ជាតិ
២៥ខេត្ត/រាជធានី
អ្នកស្រី ងួន ថុល ចំណាយដើមទុនតិច តែអាចរកចំណូលបានច្រើន ពីការដាំមមាញ
× ត្បូងឃ្មុំ៖ អ្នកស្រី ងួន ថុល ដាំមមាញលើផ្ទៃដីប្រមាណ៤០អា ដែលនៅជុំវិញផ្ទះរបស់អ្នកស្រី។ ដំណាំមមាញនេះ អាចឲ្យអ្នកស្រីរកចំណូលបានចន្លោះពី៦ទៅ៧លានរៀល ក្នុងមួយរដូវកាល។
មុខរបរដាំមមាញរបស់អ្នកស្រី ងួន ថុល ពិតជារកចំណូលបានច្រើនជាងកាលដែលអ្នកស្រីនៅដាំថ្នាំជក់។ អ្នកស្រីបានដាំមមាញអស់រយៈពេលជាង១០ឆ្នាំមកហើយ នៅលើដីជុំវិញផ្ទះដែលនៅសល់ នៅក្នុងភូមិជីរោទិ៍ក្រោមទី២ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។។ របរដាំមមាញនេះ គឺអ្នកស្រី ងួន ថុល ប្រើដើមទុនតែ១០ម៉ឺនរៀលប៉ុណ្ណោះ។
ថ្វីត្បិតដំណាំមមាញចំណាយដើមទុនតិច តែក៏ត្រូវចំណាយពេលថែទាំ និងដាក់ទឹកឲ្យបានដិតដល់ បើមិនដូច្នោះទេទិន្នផលដែលទទួលបានមិនច្រើនឡើយ។ ប្រភេទមមាញដែលអ្នកស្រី ថុល ដាំត្រូវចំណាយពេល២៨ថ្ងៃទើបអាចប្រមូលផលបាន។ ចំពោះមមាញដែលកាត់ម្ដងហើយ អ្នកស្រី ត្រូវដាក់ទឹកឲ្យបានទៀងទាត់ហើយ កាត់វារៀងរាល់៣ថ្ងៃម្តង។ ដើម្បីប្រមូលផលមមាញនេះ អ្នកស្រី ថុល ត្រូវជួលឈ្នួលឲ្យដកស្មៅផងដែរ ដោយក្នុងម្នាក់ថ្លៃឈ្នួល២៥,០០០រៀល ។
មមាញដែលអ្នកស្រី ថុល កាត់ហើយ គឺមានឈ្មួញមកទិញដល់ផ្ទះតែម្តង ។ អ្នកស្រី អាចលក់បានតម្លៃ៣៥០០រៀលក្នុងមួយគីឡូ ហើយវាអាចផ្ដល់ចំណូលបានចន្លោះពី៦ទៅ៧លានរៀល ទម្រាំដល់រដូវទឹកឡើងវិញ។
កាលដើមឡើយអ្នកស្រី ងួន ថុល ជាកសិករដាំថ្នាំជក់ទេ តែដោយសារតែថ្នាំលែងទទួលបានប្រាក់ចំណេញ គ្រា៣ឆ្នាំចុងក្រោយនោះ អ្នកស្រីក៏សម្រេចចិត្តយកផ្ទៃដីដែលដាំថ្នាំទៅដាំពោតវិញ។ ក្រៅពីដាំពោតនៅចម្ការ អ្នកស្រី ក៏ឆ្លៀតយកពេលទៅដាំមមាញ ដែលជាបន្លែមួយប្រភេទមានទីផ្សារគួរសមអាចផ្តល់ចំណូលសម្រាប់យកទៅផ្តត់ផ្គងជីវភាពប្រចាំថ្ងៃ និងការរៀនសូត្ររបស់កូនផងដែរ៕
Tag:
មមាញ
បន្លែ
មុខរបរ
កំពង់ចាម
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com