ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំង ប្រមូលផ្តុំ​គ្នា​នៅ​កូរ៉េខាងត្បូង ធ្វើ​មហា​បាតុកម្ម​ភ្លើងទៀន​
19, Apr 2019 , 9:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
រូបពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
ដោយ: ថ្មីៗ
​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​កូរ៉េខាងត្បូង បាន​សហការ​ជាមួយ​អង្គការ Asia Human Rights and Peace Forum (AHPF) រៀបចំ​វេទិកា​មួយ ពីថ្ងៃ​ទី​១៩​ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩​។ ស្រប​ជាមួយគ្នានេះ ក្រុម​អ្នកប្រឆាំង នឹងធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ផងដែរ ដែល​ហៅថា​មហា​បាតុកម្ម​ភ្លើងទៀន​។ 


 
​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង រួមទាំង​សហការី​របស់លោក បាន​ទៅដល់​កូរ៉េខាងត្បូង​ហើយ នៅ​ថ្ងៃទី​១៩​ខែមេសា​នេះ​។ អ្នកស្រី មូរ សុខ​ហួរ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា «​លោក​ប្រធាន  សម  រង្ស៊ី  បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កូរ៉េខាងត្បូង​ហើយ ហើយនឹង​បន្ត​មក​ប្រទេស​កំណើត​របស់គាត់ ក្នុងពេល​ឆាប់ៗ​នេះ​។ សូម​បងប្អូន ខ្មែរ​ពិសេស​យុវជន​ត្រៀម​ទទួល​លោក​ប្រធាន  ដើម្បី​សង្គ្រោះ​ប្រទេស​យើង​»​។​
 
​គេ ក៏បាន​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ហ្វាំ​ង​ឡង់ និង ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ក៏​កំពុងមាន​វត្ត​មាននៅ​កូរ៉េខាងត្បូង​ដែរ​។ ចំណែក លោក អ៊ូ ច័ន្ទ​រ័ត្ន និង​លោក ជីវ កត្តា អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ដែល​ទើបនឹង​ទទួលបាន​សិទ្ធិ​នយោបាយ​វិញ ក៏​កំពុង​ស្ថិតនៅ​ទីនោះ​ដែរ​។ ប៉ុន្តែ លោក អ៊ូ ច័ន្ទ​រ័ត្ន អះអាងថា ពួកលោក​ទាំងពីរ ទទួលបាន​ការអញ្ជើញ​ពី​អង្គការ AHPF​។  
 
​គោលបំណង​នៃ​ការរៀបចំ​មហា​បាតុកម្ម​ភ្លើងទៀន​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​។​
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា  ចំអក​ឲ្យ​ថា មហា​បាតុកម្ម​នេះ ស្ថិតនៅក្រោម​ការរៀបចំ​របស់​យុវជន​ប្រឆាំង​តែ​ម្នាក់​-​ពីរ​នាក់ និង មានការ​ចូលរួម​ពី​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ ប៉ុន្តែ ពួកគេ ខំ​បំប៉ោង​ថា មាន​អ្នកចូលរួម មកពី​គ្រប់ទិសទី​នៅលើ​ពិភពលោក​។ លោក បាន​សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម បែបនេះ​ថា «​បើតាម​ការឃោសនា​បំប៉ោង  អាច​នឹង​ផ្អៀង​ប្រទេស​កូរ៉េខាងត្បូង​នេះ​ជាមិនខាន​។  ក៏ប៉ុន្តែ  ការពិត​មាន​មនុស្ស​មកពី​ប្រទេស​នេះ​១​ឬ​២​នាក់  ពី​ប្រទេស​នោះ ១​ឬ​២​នាក់ ដែល​សរុប​ទៅបាន​មួយ​ដំបរ​ស្វា​ប៉ុណ្ណោះ បានសេចក្តីថា មិនបាន​ស្មើនឹង​ប្រជា​ពុទ្ធបរិស័ទ​ទៅ​បុណ្យចូលឆ្នាំ​នៅ​វត្ត​មួយ​ផង​»​។ 
 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បានចាត់ទុក​មហា​បាតុកម្ម​នេះ ថា​គ្មានអ្វី​ក្រៅតែពី​ទៅ​ជួបជុំគ្នា​ជេរប្រមាថ​និង​បរិហាកេរ្តិ៍​សម្អុយ​ជាតិ​សាស​ន៏​ខ្មែរ​ខ្លួនឯង​នោះទេ​។ លោក ព្រមាន​យ៉ាង​ដូច្នេះ​ថា «​ដោយសារ​មាន​ចរិត​ប្រមាថ​ជាតិ​សាស​ន៏​ឯង​យ៉ាង​នេះហើយ  គង់​មាន​ថ្ងៃ​ណាមួយ​ពួក​ទាំងនេះ នឹង​ឈប់​បានទទួល​ទិដ្ឋាការ​ឲ្យ​នៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ពេលនោះ​នឹង​ឃើញ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ជាមិនខាន​។ នៅពេលនោះ  ទុក​ឲ្យ​ពួក​ឧទ្ទាម​ខ្មែរ​ក្បត់ជាតិ​រត់ចោលស្រុក​ម​ក​ជួយ​ចុះ  កុំ​ស្រែក​ដង្ហោយ​រក​ជំនួយ​ពី​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​អី​»​។ 
 
​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៨ គណបក្សប្រឆាំង​ប្រចាំ​នៅ​កូរ៉េខាងត្បូង បានធ្វើ​មហា​បាតុកម្ម​ភ្លើងទៀន​នេះ​ម្តង​រួម​ក​ហើយ ដើម្បី​ប្រឆាំងនឹង​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​អវត្តមាន​គណបក្ស​ប្រឆាំង​របស់​ពួកគេ​៕ 
 

Tag:
 CNRP
  បាតុកម្ម​ភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com