កីឡាជាតិ
ជាតិ
លោក ជា រិ​ទ្ធ ពី​អនុបណ្ឌិត​អក្សរសាស្ត្រ​អង់គ្លេស​ទៅជា​គ្រូបង្វឹក​ប្រដាល់​ដ៏​ល្បី​
20, Apr 2019 , 7:59 pm        
រូបភាព
(រាប់ពីឆ្វេង) លោកគ្រូ ជា រិ​ទ្ធ និងកីឡាករ គង់ សំបូរ
(រាប់ពីឆ្វេង) លោកគ្រូ ជា រិ​ទ្ធ និងកីឡាករ គង់ សំបូរ
​លោក ជា រិ​ទ្ធ ដែលជា​គ្រូបង្វឹក​ប្រចាំ​ក្លិប​អាណាចក្រ​ប្រយុទ្ធ​នា​ទឹកដី​ក្រុង​សៀមរាប​ពេល ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​អង់គ្លេស​ដែល​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាកលវិទ្យាល័យ ន័​រ​តុ​ន មុន​ក្លាយជា​គ្រូបង្វឹក​ប្រដាល់​ដ៏​មានឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​។



​ពេលនេះ​លោក​មាន កូនសិស្ស​លេចធ្លោ​មួយចំនួន​ដូចជា គង់ សំបូរ​, ឫទ្ធ សាស្ត្រា​វុ​ធ និង ឆោម ប៊ុនឡុង ជាដើម​។ គង់ សំបូរ បាន​ឡើង​ប្រកួត​លើស​ង្វៀន One Championship ម្ដង និង ឡើង​ប្រកួត​ញឹកញាប់​នៅតាម​សង្វៀន​ទូរទស្សន៍​នានា​។ 
 
​ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ សំបូរ បាន​យកឈ្នះ ពុ​យ វណ្ណៈ ដោយ​ពិន្ទុ​ដើម្បី​ឈ្នះ​ពាន និង ប្រាក់រង្វាន់ ៤០០ ដុល្លារ​អាមេរិក​នៅ​ខេត្តព្រៃវែង​។ រីឯ អ្នក​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ថ្មីៗ​នេះ​ម្នាក់ទៀត​គឺ ឫទ្ធ សាស្ត្រា​វុ​ធ ដែល​ទើប​ឈ្នះ សឿន ថៃ​សាន្ត ក្នុង​កម្មវិធី​ប្រដាល់​ចូលឆ្នាំ​ប្រពៃណីជាតិ​ថ្មី​ដូចគ្នា​។ ចំណែក ឆោម ប៊ុនឡុង ក៏​ទស្សនិកជន​ចាប់ផ្ដើម​ស្គាល់​ជាច្រើន​ដែរ តាមរយៈ ការ​ឈ្នះ ឡុង ណង​សៅ និង ឈ្នះ​ការប្រកួត​ជាច្រើន​ទៀត​តាម​សង្វៀន​ទូរទស្សន៍​។
​មូលហេតុ​នាំ​ឲ្យ​លោក​ក្លាយជា​គ្រូបង្វឹក​ព្រោះតែ​រូបលោក​ក៏​ជា​អតីត​កីឡាករ​ប្រដាល់​នា​ទសវត្សរ៍​៩០ ដែល​រូបលោក​ធ្លាប់ ប្រកួត​ទល់នឹង នួន បូរ៉ា និង គឹម ចាន់​ធឿន ជាដើម​។ លោក​នៅចាំ​បាន​ថា លោក​ឡើង​ប្រកួត​លើ​រេញ​ផ្លូវការ​បាន​ចំនួន ៤ ដង ជាពិសេស​ការប្រកួត​ពា​ន​រង្វាន់​សម្ដេច​ហ៊ុន សែន ឆ្នាំ ១៩៩៧​។ ប៉ុន្តែ បើ​គិត​អំពី​ការឡើង​ប្រកួត​ក្នុង​កម្មវិធី​បុណ្យ​នានា សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​រូបនេះ ធ្លាប់​ឡើង​សង្វៀន​បាន​ជាង ២០ ដង​ដែរ​ដើម្បី​យក​កម្រៃ​ទៅ​ចាយវាយ​ក្នុងការ​សិក្សា​។ 
 
