ជាតិ
ខេត្តកំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង… ជាគោលដៅលើកកម្ពស់ទីផ្សារកសិករខ្នាតតូច រូបភាពក្រសួងកសិកម្ម
× ភ្នំពេញ៖ ខេត្តចំនួន១១ នឹងក្លាយជាគោលដៅអភិវឌ្ឍវិស័យកសិកម្ម តាមរយៈគម្រោងលើកកម្ពស់ទីផ្សាររបស់កសិករខ្នាតតូច។ អង្គការហេហ្វឺកម្ពុជា កំពុងបន្តកិច្ចសហប្រតិបតិ្តការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើគម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូចនៅកម្ពុជា។ នេះបើតាមហ្វេសប៊ុកក្រសួងកសិកម្ម។
លោកស្រី កែវ គៀង ប្រធានអង្គការហេហ្វឺកម្ពុជា ដែលបានជួបពិភាក្សាអំពីវឌ្ឍនភាពគម្រោងជាមួយលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្មនោះ បាននិយាយថា គោលបំណងរបស់គម្រោងនេះ គឺសម្រាប់ជួយគាំទ្រដល់កសិករក្រីក្រ និងក្រុមងាយរងគ្រោះប្រមាណ៣៥ពាន់គ្រួសារ និងសហគមន៍កសិកម្មចំនួន៦៤ទៀត។ តាមរយៈគម្រោងនេះ អង្គការបានអនុវត្ត៥ចំណុច ដោយបានរៀបចំទីផ្សារកសិផល ,ធានានិងផ្គត់ផ្គង់អាហារូបត្ថម្ភ ,ផ្សព្វផ្សាយអំពីអនាម័យក្នុងការរស់នៅនិងប្រើប្រាស់ទឹកស្អាត ,លើកម្ពស់យេនឌ័រ និងការអភិវឌ្ឍសហគមន៍កសិកម្មប្រកបដោយសមធម៌។ បើតាមលោកស្រី កែវ គៀង គម្រោងនេះ អាចជួយឲ្យកសិកររកចំណូលបានជាមធ្យមជាង៥ពាន់ដុល្លារក្នុងមួយឆ្នាំ។
រូបភាព ក្រសួងកសិកម្ម
គម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូចនេះ នឹងផ្ដោតលើខេត្តគោលដៅចំនួន១១ គឺខេត្តកំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។
ជុំវិញបញ្ហាកសិកម្មនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ជំរុញអង្គការហេហ្វឺកម្ពុជា និងអង្គផ្សេងៗ ដែលកំពុងអនុវត្តគម្រោងទាក់ទងនឹងវិស័យកសិកម្ម ពិនិត្យលទ្ធភាពគាំទ្រលើ៤ចំណុចរួមមាន ទី១ការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ដើម្បីបង្កើនតម្លៃបន្ថែម រួមទាំងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក បច្ចេកទេស និងការធានាដល់គុណភាព សុវត្តិភាពដើម។ ទី២ ការសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម និងរចនាសម្ព័ន្ធផ្គត់ផ្គង់ផ្សេងទៀត។ ទី៣ ការអភិវឌ្ឍសហគមន៍កសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព។ និងចុងក្រោយ ជួយរៀបចំផែនការដាំដុះជូនសហគមន៍កសិកម្ម និងសហការជាមួយអង្គការផ្សេងៗ ដើម្បីឲ្យការអនុវត្តគម្រោងមានភាពប្រទាក់ក្រឡាគ្នា។ បើតាមលោក វេង សាខុន កត្តាខាងលើនេះ ត្រូវទាមទារការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចគោលដៅដល់កសិករ។ រដ្ឋមន្រី្តរូបនេះ នឹងចុះទៅពិនិត្យសមិទ្ធផលជាក់ស្ដែង លើការអនុវត្តគម្រោងតាមបណ្ដាខេត្តគោលដៅខាងលើទៀតផង៕
Tag:
អង្គការហេហ្វឺ
គាំទ្រកសិករ
© រក្សាសិទ្ធិដោយ thmeythmey.com