កីឡាអន្តរជាតិ
អន្តរជាតិ
ហូ​ឡង់​ពន្យា​រពេល​ប្រកួត​លី​គ​ដើម្បី​ឲ្យ Ajax សន្សំ​កម្លាំង​ត្រៀម​ជួប Spurs នៅ UCL
19, Apr 2019 , 9:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ហូ​ឡង់ (KNVB) បានអនុញ្ញាត​ឲ្យ Ajax សម្រាក​ពី​ការប្រកួត​លី​គ​ក្នុងស្រុក Eredivisie ដើម្បី​ជួយ​ក្រុម​នេះ​សន្សំ​កម្លាំង​ហ្វឹកហាត់​ប្រជែង​ជាមួយ Tottenham Hotspur ក្នុង​ក្របខណ្ឌ UEFA Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​


 
​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik Ten Hag បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩៦ មក តាមរយៈ​ការទម្លាក់​ក្រុម​យក្ស​អ៊ីតាលី Juventus នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ សម្រាប់​ប្រកួត​ក្នុង​លី​គ​វិញ Ajax ក៏​កំពុង​ឈរ​កំពូល​តារាង Eredivisie មាន​៧៤​ពិន្ទុ​ស្មើ​គូប្រជែង PSV Eindhoven តែ​លើស​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី ពី​ការប្រកួត​៣០​លើក​ផងដែរ​។​
 
Ajax នឹងត្រូវ​ប្រកួត​ក្នុង​លី​គជា​មួយក្រុម De Graafschap នៅ​ថ្ងៃទី​២៨ ខែមេសា ពោលគឺ​មុន​២​ថ្ងៃមុន​ពួកគេ​ធ្វើដំណើរ​ទៅ​ជួប Spurs នៅ​ទឹកដី Tottenham Hotspur សម្រាប់​ជំនួប​ជើង​ទី​១ ប៉ុន្តែ KNVB នឹង​ប្តូរ​កាលវិភាគ​ការប្រកួត​លី​គនេះ​ទៅ​ថ្ងៃ​ផ្សេង​វិញ​។​
 
​មិន​ត្រឹមតែ​ប្តូរ​កាលវិភាគ​ប្រកួតរ​បស់ Ajax ប៉ុណ្ណោះ​ទេ KNVB ក៏​នឹង​ពន្យារពេល​ការប្រកួត​ក្នុង​លី​គ​ទាំងមូល​ដើម្បី​ឲ្យ​មាន​សុក្រឹតភាព​សម្រាប់​ក្រុម​នៅ Eredivisie ទាំងអស់ និង​សម្រួល​ដល់ Ajax ដើម្បី​លេង​នៅ Champions League ជាមួយ Spurs ផង​។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លី​គ​កំពូល​ហូ​ឡង់ រដូវ​កាល​២០១៨-១៩ នេះ នឹងត្រូវ​ពន្យារពេល​ប្រកួត​រហូតដល់​ថ្ងៃទី​១៥ ខែឧសភា​។​
 
​ដោយឡែក Spurs នឹងត្រូវ​ធ្វើការ​ធ្ងន់​មែនទែន​ដោយ​ត្រូវ​លេង​នៅ Premier League រហូតដល់​ទៅ​៣​ប្រកួត​ឯណោះ​មុន​ប៉ះ Ajax ជើង​ទី​១ នៅ​រាត្រី​ថ្ងៃទី​៣០ ខែមេសា​។ ៣​ប្រកួត​ក្នុង​លី​គរ​បស់​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Mauricio Pochettino គឺ​ត្រូវ​តតាំង​ជាមួយ Manchester City ដែល​ពួកគេ​បាន​ទម្លាក់​នៅ​វគ្គ​៨​ក្រុម ព្រមទាំង Brighton & Hove Albion និង West Ham​។​
 
Spurs ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​បណ្តោះអាសន្ន ត្រូវមាន​ភារកិច្ច​សំខាន់​មួយទៀត​ក្នុងការ​ប្រជែង​តំណែង Top 4 ជា​ចាំបាច់​ជាមួយ Arsenal, Manchester United និង Chelsea ដើម្បី​បាន​កៅអី​លេង Champions League រដូវ​កាល​ក្រោយ​៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
  Ajax
© រក្សាសិទ្ធិដោយ thmeythmey.com