ជាតិ
អន្តរជាតិ
វិទ្យាស្ថាន​ទំនាក់ទំនង​យុវជន​អន្តរ​ជាតិចិន ក្វាង​ស៊ី ធ្លាប់​បណ្ដុះបណ្ដាល​យុវជន​កម្ពុ​ជាជាង​៤០០​នាក់​
20, Apr 2019 , 9:59 am        
រូបភាព
​ណាន​នី​ង​-​ចិន​៖ វិទ្យាស្ថាន​ទំនាក់ទំនង​យុវជន​អន្តរ​ជាតិចិន ក្វាង​ស៊ី ជា​ស្ថាប័ន​បណ្ដុះបណ្ដាល​ថ្នាក់​អន្តរជាតិ ដែល​បង្កើត​ដោយ​គណៈកម្មាធិការ​កណ្តា​ល​នៃ​ក្រុមយុវជន​កុ​ម្មុយ​និ​ស្ត​ចិន និង​គណៈកម្មាធិការ​ក្វាង​ស៊ី​។ ក្នុង​រយៈពេល​១៦​ឆ្នាំកន្លងមក វិទ្យាស្ថាន​នេះ បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ដ្រី​យុវជន​អាស៊ាន​ចំនួន​៥២​លើក​រួចមកហើយ ក្នុងនោះ​មាន​យុវជន​កម្ពុ​ជាជាង ៤០០​នាក់​ផងដែរ​។



​យុវជន​កម្ពុ​ជាជាង ៤០០​នាក់ បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ​ពី​វិទ្យាស្ថាន​ទំនាក់ទំនង​យុវជន​អន្តរ​ជាតិចិន​ក្វាង​ស៊ី នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន ក្នុង​រយៈពេល​១៦​ឆ្នាំ​កន្លងមកនេះ​។ លោក Qin Chaojie នាយក​រង​វិទ្យាស្ថាន​ទំនាក់ទំនង​យុវជន​អន្តរ​ជាតិចិន​ក្វាង​ស៊ី បាន​លើកឡើងថា ចាប់តាំងពី​ឆ្នាំ​២០០២​មក យុវជន​ក្នុង​តំបន់​អាស៊ាន​រាប់ពាន់នាក់ បានមក​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​វិទ្យាស្ថាន​នេះ ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​។ 


 
​តាមរយៈ​ការរៀបចំ​កម្មវិធី​វគ្គ​បណ្ដុះបណ្ដាល វិទ្យាស្ថាន​ទំនាក់ទំនង​យុវជន​អន្តរ​ជាតិចិន​ក្វាង​ស៊ី មាន​គោលបំណង​ផ្លាស់ប្ដូរ​ការសិក្សា​រវាង​យុវជន និង​យុវជន ដោយ​បណ្ដុះបណ្ដាល​យុវជន​នៅតាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ទូទាំង​ពិភពលោក​។ លើសពីនេះ វិទ្យាស្ថាន​ចង់​បង្កើន​មិត្តភាព និង​ការជឿទុកចិត្ត​រវាង​យុវជន និង​យុវជន រួមទាំង​ជំរុញ​មិត្តភាព​ប្រទេស​ចិន និង​ពិភពលោក​ផងដែរ​។ 


 
​នាយករង​វិទ្យាស្ថាន​រូបនេះ បន្តថា ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ បាន​ជួយ​បង្កើន​ការយល់ដឹង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន និង​អាស៊ាន​។ សូមបញ្ជាក់ថា ដើម្បី​អនុវត្ត​គម្រោង​វគ្គ​បណ្ដុះបណ្ដាល​ដែល​ផ្ដួចផ្ដើម​ដោយ លោក ស៊ី ជិន​ពីង និង សម្ដេច ហ៊ុន សែន វិទ្យាស្ថាន​នេះ បានទទួល​បន្ទុក​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល​យុវជន​ជា​អ្នកជំនាញ​កសិកម្ម​កម្ពុ​ជា​ចំនួន​២០​រូប កាលពី​ឆ្នាំ​២០១៧​។ បន្ថែម​លើ​នេះ ក្នុង​ឆ្នាំ​២០១៨ វិទ្យាស្ថាន​ក៏បាន​បណ្ដុះបណ្ដាល​យុវជន​កម្ពុជា​ចំនួន​២០​រូប ទាក់ទង​នឹង​សហគ្រិនភាព និង​ឆ្នាំ​២០១៩​នេះ ទាក់ទង​នឹង​បច្ចេកវិទ្យា​ផងដែរ​៕









Tag:
 ចិន​
  ណាន​នី​ង​
  ក្វាង​ស៊ី​
  យុវជន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com