កីឡាជាតិ
ជាតិ
លីគកំពូលចាប់ផ្តើមប្រកួតឡើងវិញចុងសប្តាហ៍នេះ ក្រោយផ្អាកមួយសប្តាហ៍ អ្នកគាំទ្ររបស់ក្លិបអង្គរថាយហ្គឺរពេលគាំទ្រក្លិបរបស់ពួកគេកាលពីពេលកន្លងទៅនៅកីឡដ្ឋានខេត្តសៀមរាប
× ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគចាប់ផ្តើមប្រកួតឡើងវិញនៅចុងសប្តាហ៍នេះ ក្រោយផ្អាកមួយសប្តាហ៍ដើម្បីទុកពេលឲ្យកីឡាករតាមបណ្តាក្លិបនីមួយៗចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ មិនខុសពីសប្តាហ៍មុនៗនោះទេ នៅសប្តាហ៍ទី៤នេះមានការប្រកួតចំនួន៧គូ ដែលរៀបចំនៅកីឡដ្ឋានផ្សេងៗគ្នា។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ខណៈកីឡាករតាមក្លិបបាល់ទាត់នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនីមួយៗ ក៏បានចាប់ហ្វឹកហាត់ឡើងវិញផងដែរ។ ការប្រមូលផ្តុំហ្វឹកហាត់យ៉ាងតក់ក្រហល់ក្រោយថ្ងៃបុណ្យចូលឆ្នាំនេះ គឺព្រោះតែពួកគេត្រូវជួយក្លិបរៀងៗខ្លួន ប្រជែងក្នុងពានរង្វាន់លីគកំពូលសប្តាហ៍ទី៤ ដែលត្រូវរៀបចំការប្រកួតឡើងវិញនៅចុងសប្តាហ៍នេះ។
សម្រាប់សប្តាហ៍ទី៤នេះ មានការប្រកួតចំនួន៧គូ ដែលធ្វើឡើងនៅកីឡដ្ឋានផ្សេងៗគ្នា។ នៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩ មានការប្រកួតចំនួន៣គូ ក្នុងនោះនៅម៉ោង៣:៣០នាទីក្រុមអាស៊ីអឺរ៉ុបត្រូវបើកទ្វារកីឡដ្ឋាន AEU Sport Park ស្វាគមន៍ភ្ញៀវមកពីខេត្តតាកែវគីរីវង់សុខសែនជ័យ ខណៈយុវជនអាយុក្រោម១៨ឆ្នាំបាទី តទល់ជាមួយអង្គរថាយហ្គឺរ នាកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី មុនវិសាខាបើកទ្វារកីឡដ្ឋានខ្លួនស្វាគមន៍អគ្គិសនីកម្ពុជានៅម៉ោង៦ល្ងាច។
ដោយឡែកនៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ មានការប្រកួតចំនួន៤គូ ក្នុងនោះនៅម៉ោង៣:៣០នាទីក្រុមកំពង់ចាមបើកទ្វារកីឡដ្ឋានវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន មេមត់ទទួលភ្ញៀវបឹងកេត រីឯអគ្គស្នងការនគរបាលជាតិប្រើកីឡដ្ឋានអគ្គិសនីស្វាគមន៍ក្រសួងការពារជាតិ ខណៈក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបសូលទីឡូអង្គរ តទល់ជាមួយណាហ្គាវើល។ ចំណែកម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងស្វាគមន៍ភ្នំពេញក្រោននៅម៉ោង៦ល្ងាច។
គណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានសម្រេចផ្អាកការប្រកួតលីគកំពូលមួយសប្តាហ៍ ដើម្បីទុកពេលឲ្យកីឡាករតាមបណ្តាក្លិបនីមួយៗទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលទើបបញ្ចប់កាលពីពេលថ្មីៗ៕
Tag:
បាល់ទាត់
Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com