងត្រង់ចំណុចដែលទាមទារឲ្យមានការរិះគន់លោក Haftar ខណៈអាមេរិកចង់បានពេលបន្ថែមដើម្បីសិក្សាលើជម្រើសរបស់ខ្លួន។
តាមពិតទៅ ក្រុងវ៉ាស៊ីនតោន អាចនឹងជជែកជាមួយអេហ្ស៊ីប និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់ពីជំហានដែលត្រូវដើរបន្ទាប់ទៀតសម្រាប់វិបត្តិនេះ។ អេហ្ស៊ីប ត្រូវបានចាត់ទុកជាខ្នងបង្អែករបស់ឧត្តមសេនីយ៍ Haftar ក្នុងជម្លោះនៅលីប៊ី និងបានផ្ដល់គាំទ្រដល់យោធាភាគខាងកើតលីប៊ីមួយនេះក្នុងយុទ្ធនាការបង្ក្រាបក្រុមឥស្លាមជ្រុលនិយមផងដែរ។
ភាពមិនចុងសម្រុងរបស់មហាអំណាចនេះ ផុងកាន់តែជ្រៅស្របពេលដែលចំនួនមនុស្សស្លាប់ក៏កើនឡើងនៅលីប៊ីដែរ។ ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ការវាយប្រយុទ្ធគ្នារវាងកម្លាំងធំៗទាំងពីរនេះដែលផ្ទុះឡើងតាំងពីថ្ងៃទី៤ ខែមេសា មកនោះ បានសម្លាប់មនុស្សច្រើនជាងពីររយនាក់ ខណៈមនុស្សជាងពីរម៉ឺននាក់ទៀត ត្រូវបង្ខំឲ្យចេញពីផ្ទះរបស់ពួកគេ។
ក្រោយកិច្ចប្រជុំបិទទ្វារ តំណាងអាល្លឺម៉ង់ Christoph Heusgen និយាយថា យើងចង់បានដំណោះស្រាយដ៏ខ្លាំងក្លាមួយដែលសមាជិកក្រុមប្រឹក្សាទាំងអស់គាំទ្រ សំដៅកំណត់មុខសញ្ញាទទួលខុសត្រូវរឿងរ៉ាវកំពុងកើតឡើង និងចំណាត់បន្ទាន់ដើម្បីដោះស្រាយ។ លោកប្រាប់អ្នកសារព័ត៌មានថា មិនអាចចេញដំណោះស្រាយបាននៅពេលនេះ ពិតជារឿងខកចិត្តណាស់។ យ៉ាងណាមិញ តំណាងរបស់អង់គ្លេសមិនបោះបង់ការប្រឹងប្រែងរបស់ខ្លួនឡើយ ហើយបន្តរកសំឡេងរួមគ្នាឲ្យបាន៕
Tag:
អាមេរិក
រុស្ស៊ី
លីប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com