ជាតិ
សង្គមជាតិ
ស្នងការ​ព្រះសីហនុ​៖ ចាប់​៦​នាក់​ទៀត ព្រោះ​យក​ដុំថ្ម​គប់​សមត្ថកិច្ច ពេល​ចុះទៅ​បើកផ្លូវ​
19, Apr 2019 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាពលរដ្ឋ​៦​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩​នេះ​។ លោក ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ អះអាងថា អ្នក​ទាំង​៦​នាក់​នោះ គឺជា​ជនសង្ស័យ ដែល​យក​ដុំថ្ម​គប់​សមត្ថកិច្ច ឲ្យ​រងរបួស​។


 
​លោក ជួន ណា​រិន្ទ រៀបរាប់ថា ប្រជាពលរដ្ឋ បាននាំគ្នា​បិទផ្លូវ​ជាតិ​លេខ​៤​សាជាថ្មី ហើយ​សមត្ថកិច្ច ក៏​ចុះទៅ​សម្របសម្រួល ដើម្បី​សុំ​បើកផ្លូវ​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើងវិញ​។ លោក បន្តថា ខណៈនោះ ស្រាប់តែ​មានការ​គប់​ដុំថ្ម​ទៅលើ​ក្រុម​សមត្ថកិច្ច ដែល​បណ្តាល​ឲ្យ​សមត្ថកិច្ច​៤​នាក់​រងរបួស​ធ្ងន់​និង​២​នាក់​រង​បួស​ស្រាល ព្រមទាំង​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត​៣​គ្រឿង​ថែមទៀត​។  លោក បន្ថែមថា បន្ទាប់ពី​អំពើហិង្សា​កើតឡើង សមត្ថកិច្ច ក៏​ចាប់​ជនសង្ស័យ​ទាំង​៦​នាក់​តែម្តង​។  
 
​សរុប​ទាំងអស់ មាន​ជនសង្ស័យ​៨​នាក់​ហើយ ដែល​ត្រូវបាន​ចាប់ខ្លួន ហើយ​បច្ចុប្បន្ន កំពុងស្ថិត​ក្នុង​ស្នងការ​ខេត្ត​ព្រះសីហនុ​។ ២​នាក់​ទៀត ត្រូវបាន​ឃាត់ខ្លួន​តាំងពី​ថ្ងៃទី​១៨​ខែមេសា ដោយ​រង​ការ​ចោទថា ពួកគេ គឺជា​មេខ្លោង​បំផុសបំផុល​ប្រជាពលរដ្ឋ ឲ្យ​បិទផ្លូវ​។  
 
​លោកស្នងការ បានចាត់ទុក​ការបិទផ្លូវ ដែល​បង្ក​ឲ្យ​កកស្ទះ​ចរាច​រា​រណ៍ និង​រហូតដល់​ប្រើ​អំពើហិង្សា​លើ​សមត្ថកិច្ច​បែបនេះ​ថា ជា​អំពើ​ខុសច្បាប់​។ លោក លើកឡើងថា ប្រជាពលរដ្ឋ អា​ចរក​មេធាវី ដើម្បី​ប្តឹងផ្តល់​រក​យុត្តិធម៌​ចំពោះ​សំណុំរឿង​ដីធ្លី​និង​ការរុះរើ​លំនៅដ្ឋាន​របស់​ពួកគាត់ តែ​ពួកគាត់ មិនត្រូវ​នាំគ្នា​ទៅ​បិទផ្លូវ​នោះទេ​។

លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ បែបនេះ​ថា «​បើ​យើង​ពិនិត្យ​ទៅ ឃើញថា អំពើ​នោះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ ពួកគាត់ ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់ តែបើ​មើលទៅ​ស្រាល យើង​នឹង​អប់រំ​»​។ 
​មកដល់ពេលនេះ សមត្ថកិច្ច បាន​យក​ដើមឈើ​និង​ដុំថ្ម​ទាំងនោះ​ចេញពី​ផ្លូវ និង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើងវិញ​ហើយ​។ 
 
​ប្រជាពលរដ្ឋ នាំគ្នា​បិទផ្លូវ​ម្តង​រួចមកហើយ នៅ​ថ្ងៃទី​១៨ ខែមេសា​។ ពួកគាត់ ខឹង​អាជ្ញាធរ ដែល​ចុះទៅ​រុះរើ​លំ​ដ្ឋា​ន​របស់​ពួកគាត់​ប្រមាណ​ជា​៦០០​ខ្នង ក្នុងភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៨ ខែមេសា​។  
 
​រដ្ឋបាលខេត្ត​ព្រះសីហនុ បកស្រាយ​ថា មូល​ហេតុដែល​អាជ្ញាធរ សម្រេច​រុះរើ គឺ​ដោយសារតែ​លំនៅដ្ឋាន​ទាំងនោះ ត្រូវបាន​សាងសង់​លើដី​របស់​អ្នកដទៃ ដែលមាន​កម្មសិទ្ធិ​ស្របច្បាប់​។ រដ្ឋបាលខេត្ត​ព្រះសីហនុ អះអាងថា កន្លងមក​អាជ្ញាធរ ធ្លាប់​ណែនាំ​ប្រជាពលរដ្ឋ​ទាំង​នោះដែរ ឲ្យ​រុះរើ​លំនៅដ្ឋាន​របស់ខ្លួន​ចេញ តែ​ពួកគាត់ មិន​ព្រម​ធ្វើតាម​៕  
 
 

Tag:
 ព្រះសីហនុ​
  ជម្លោះដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com