​គ្រូបង្វឹក​វ័យ ៣៧ ឆ្នាំ​បញ្ជាក់​ហេតុផល​ចូលមក​ប្រឡូក​ក្នុង​វិស័យ​គុន​ខ្មែរ​បែបនេះ ៖« ពីមុន​ខ្ញុំ​ហ្វឹកហាត់​ប្រដាល់​ជាមួយ​ជីតា​របស់ខ្ញុំ​ឈ្មោះ សេត នៅ​ខេត្តកណ្ដាល ហើយ បន្ទាប់មក​ក៏​បន្ត​មក​ហាត់​ជាមួយ​លោក គ្រូ ទឹម ម៉ៃ​ទី នៅ​ខេត្តកណ្ដាល​ដដែល​ពេល​រៀន​នៅ​អនុវិទ្យាល័យ​និង​បាន​ឡើង​ប្រកួត​ខ្លួះៗ​។ ពេល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ និង ត្រៀមប្រលង​បាក់​ឌុប ខ្ញុំ​ក៏​ផ្អាក​មួយរយៈ​។

ពេល​ចប់​បាក់​ឌុប ខ្ញុំ​ជាប់​រៀន​ជំនាញ​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៅ សាកលវិទ្យាល័យ​បៀ​ល​ប្រាយ រហូតដល់​ឆ្នាំ ២០០៧ ថ្នាក់​បរិញ្ញាបត្រ មុន​បន្ត​យក​អនុបណ្ឌិត​លើ​ជំនាញ​ដដែល​នៅ ន័​រ​តុ​ន ក្នុង​ពីរ​ឆ្នាំ​បន្ទាប់​។ អំឡុងពេល​សិក្សា​នៅ សាកល ខ្ញុំ​បាន​ផ្អាក​ប្រដាល់​ព្រោះ​យក​ពេល​សិក្សា​។​» 
 
​លោក​រំលឹក​ទៀតថា អំឡុងពេល​សិក្សា​នៅ​សាកលវិទ្យាល័យ គ្រូបង្វឹក​មានស្រុក​កំណើត​នៅ​ខេត្តកណ្ដាល​ទទួលបាន​ថ្នាក់​បង្រៀន​ជា​ហូរហែ​នៅ​សាល​វិទ្យាល័យ​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ និង ឡើងដល់​ថ្នាក់​បង្រៀន​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ទៀតផង​។ បន្ទាប់មក​លោក​ក៏បាន​ឡើង​ចុះទៅ​បង្រៀន​នៅ​សាកលវិទ្យាល័យ​មួយចំនួន​នា​ទឹកដី​អង្គរ និង បង្កើត​ក្រុមគ្រួសារ​រស់នៅ​ទីនោះ​ដល់​បច្ចុប្បន្ន​។ ជា​គ្រូបង្វឹក​ប្រដាល់​ផង លោក​ក៏មាន​ថ្នាក់​បង្រៀន​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​ខ្លះ​នៅ​សាកលវិទ្យាល័យ​នានា​នៅ​ទឹកដី​ខេត្តសៀមរាប​បច្ចុប្បន្ន​។ 
 
​ដោយ​ក្ដី​ស្រលាញ់​វិស័យ​ក្បាច់គុន ហើយ ធ្លាប់​ហាត់គុន​ខ្មែរ តេ​ក្វាន់​ដូ និង វូ​ស៊ូ គួបផ្សំ​នឹង​ការស្រាវជ្រាវ​ក្បាច់គុន​ជាច្រើន​ផង​នោះ កូនសិស្សលោក​ទឹម ម៉ៃ​ទី ក៏​សម្រេច​បើក​ក្លិប​ប្រដាល់ គុហា​ព្រហ្ម​ជ័យ នៅ​ខេត្តសៀមរាប ដែលមាន​កូនសិស្ស ៤ ទៅ ៥ នាក់ តាំងពី​ឆ្នាំ ២០១៣ មុនពេល​ទទួលបាន​សេចក្ដីទុកចិត្ត​ឲ្យ​ចូល​បង្ហាត់​នៅ​ក្លិប​ប្រដាល់​អាណាចក្រ​ប្រយុទ្ធ​ជាង ១ ឆ្នាំ​មកនេះ​៕ 
 
​អត្ថបទ​៖ ស៊ី​ធី  
 

© រក្សាសិទ្ធិដោយ thmeythmey.com