ជាតិ
សិល្បះ
អាមេរិក​អញ្ជើញ​សិល្បករ​ខ្មែរ​១០​រូប សម្រាប់​ទស្សនកិច្ច​សិក្សា​ពី​វិស័យ​តន្ត្រី និង​កម្មសិទ្ធិបញ្ញា​
20, Apr 2019 , 11:38 am        
រូបភាព
សិល្បករទាំង១០រូបថតរូបអនុស្សាវរីយ៍ជាមួយមន្ត្រីស្ថានទូតអាមេរិក​ប្រចាំកម្ពុជា។ ថតដោយ អ៊ូ សុខមាន
សិល្បករទាំង១០រូបថតរូបអនុស្សាវរីយ៍ជាមួយមន្ត្រីស្ថានទូតអាមេរិក​ប្រចាំកម្ពុជា។ ថតដោយ អ៊ូ សុខមាន
​ភ្នំពេញ​៖   តន្ត្រីករ តារាចម្រៀង និង​អ្នកជំនាញ​សិល្បៈ​ឯករាជ្យ​វ័យក្មេង​១០​រូប នឹងធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក ដើម្បី​សិក្សា​ស្វែងយល់​ពី​វិស័យ​តន្ត្រី និង​ការការពារ​កម្មសិទ្ធិបញ្ញា​ចាប់ពី​ថ្ងៃទី​២៧​មេសា ដល់​ថ្ងៃទី​៨​ឧសភា ឆ្នាំ​២០១៩​។  ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល​១០​ថ្ងៃនេះ ធ្វើឡើង​ក្រោម​កម្មវិធី​ទស្សនកិច្ច​ភាពជា​អ្នកដឹកនាំ​អន្តរជាតិ (IVLP On-Demand) ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។

 
​ក្នុង​ស​ន្នី​សីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៩​មេសា នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ កញ្ញា Linnette Franco មន្ត្រី​ទទួលបន្ទុក​កិច្ចការ​វប្បធម៌​របស់​ស្ថានទូត​អាមេរិក បាន​និយាយថា ការ​ទៅ​សិក្សា​របស់​សិល្ប​ករទាំង​១០​រូប នេះ គឺ​ស្ថិតនៅក្រោម​ប្រធានបទ «​ការកសាង​ឡើងវិញ​នូវ​ឧស្សាហកម្ម​ធុរកិច្ច​ត​ន្រី្ត​កម្ពុជា​» ដែល​ប​ញ្ជូ​ល​នូវ​ការបណ្តុះបណ្តាល​លើ​ផ្នែក​ការពារ​កម្ម​សិទ្ធ​បញ្ញា  និង​រក្សា​សិទ្ធិ​បែប​នៃ​ការកំណត់​តម្លៃ​និង​របៀប​ដើម្បី​លក់​តន្ត្រី  ការរក​ទីផ្សារ​សម្រាប់​លក់​តន្ត្រី និង​បញ្ហា​ទាក់ទង​នឹង​ស្លាក​យីហោ​។ លើសពីនេះ ដំណើរ​ទស្សនកិច្ច​នេះ ក៏បានផ្តល់​ឱកាស​ដល់​សិល្បករ​ទាំងនេះ​ឱ្យ​យល់​កាន់តែច្រើន​ពី​វិធី​កសាង និង​ការរៀបចំ​ទម្រង់​នៃ​ឧស្សាហកម្ម​តន្ត្រី​។​


 
​កញ្ញា Linnette Franco មានជំនឿថា​៖«​យើង​ជឿជាក់ថា​សិល្ប​ករទាំង​១០​រូបនេះ នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ ជាមួយនឹង​ការត្រៀមខ្លួន​យ៉ាង​ល្អ ក្នុងការ​ដឹកនាំ​វិស័យ​សិល្បៈ​របស់គេ​ឱ្យ​ឈាន​ឡើងទៅ​ដល់ក​ម្រិ​យ​មួយទៀត ហើយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សារសំខាន់​នៃ​ការការពារ​កម្មសិទ្ធិបញ្ញា​។  ដូច្នេះ​គម្រោង​នេះ​ក៏​នឹង​ជួយ ដល់​ការខិតខំ​របស់​ក្រុមហ៊ុន​ទាំងឡាយ​របស់​អាមេរិក នៅក្នុង​ការការពារ​ក​ម្ម​សិទ្ធិ​បញ្ញា​នៅ​កម្ពុជា​ដោយ​បង្កើតឱ្យមាន​កិច្ចពិភាក្សា​យ៉ាង​ទូលំទូលាយ​មួយ​ស្តីពី​ការការពារ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​»​។ 


