កីឡាជាតិ
ជាតិ
ក្រោយ​ចូលឆ្នាំ ខេមបូឌានលីគមាន​បី​គូ​បើកឆាក​សប្តាហ៍​ទី​៤ នា​ថ្ងៃ​សៅរ៍​នេះ​
20, Apr 2019 , 1:27 pm        
រូបភាព
សៀង ចន្ធា នៅតែជាកម្លាំងសំខាន់ដែលព្យាយាមស្វែងរកជ័យជម្នះលើកដំបូង​សម្រាប់យុវជនបាទី។ រូបថត CNCC
សៀង ចន្ធា នៅតែជាកម្លាំងសំខាន់ដែលព្យាយាមស្វែងរកជ័យជម្នះលើកដំបូង​សម្រាប់យុវជនបាទី។ រូបថត CNCC
ដោយ: រួបរួម
ជំនួប​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឈានដល់​សប្តាហ៍​ទី​៤​នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែមេសា នេះ ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។ កីឡដ្ឋាន អេ​អ៊ី​យូ ស្ព​ត​ផាក​របស់ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ត្រូវ​ស្វាគមន៍​ភ្ញៀវ​គិរីវង់​សុខ​សែន​ជ័យ នា​វេលា​ម៉ោង​៣ និង​៣០​នាទី ស្រប​ពេលដែល​អង្គរ​ថា​យ​ហ្គឺ​រ ទៅលេង​នៅ​ទឹកដី​របស់​យុវជន​បាទី ក្នុង​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ​។ នៅ​ម៉ោង​៦​ល្ងាច វិសាខា បើក​កីឡដ្ឋាន​របស់ខ្លួន ទទួល​អគ្គិសនី​កម្ពុជា​។​



​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត vs គិរីវង់​សុខ​សែន​ជ័យ ម៉ោង​៣​និង​៣០​នាទី​

​អាស៊ី​អឺរ៉ុប រំពឹង​ការ​មានប្រៀប​ក្នុង​ដី ដើម្បី​ដណ្តើមយក​៣​ពិន្ទុ​បន្ថែមទៀត​លើ​ក្រុម​ភ្ញៀវ​គិរីវង់​សុខ​សែន​ជ័យ​។ ក្រោយ​ចាញ់​ជាប់ៗ​គ្នា​នៅ​ពីរ​សប្តាហ៍​ដំបូង អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ២-១ កាលពី​សប្តាហ៍​ទី​៣​។​

​ចំណែក​គិរីវង់​សុខ​សែន​ជ័យ ពួកគេ​បាន​រង​បរាជ័យ​ពី​លើកចុងក្រោយ​ក្នុងជំនួប​ជាមួយ​វិសាខា និង​ព្រះខ័ន​រាជ​ស្វាយរៀង បន្ទាប់ពី​បើកឆាក​ជាមួយនឹង​ជ័យ​លើ​ក្រុមយុវជន​បាទី​។ ខណៈដែល​អាស៊ី​អឺរ៉ុប មាន​ខ្សែបម្រើ​ជើងចាស់ ឈឹម សំបូរ ដែលជា​កម្លាំង​សំខាន់ គិរីវង់​សុខ​សែន​ជ័យ មានជំនឿថា ខ្សែប្រយុទ្ធ​ម៉ាលី Souleymane Coulibaly អាចមាន​លទ្ធភាព​រក​គ្រាប់​បន្ថែមទៀត ក្រោយ​សម្រេចបាន Hat-trick មុនគេ​នៅ​សប្តាហ៍​ទី​១​។​

​យុវជន​បាទី vs អង្គ​រថា​យ​ហ្គឺ​រ ម៉ោង​៣ និង​៣០​នាទី​

​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ដែល​ប្រមូលផ្តុំ​ដោយ​យុវជន​ថ្នាល​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ មិនទាន់​ឈ្នះ​មួយ​ប្រកួត​ណា​ឡើយ ដោយបាន​ចាញ់ គិរីវង់​សុខ​សែន​ជ័យ ភ្នំពេញ​ក្រោ​ន និង​អគ្គិសនី​កម្ពុជា ជា​បន្តបន្ទាប់​។ សៀង ច​ន្ធា ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​ក្នុងចំណោម​៣​ប្រកួត​។​

​វា​នឹង​ក្លាយជា​ជំនួប​ដ៏​តឹងតែង​មួយ​បន្ថែមទៀត​របស់​ក្រុមយុវជន​ដែលមាន​តែ​កីឡាករ​ខ្មែរ​សុទ្ធសាធ ដោយ​ក្រុម​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ កំពុង​ក្លាយជា​ក្រុម​ដែល​ទទួល​នូវ​ចាប់អារម្មណ៍​ខ្លាំង​។ អង្គ​រថា​យ​ហ្គឺ​រ មិនទាន់​ស្គាល់​បរាជ័យ​ឡើយ ដោយ​ស្មើ​ក្រុម​ខ្លាំង​ក្រសួងការពារជាតិ និង​បឹងកេត​ក្នុង​លទ្ធផល ១-១ ដូចគ្នា ហើយ​ឈ្នះ​ក្រុម​ចំណូល​ថ្មី​ខេត្តកំពង់ចាម ដល់​ទៅ​១១-០​។ ក្រៅពី​កីឡាករ​បរទេស​នៅ​តំបន់​ប្រយុទ្ធ ខ្សែបម្រើ ពៅ ភា​រិ​ទ្ធ អាចមាន​ឱកាស​សម្រេច​ទី​គ្រប់ពេល តាមរយៈ​ការ​ស៊ុត​ពី​ចម្ងាយ​។​

​វិសាខា ជួប អគ្គិសនី​កម្ពុជា នៅ​ម៉ោង​៦​ល្ងាច​

​វិសាខា នឹង​ឡើងទៅ​ឈរលើ​កំពូល​តារាង​ជា​បណ្តោះអាសន្ន ប្រសិនបើ​ពួកគេ​ដណ្តើមបាន​៣​ពិន្ទុ​ពី​ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុជា ខណៈដែល​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រសួងការពារជាតិ មិនទាន់មាន​ការប្រកួត​។ វិសាខា ស្ថិតក្នុង​ចំណោម​៤​ក្រុម​ដែល​មិនទាន់​ស្គាល់​ចាញ់​។ ក្រោយ​ស្មើ​សូល​ទី​ឡូ​អង្គរ ០-០ វិសាខា​បាន​យកឈ្នះ គិរីវង់​សុខ​សែន​ជ័យ ២-០ និង​ភ្នំពេញ​ក្រោ​ន ៣-១​។ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល  Eliel da Cruz Guardiano ជា​ចំណែក​យ៉ាងសំខាន់​ដែល​រកបាន​ជ័យជម្នះ​២​ប្រកួត​ចុងក្រោយ​។​

​ចំណែកឯ​អគ្គិសនី​កម្ពុជា ពួកគេ​បាន​លុបលាង​ការខកចិត្ត ក្រោយ​ចាញ់​ខេត្តកំពង់ចាម ១-០ នៅ​សប្តាហ៍​ដំបូង ហើយ​បាន​យកឈ្នះ បឹងកេត ១-០ និង​យុវជន​បាទី ២-០ ។ ទោះ​មិនមាន​កីឡាករ​បរទេស ប៉ុន្តែ កែ វណ្ណៈ និង​សៀន សុភ​ក្ត្រា បង្ហាញ​ឲ្យ​ឃើញថា ខ្មែរ​អាចធ្វើ​បាន​ក្នុងការ​ដណ្តើម​យកជ័យ​ជម្នះ​៕


Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com