ជាតិ
ភូមិចំនួន៥របស់សង្កាត់ទឹកវិលក្រុងសៀមរាបកំពុងខ្វះទឹកប្រើ
× សៀមរាប៖ អាកាសធាតុនៅឆ្នាំនេះមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ដោយទទួលរងនូវកម្ដៅខ្លាំងនៅឆ្នាំនេះ ធ្វើឱ្យតំបន់ខ្លះនៃប្រទេសកម្ពុជា ជួបគ្រោះរាំងស្ងួត ខ្វះទឹក ក្នុងនោះអ្នកភូមិចំនួន៥ របស់សង្កាត់ទឹកវិល ក្រុងសៀមរាប ក៏កំពុងជួបបញ្ហាខ្វះទឹកប្រើប្រាស់ដែរ។ អ្នកភូមិនិយាយថា អណ្ដូងទឹករបស់ពួកគេបានខះជាងមួយខែមកហើយ។
ជារឿងដែលគួរឱ្យបារម្ភមួយរបស់អ្នកភូមិនៅសង្កាត់ទឹកវិល ដែលនៅកៀកបារាយណ៍ខាងលិច កំពុងជួបបញ្ហាខ្វះទឹកប្រើ។ នៅឆ្នាំ២០១៦ អ្នកភូមិនេះធ្លាប់ជួបបញ្ហាដូចគ្នានេះរួចម្ដងហើយ ដោយនៅឆ្នាំនោះអាកាសធាតុប្រហាក់ប្រហែលដូចឆ្នាំនេះដែរ រីឯទឹកក្នុងបារាយណ៍ខាងលិច ដែលជាអាងស្ដុកទឹកដ៏ធំមួយរបស់ក្រុងអង្គរ បានគោករីងស្ងួតអស់គ្មានសល់។ សម្រាប់នៅឆ្នាំនេះ បរិមាណទឹកនៅតិចតួចបំផុត។
លោក ហ៊ន ហ៊ត អ្នកភូមិព្រៃថ្មី សង្កាត់ទឹកវិល បានប្រាប់អ្នកសារព័ត៌មានថ្មីៗពេលចុះយកព័ត៌មាននៅថ្ងៃទី២០ ខែមេសាថា អណ្ដូងរបស់លោកបានស្ងួត បូមលែងចេញទឹកជាងមួយខែមកហើយ គឺនៅអំឡុងខែមីនាមក។ សព្វថ្ងៃ លោក ហ៊ត ត្រូវទៅយកទឹកនៅអណ្ដូងស្នប់ឯសាលាឆទានខាងកើតភូមិជាអណ្ដូងធំ ដែលមានចម្ងាយពីផ្ទះប្រហែល៦០០ម៉ែត្រ ហើយក្នុងមួយថ្ងៃលោកត្រូវដឹកទឹកពីទីនោះចំនួន ៤ប៉ីដុងធំៗ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
ផ្ទះលោក ហ៊ត នៅមុខអណ្ដូងធំរបស់រដ្ឋាករទឹកស្អាតក្រុងសៀមរាប។ ហេតុដូច្នេះហើយ ទើបទាញការសន្និដ្ឋានថា មកពីអណ្ដូងទឹកតូចរបស់លោកដែលមានជម្រៅត្រឹម២០ម៉ែត្រ មិនអាចទាញទឹកឈ្នះអណ្ដូងធំនោះបាន។ តាមការលើកឡើងរបស់លោក ហ៊ត អណ្ដូងទឹកអ្នកភូមិដែលនៅតាមបណ្ដោយផ្លូវធំជាប់អណ្ដូងទឹកធំរបស់រដ្ឋាករទឹក គឺគ្មានទឹកទាំងអស់ លើកលែងតែអណ្ដូងណាដែលមានជម្រៅជ្រៅៗ ចាប់ពី៥០ទៅ៧០ម៉ែត្រឡើង។ លោក ហ៊ត ថា គ្រួសារលោកមិនទាន់មានលទ្ធភាពបុកអណ្ដូងខ្នាតធំនេះទេ។
អ្នកភូមិព្រៃថ្មីមួយរូបទៀត គឺអ្នកស្រី ព្រំ សុកាន ក៏ជួបបញ្ហាដូចលោក ហ៊ត ដែរ។ អណ្ដូងរបស់អ្នកស្រី សុកាន មានជម្រៅត្រឹម១៥ម៉ែត្រតែប៉ុណ្ណោះ ទើបបណ្ដាលឱ្យរីងទឹកមុនគេ។ ជាអ្នកលក់ដូរ ហើយត្រូវប្រើប្រាស់ទឹកច្រើនផង និងទ្រាំពីការខ្វះទឹកប្រើមិនបាន អ្នកស្រី សុកាន បានយកលុយអង្គការចំនួន ៨០០ដុល្លារដើម្បីបុកអណ្ដូងខ្នាតធំដែលមានជម្រៅជ្រៅអាចទាញទឹកបានក្នុងរដូវប្រាំងនេះ។
លោក ហាយ យង់ ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុងនៃរដ្ឋបាលក្រុងសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្នមានត្រឹមមួយសង្កាត់ប៉ុណ្ណោះក្នុងក្រុងសៀមរាបដែលប្រឈមនឹងការខ្វះទឹកនេះ គឺសង្កាត់ទឹកវិលតែម្ដង។ លោកបន្ដថា ភូមិចំនួន៥ក្នុងសង្កាត់ទឹកវិល ដែលនៅតាមបណ្ដោយផ្លូវជាប់អណ្ដូងទឹកធំរបស់រដ្ឋាករទឹកស្អាត ប្រឈមមុខខ្លាំងលើបញ្ហានេះ។ យ៉ាងណាលោក ហាយ យង់ ថាគ្រួសារខ្លះដែលមានធនធាន បាននាំគ្នាបុកអណ្ដូងខ្នាតធំ ដែលមានជម្រៅពី៦០ទៅ៧០ម៉ែត្រ ដើម្បីដោះស្រាយបញ្ហានេះ។
ជាមួយគ្នានេះ ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុងបានបញ្ជាក់ថា រដ្ឋបាលក្រុងមានផែនការត្រៀមចុះចែកទឹកដល់ភូមិដែលប្រឈមនឹងកង្វះទឹកនេះរួចហើយដែរ ដើម្បីឱ្យពលរដ្ឋអាចយកទឹកស្អាតប្រើប្រាស់ដោយឥតគិតថ្លែ។ យ៉ាងណាលោក ហាយ យង់ មិនបានបញ្ជាក់ពីពេលវេលានៃការចុះចែកនៅឡើយ តែលោកថា អាជ្ញាធរមានផែនការចុះចែកនៅចំណុចគោលដៅ២កន្លែងក្នុងសង្កាត់ទឹកវិលនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com