 
​លោក អ៊ូ សុជាតិ មន្ត្រី​ឯកទេស​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក និង​ជា​អ្នករៀបចំ​កម្មវិធី IVLP បាន​និយាយថា ដំណើរ​សិក្សា​និង​ទស្សនកិច្ច​របស់​សិល្បក​រ​ខ្មែរ​ឯករាជ្យ​ទាំង​១០​រូបនេះ គឺជា​លើកដំបូង​ហើយ​ដែល​ស្ថានទូត​អាមេរិក​ផ្តល់ឱកាស​ដល់​ពួកគាត់​។ ការចំណាយ​ទាំងឡាយ​ក្នុង​ដំណើរ​សិក្សា​នេះ ស្ថានទូត​អាមេរិក​ជា​អ្នកចំណាយ​ទាំងស្រុង លើកលែងតែ​សំបុត្រ​យន្តហោះ​ធ្វើដំណើរ​ទៅ​មកពី​កម្ពុជា​ទៅ​អាមេរិក​។ 
 
​តន្ត្រីករ និង​តារាចម្រៀង​ទាំង​១០​រូប​ដែល​ទៅ​ចូលរួម​ក្នុង​កម្មវិធី IVLP On-Demand នោះ​រួមមាន កញ្ញា Adda Angel, កញ្ញា ចិត្ត ក​ញ្ច​នា​, កញ្ញា រិទ្ធី លំអរ​ពេជ្រ​, លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ​, លោក ជុង សៀវ​ភី​ន​,​លោក អ៊ួ​ង សូរិយា​, លោក សុខា បញ្ញា​, លោក វណ្ណ ចេស្តា​, លោក ម៉ា ច័ន្ទ​បញ្ញា និង​លោក រៀម សុខ ភី​រម្យ​។​


 
​សិល្ប​ករទាំង​១០​រូប នឹង​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​ត្រូវ​ជួប​ជាមួយ​មន្ត្រី​ក្រសួងការបរទេស​អាមេរិក និង​ក្រុមការងារ​គម្រោង FHI 360 ដើម្បី​ស្វែងយល់​ពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​សហព័ន្ធ និង​តួនាទី​របស់​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ការការពារ​កម្មសិទ្ធិ​បញ្ញា​។​
 
​បន្ទាប់មក ពួកគាត់​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ក្រុង Austin រដ្ឋ​តិច​សាស់ ដើម្បី​រៀនសូត្រ​ពី​ការ​ប្រឈម និង​ឱកាស​ក្នុងការ​ពង្រឹង​ឧស្សាហកម្ម​តន្ត្រី​របស់​ស​ហគ​មន៍​តន្ត្រី​ល្បីល្បាញ ដូចជា Mosaic Sound Collective (MSC), House of Songs, Orb Recording Studios, South by Southwest (SXSW) និង​មជ្ឈមណ្ឌល​ឧ​ស្សហកម្ម​តន្ត្រី​នៅ​ក្រុង Austin (City of Austin, Music and Entertainment Division)​។​
 
​រីឯ​នៅ​ក្រុង Los Angeles រដ្ឋកា​លី​ហ្វ​នីញ៉ា សិល្បករ​ខ្មែរ​ទាំង​១០​រូប នឹង​មានឱកាស​ស្វែងយល់​បន្ថែម​ពី​ជំនួញ​ឧ​ស្សហកម្ម​តន្ត្រី និង​ការគ្រប់គ្រង​ស្ទូ​ត​ឌី​យ៉ោ របស់​សាលា​ជំនាញ សហគ្រាស និង​សហគមន៍​តន្ត្រី​ធំៗ ដូចជា សាលា​តន្ត្រី Herb Alpert នៃ​សាកល​វិទ្យាកា​លី​ហ្វ​នីញ៉ា (UCLA) ក្រុម​តន្ត្រី Ozomatli ក្រុមហ៊ុន​តន្ត្រី​ដ៏​ធំ​លើ​លោក Universal Music Group (UMG) សាលា​តន្ត្រី Los Angeles Recording School និង​មជ្ឈមណ្ឌល Guitar Center ជាដើម​។​
 
​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក កម្មវិធី​IVLP របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា  បាន​បញ្ជូន​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល អ្នកនយោបាយ អ្នកធ្វើ​ការតស៊ូ​មតិ​មកពី​អង្គការ​សង្គម​ស៊ីវិល ស្ត្រី​ក្នុង​វិស័យ​សហគ្រិន និង​អ្នកសារព័ត៌មាន សរុប​៣២៥​នាក់​រួចមកហើយ​៕ 

Tag:
 ​ជាតិ​
  សង្គម​
  សិល្បៈ​
  កម្មសិទ្ធិបញ្ញា​
  តន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com