ជាតិ
២៥ខេត្ត/រាជធានី
កសិករ​ថា​ត្រសក់ផ្អែម​ឆ្នាំនេះ​លក់​មិនសូវ​បាន​ថ្លៃ​
22, Apr 2019 , 7:59 am        
រូបភាព
​សៀមរាប​៖ ក្រៅពី​ស្ករត្នោត ក្នុង​នោះគេ​ក៏​ស្គាល់​ត្រសក់ផ្អែម​របស់​អ្នកស្រុក​បន្ទាយស្រី​ផងដែរ​។ នៅតាម​ផ្លូវ​ទៅ​ប្រាសាទបន្ទាយស្រី កសិករ​បានដាក់​លក់​ត្រសក់ផ្អែម​តាម​សងខាង​ផ្លូវ ដើម្បី​ទាក់ទាញ​ភ្នែក​អ្នកជិះ​កាត់​។ ឆ្នាំនេះ ការប្រមូល​ផល​ត្រសក់ផ្អែម​របស់​អ្នកស្រុក​បន្ទាយស្រី គឺ​ចាប់ពី​ចុងខែ មីនា​មក​។ កសិករ​ថា ដោយសារ​អ្នក​ដាំ​ត្រសក់​កើនឡើង ធ្វើឱ្យ​តម្លៃ​ហាក់​ចុះ​បន្ដិច គឺ​រាល់​ឆ្នាំ​អាច​លក់បាន​ចន្លោះ​ពី ៦​ពាន់​ទៅ​៧​ពាន់​រៀល តែ​ឆ្នាំនេះ​លក់បាន​ត្រឹម ៥​ពាន់​រៀល​ទេ​។

 
​លោក ពុទ្ធ​សារ៉ាត់ កសិករ​នៅ​ស្រុក​បន្ទាយស្រី បាន​ដាំ​ត្រសក់ផ្អែម​ចំនួន​ជាង ៦​ពាន់​ដើម​។ លោក​ថា ត្រសក់ផ្អែម​ឆ្នាំនេះ​រៀង​ធ្លាក់​ថ្លៃ ក៏​ប្រហែល​មកពី​មាន​អ្នក​ដាំ​ច្រើន​។ តាម​កសិករ​រូបនេះ ត្រសក់ផ្អែម​មាន​ច្រើន​ប្រភេទ ហើយ​ជា​រុក្ខជាតិ​មួយ​រៀង​ពិបាក​ដាំ រីឯ​ពូជ​ក៏​ថ្លៃ​ដែរ​។ លោក​បន្ថែមថា ត្រសក់​មួយ​ដើម​បាន​ផ្លែ​តែមួយ​ប៉ុណ្ណោះ ដោយ​ដាំ​រយៈពេល​៦៣​ថ្ងៃ​ទើបបាន​ផល រីឯ​ការប្រមូល​ផល​សោត គឺ​ត្រឹម​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​។ ត្រសក់ផ្អែម​អាច​ទុក​បាន​រហូតដល់​មួយខែ​ក្រោយ​បេះ​រួច​។ នេះ​ជាការ​បញ្ជាក់​របស់​កសិក​រ លោក ពុទ្ធ​សារ៉ាត់​៕
























 
 
 
  

© រក្សាសិទ្ធិដោយ thmeythmey.com