ជាតិ
សង្គមជាតិ
​កុលបុត្រ​-​កុលធីតា​ដែល​ចង់​ស្វែងយល់​ព្រះធម៌ អាច​ចុះឈ្មោះ​បួស​រយៈពេល​ខ្លី​នៅ​វត្ត​អង្គរតូច​ខាងត្បូង​ ​
21, Apr 2019 , 5:14 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​វិសាខបូជា​នាពេលខាងមុខ វត្ត​អង្គរតូច​ខាងត្បូង​នៅ​តំបន់​អង្គរ ខេត្តសៀមរាប នឹង​រៀបចំ​ពិធី​បំបួស​កុលបុត្រ​-​កុលធីតា​ខ្មែរ​ប្រចាំឆ្នាំ ដោយមាន​ចំនួន​៣០០​រូប​។ ពិធី​បំបួស នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែឧសភា ហើយ​ពិធី​ចាក​សិក្ខាបទ នឹង​រៀបចំ​នៅ​ថ្ងៃទី​១៩ ខែឧសភា​។

 
​ព្រះគ្រូ​ធម្ម​វិសុទ្ធិ​កោសល កែវ អាន ព្រះចៅអធិការ​វត្ត​អង្គរតូច​ខាងត្បូង និង​ជា​ប្រធាន​គណៈកម្មការ​បុណ្យ​វិសាខបូជា និង​បំបួស​កុលបុត្រ​-​កុលធីតា ចាត់ទុកថា​ព្រឹត្តិការណ៍​នេះ អាច​ឲ្យ​ពុទ្ធបរិស័ទ​ទាំងអស់ ចូលរួម​អភិវឌ្ឍ​វិស័យ​សាសនា​ឲ្យ​មាន​លំនឹង និង​សុក្រឹតភាព​តាម​ព្រះធម៌ រំលឹក​ឲ្យ​កូន​ខ្មែរ​ដឹង​ពី​ប្រវត្តិ​នៃ​ថ្ងៃបុណ្យ វិ​សាទ​បូជា និង​ចូលរួម​អនុមោទនា​ចាប់យក​ចំណែក​បុណ្យ​កុសល​ដោយ​ក្តី​ជ្រះ​ថា្ល​។ 


 
​ព្រះគ្រូ​ធម្ម​វិសុទ្ធិ​កោសល កែវ អាន បាន​មាន​សង្ឃដីកា​ថា ព្រឹត្តិការណ៍​សាសនា​លក្ខណៈ​បែប​ទ្រង់ទ្រាយ​ធំ​នេះ នឹងមាន​ព្រះសង្ឃ​៤០០​អង្គ និង​មាន​កម្មវិធី​រាប់​បាត​នៅ​ខាងលិច​ប្រាសាទអង្គរវត្ត​។ 


 
​សម្រាប់​កុលបុត្រ​-​កុលធីតា ដែលមាន​អាយុ​២១​ឆ្នាំ​ចុះក្រោម អាច​ចុះឈ្មោះ​បួស ឬ​ដាក់​ពាក្យសុំ​បព្វ​ជ្វា ឲ្យ​បាន​មុន​ថ្ងៃទី​១៣ ខែឧសភា ដោយមាន​ការធានា​ពី​ឪពុកម្តាយ ឬ​អាណាព្យាបាល និង​ឯកសារ​ត្រឹមត្រូវ​។​


 
​សូមបញ្ជាក់ថា «​បុណ្យ​វិសាខបូជា​» ជា​ពិធី​បុណ្យជាតិ​ដ៏​ធំ​មួយ​ក្នុង​ព្រះពុទ្ធសាសនា​។ ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ពិសេស​ចំនួន​៣​ធំ ដូចជា ការ​ប្រសូត ការ​ត្រាស់ដឹង និង​ការចូល​ព្រះ​និ​ពា្វ​ន​។ ព្រះពុទ្ធ​មាន​ប្រនាម​ថា សិទ្ធត្ថ​(​អាន​ថា សិត​-​ធ័​ត​)​។ ព្រះអង្គ ទ្រង់​ប្រសូត ពេញ​បូរ​មី ខែវិសាខ មុន​គ្រិស្តសករាជ​ចំនួន ៦២៣​ឆ្នាំ ព្រះអង្គ​ក៏​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​នៅ​ថ្ងៃ​ពុធ ពេញ​បូ​ណ៍​មី ខែវិសាខ នា​វេលា​ទាបភ្លឺ​។ ព្រះអង្គ ទ្រង់​ចូល​បិ​រិ​ពា​ន្ត នៅ​ថ្ងៃ​អង្គារ ពេញ​បូ​ណ៍​មី ខែវិសាខ នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម ៨០​វស្សា​។ ដោយសារតែ​ទ្រង់​ប្រសូត ត្រាស់ដឹង និង​ចូល​បរិពា​ន្ត នៅក្នុង​ថ្ងៃ​១៥​កើត ពេញ​បូ​ណ៍​មី ខែវិសាខ​ដូចគ្នា គឺ​ខុស​តែ​ឆ្នាំ​តែប៉ុណ្ណោះ​។ ដូច្នេះ បុណ្យ​វិសាខបូជា គឺជា​រំលឹក​ដល់​ថ្ងៃ​ទាំង​៣​របស់​ព្រះអង្គ​៕


 
 

Tag:
 សៀមរាប​
 ​បំបួស​
 ​សាសនា​
  វិសាខបូជា
© រក្សាសិទ្ធិដោយ thmeythmey.com