ជាតិ
​ខេត្ត​ភាគ​ពាយ័ព្យ​ត្រូវ​ដាច់​ភ្លើង​នៅ​ថ្ងៃទី​២៤ ព្រោះ​ថៃ​ត្រូវ​សម្អាត​ដើមឈើ​ក្រោម​គន្លង​ខ្សែបណ្តាញ​
21, Apr 2019 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរ​អគ្គិសនី​ថៃ (EGAT) នឹង​ផ្អាក​ចរន្តអគ្គិសនី​ដែល​បញ្ជូនមក​ផ្គត់ផ្គង់​ក្នុង​ខេត្តបាត់ដំបង សៀមរាប និង​បន្ទាយមានជ័យ នៅ​ថ្ងៃទី​២៤​មេសា​ខាងមុខ​។ ការផ្អាក​អគ្គិសនី​នេះ នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង​៥​ព្រឹក​ដល់​៦​ល្ងាច ដើម្បី​ផ្លាស់ប្តូរ​ខ្សែ​បញ្ជូន (Transmission Line Conductor) នៅ​អនុ​អគ្គិសនី Watthananakorn ប្រទេស​ថៃ និង​ការកាប់​សម្អាត​ដើមឈើ​ក្រោម​គន្លង​ខ្សែបណ្តាញ​បញ្ជូន​តង់ស្យុង​ខ្ពស់​(១១៥​គីឡូវ៉ុល​)​ដែល​បញ្ជូនមក​កម្ពុជា​។

 
​យោងតាម​សេចក្តីជូនដំណឹង​របស់​នាយកដ្ឋាន​អគ្គិសនី​នៃ​អគ្គិសនី​កម្ពុជា កាលពី​ថ្ង​ទី​១៩​មេសា ឆ្នាំ​២០១៩​ក្នុងអំឡុងពេល​សម្អាត​ដើមឈើ និង​ផ្លាស់ប្តូរ​ខ្សែ​បញ្ជូន​អគ្គិសនី​ទាំងនេះ ចរន្តអគ្គិសនី​ដែល​ផ្គត់ផ្គង់​ដោយនៅ​អនុ​អគ្គិសនី​Watthananakorn មកឱ្យ​អនុ​អគ្គិសនី​ប៉ោយប៉ែត បន្ទាយមានជ័យ បាត់ដំបង​(CPTL) សៀមរាប​១ និង​សៀមរាប​២ នឹងត្រូវ​ដាច់​ភ្លើង​ទាំងស្រុង​។ 
 
​ការ​ដាច់​ភ្លើង​ពេញ​មួយ​ថ្ងៃនេះ នាយកដ្ឋាន​អគ្គិសនី បានស្នើ​ឱ្យ​ដាក់​ដំណើរការ​ម៉ាស៊ីនភ្លើង​ផ្ទៃក្នុង​ទាំងអស់ របស់​អគ្គិសនី​សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ​។​
 
​ជាមួយគ្នានេះ តំបន់​ខ្លះ​នៅក្នុង​ទីក្រុង​ប៉ៃលិន ក៏​នឹង​ដាច់​ភ្លើង​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​បាត់ដំបង​៕ 

Tag:
 បាត់ដំបង​
  ប៉ៃលិន​
 ​សៀមរាប​
 ​បន្ទាយមានជ័យ
  ​អគ្គិសនី​
  ភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com