អន្តរជាតិ
លោក ក្វៃដូ ប្រកាសធ្វើបាតុកម្មធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដើម្បីទម្លាក់លោក ម៉ាឌុយរ៉ូ
× មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ នៅថ្ងៃទី១៩ ខែមេសា បានអំពាវនាវឲ្យប្រជាជនប្រមូលផ្ដុំគ្នាដើម្បីធ្វើបាតុកម្មធំសម្បើមមួយនៅខែឧសភា សំដៅទាមទារឲ្យលោក នីកូឡាស់ ម៉ាឌុយរ៉ូ ចុះចេញពីតំណែង។ លោក ក្វៃដូ ដែលតាំងខ្លួនជាប្រធានាធិបតីវ៉េណេស៊ុយអេឡាដែរនោះ បានប្រឹងប្រែងរកផ្លូវគ្រប់ច្រកល្ហកដើម្បីបញ្ចប់អំណាចលោក ម៉ាឌុយរ៉ូ ដែលលោកថា កំពុងកាន់អំណាចខុសច្បាប់ ប៉ុន្តែលោក ម៉ាឌុយរ៉ូ ហាក់មិនរង្គើអ្វីសោះ។
ប្រកាសខ្លួនជាប្រធានាធិបតីបណ្ដោះអាសន្នតាំងពីថ្ងៃទី២៣ ខែមករាមក លោក ហ័ន ក្វៃដូ នៅតែមិនទាន់អាចធ្វើអ្វីលោក នីកូឡាស់ ម៉ាឌុយរ៉ូ បានដដែល។ ទោះមានប្រទេសច្រើនជាង៥០គាំទ្ររាប់ទាំងតអាមេរិកផងនោះក្ដី មេដឹកនាំប្រឆាំងរូបនេះ ហាក់ពិបាកនឹងគាស់រំលើងអំណាចរបស់គូប្រជែងរបស់ខ្លួន ដែលនៅតែទទួលបានការគាំទ្រពីប្រទេសជាច្រើនលើឆាកអន្តរជាតិ និងពីសំណាក់ក្រុមយោធាក្នុងស្រុកទៅទៀត។
ជាញឹកញយ ប្រធានរដ្ឋសភាវ័យក្មេងរូបនេះ បានស្នើឲ្យប្រជាជនធ្វើបាតុកម្មដើម្បីបង្ខំឲ្យលោក ម៉ាឌុយរ៉ូ ចុះចេញពីតំណែង។ នៅថ្ងៃទី១៩ ខែមេសា លោក ក្វៃដូ ក៏អំពាវនាវជាថ្មីទៀតឲ្យប្រជាជនវ៉េណេស៊ុយអេឡាធ្វើបាតុកម្មធំមិនធ្លាប់ក្នុងប្រវត្តិសាស្ត្រដើម្បីដាក់សម្ពាធកាន់តែខ្លាំងថែមទៀតលើរបបដឹកនាំក្រុងការ៉ាកាស់។ គម្រោងនៃការធ្វើបាតុកម្មទ្រង់ទ្រាយនេះ នឹងរៀបចំនៅថ្ងៃទី១ ខែឧសភាដើម្បីបញ្ចប់នូវអ្វីដែលលោក ក្វៃដូ ហៅថា ការដណ្ដើមអំណាចរបស់លោក ម៉ាឌុយរ៉ូ ។
លោក ក្វៃដូ ចាត់ទុកលោក ម៉ាឌុយរ៉ូ ជាអ្នកដណ្ដើមអំណាចព្រោះតែការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៨ ធ្វើឡើងពោរពេញដោយភាពមិនប្រក្រតី ហើយគ្មានបក្សប្រឆាំងចូលរួមផង។ ជាលទ្ធផល លោក ម៉ាឌុយរ៉ូ ក៏ឈ្នះឆ្នោតដោយស្រួល។
វិបត្តនយោបាយក្នុងស្រុក បានប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនយ៉ាងខ្លាំង ខណៈវិបត្តិមនុស្សធម៌ក៏ផ្ទុះឡើងកាន់តែខ្លាំងរហូតបង្ខំឲ្យប្រជាជនវ៉េណេស៊ុយអេឡារាប់លាននាក់ត្រូវរត់ចោលផ្ទះទៅកាន់ប្រទេសជិតខាងដូចជាកូឡុំប៊ីជាដើម។ លោក ក្វៃដូ ក៏ឆ្លៀតយកបញ្ហានេះដើម្បីដាក់សម្ពាធលើលោក ម៉ាឌុយរ៉ូ និងទាមទារឲ្យរដ្ឋាភិបាលបើកច្រកទទួលជំនួយដែលលោក ក្វៃដូ សុំបានពីបរទេស។ ប៉ុន្តែយោធាវ៉េណេស៊ុយអេឡាទទួលបានបញ្ជាបិទព្រំដែនទៅវិញ។
តាមពិតទៅ លោក ម៉ាឌុយរ៉ូ បារម្ភថា ការផ្ដល់ជំនួយមនុស្សធម៌ដែលភាគច្រើនជារបស់អាមេរិក ជាការបើកផ្លូវឈ្លានពានវ៉េណេស៊ុយអេឡាពីសំណាក់អាមេរិកផ្ទាល់។ ទោះជាយ៉ាងណា ក្នុងសប្ដាហ៍នេះ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានបើកផ្លូវឲ្យកាកបាទក្រហមអន្តរជាតិដឹកជញ្ជូនជំនួយថ្នាំពេទ្យដើម្បីផ្គត់ផ្គង់តម្រូវការតាមមន្ទីរពេទ្យនានា។ អង្គការសហប្រជាជាតិប៉ាន់ស្មានថា ប្រជាជនវ៉េណេស៊ុយអេឡាប្រមាណ៣០លាននាក់ ត្រូវការជំនួយបន្ទាន់៕
Tag:
វ៉េណេស៊ុយអេឡា
ហ័ន ក្វៃដូ
នីកូឡាស់ ម៉ាឌុយរ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com