កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk សារភាពថាខ្លួនម្នាក់ឯងពិបាកបិទ Messi ណាស់
× Virgil van Dijk ខ្សែការពារឆ្នើម Liverpool សារភាពថាខ្លួនមិនអាចបិទ Lionel Messi តែម្នាក់ឯងជាប់នោះទេ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Barcelona។
Van Dijk កំពុងស្ថិតក្នុងបញ្ជីបេក្ខភាពដណ្តើមពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់អង់គ្លេសដោយសារទម្រង់ការពារដ៏អស្ចាររបស់គេសម្រាប់ Liverpool ចាប់តាំងពីក្លាយជាខ្សែការពារថ្លៃបំផុតលើលោកក្រោយផ្លាស់ពី Southampton ក្នុងតម្លៃ ៩៨លានដុល្លារអាមេរិក កាលពីខែមករា ឆ្នាំមុន។
បើទោះយ៉ាងនេះក្តី ខ្សែការពារសញ្ចាតិហូឡង់ វ័យ២៧ឆ្នាំរូបនេះជឿជាក់ថាការខិតខំប្រឹងប្រែងរួមគ្នាដើម្បីបញ្ឈប់កីឡាករឆ្នើមដូចជា Messi ដែលស៊ុតបញ្ចូលទី ៤៥ គ្រាប់រដូវកាលនេះគឺជារឿងចាំបាច់បំផុត។ Messi បានជួយ Barca ទម្លាក់ Manchester United ដើម្បីឈានដល់វគ្គ ៤ក្រុមចុងក្រោយនេះ។
«ខ្ញុំគិតថា Messi ជាកីឡាករល្អបំផុតលើលោក។ ជំនួប Liverpool និង Barca នឹងក្លាយជាការប្រកួតដ៏អស្ចារ្យមួយសម្រាប់យើងទាំងអស់គ្នា។ យើងនិយាយពីការធ្វើអ្វីមួយរួមគ្នា ព្រោះនេះមិនមែនការប្រឈមមុខគ្នារវាងខ្ញុំ និង Messi នោះទេ។ នេះជាការលើកឡើងរបស់ Van Dijk ដែលរកបាន១គ្រាប់ឲ្យហង្សក្រហមក្នុងជ័យជម្នះ ៤-១ លើក្រុម FC Porto នាការប្រកួតជើងទី២។
ដើម្បីពង្រឹងតំបន់ការពាររបស់ Liverpool ក្នុងការតទល់ជាមួយក្រុមយក្សអេស្ប៉ាញ នៅវគ្គ១/២ផ្តាច់ព្រ័ត្រនេះ Van Dijk ជឿជាក់ថាការវិលត្រលប់របស់ខ្សែការពារ Joe Gomez នឹងបង្កើតភាពជាដៃគូដ៏ល្អដើម្បីនាំក្រុមលោក Jurken Klopp ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រជាថ្មីម្តងទៀត៕
Tag:
បាល់ទាត់
UEFA Champions League
Virgil van Dijk
© រក្សាសិទ្ធិដោយ thmeythmey.com