អន្តរជាតិ
វាយប្រហារនៅស្រីលង្កា៖ ប៉ូលិសចេញសារព្រមានតាំងពី១០ថ្ងៃមុន ប៉ុន្តែគ្មានវិធានការបង្ការ
× មកទល់ពេលនេះ មនុស្សជិត៣០០នាក់បានស្លាប់ និងប្រមាណ៥០០នាក់របួសក្នុងការវាយប្រហារបន្តបន្ទាប់គ្នានៅស្រីលង្កាកាលពីថ្ងៃទី២១ ខែមេសា។ នាយករដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe បានប្រកាសថា ប៉ូលិសបានដឹងពីគម្រោងវាយប្រហារនេះជាមុន ប៉ុន្តែបែរជាគ្មានការចាត់វិធានការទប់ស្កាត់ទៅវិញ។ លោកនាយករដ្ឋមន្ត្រីក៏ប្រកាសស៊ើបអង្កេតពីការធ្វេសប្រហែសដែលនាំឲ្យមនុស្សជាច្រើនបានស្លាប់បែបនេះ។
ព្រឹកថ្ងៃទី២១ ខែមេសា ការបំផ្ទុះចំនួន៦លើកផ្សេងគ្នា បានកើតឡើងនៅសណ្ឋាគារផ្កាយប្រាំចំនួន៣ (Shangri-La, Kingsbury និង Cinnamon Grand) និងព្រះវិហារគ្រិស្តសាសនាចំនួន៣ទៀត ខណៈដែលមនុស្សម្នាកំពុងប្រារព្ធពិធីបុណ្យ Easter Sunday នៅរដ្ឋធានីកូឡុំបូ។ ប៉ុន្មានក្រោយមក ការផ្ទុះពីរលើកទៀតបានកើតឡើង។ អ្វីគួរឲ្យកត់សម្គាល់នោះ ប៉ូលិសស្រីលង្កាទទួលបានការព្រមានទៅហើយ បែរជាមិនអាចធ្វើអ្វីបានវិញ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP មេប៉ូលិសស្រីលង្កា Pujuth Jayasundara បានចេញសេចក្ដីប្រកាសអាសន្នមួយទៅកាន់មន្ត្រីប៉ូលិសសំខាន់ៗផ្សេងទៀតតាំងពី១០ថ្ងៃមក ដោយព្រមានពីគម្រោងវាយប្រហារវិហារសំខាន់ៗ។ ក្នុងលិខិតព័ត៌មានសម្ងាត់ដដែល មេប៉ូលិស្រីលង្ការូបនេះបានបង្ហាញឈ្មោះក្រុមភេរវករ National Thowheeth Jama’ath និងថា ក្រុមនេះកំពុងរៀបចំផែនការវាយប្រហារវិហារធំៗ និងស្ថានទូតឥណ្ឌា។
នាយករដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe ក៏បានទទួលស្គាល់ពីព័ត៌មានខាងលើដែរ។ លោកបន្តថា អាជ្ញាធរនឹងស៊ើបអង្កេតរកមូលហេតុដែលនាំឲ្យមានការធ្វេសប្រហែសរហូតមិនមានការចាត់វិធានការអ្វីទុកមុនបែបនេះ។ ចំណែករដ្ឋមន្ត្រីគមនាគមន៍ស្រីលង្កា Harin Fernando បានសរសេរលើបណ្ដាញសង្គម Twitter ថា ប៉ូលិសដឹងពីគម្រោងវាយប្រហារនេះ តែពន្យារពេលធ្វើសកម្មភាព ដូចនេះចំណាត់ការតឹងរ៉ឹង ត្រូវតែយកមកអនុវត្ត។
ការវាយប្រហារបង្ហូរឈាមនៅចុងសប្ដាហ៍មុននេះ ជាការវាយប្រហារដ៏ធំមួយក្នុងរដ្ឋអាស៊ីខាងត្បូងមួយនេះក្នុងរយៈពេលប៉ុន្មានសតវត្សរ៍មកនេះ ពិសេសក្រោយចប់សង្គ្រាមស៊ីវិលមក។ មិនទាន់មានក្រុមណាមួយចេញមកប្រកាសទទួលស្គាល់ទង្វើនេះនៅឡើយទេ សូម្បីតែក្រុមដែលមានឈ្មោះក្នុងសេចក្ដីព្រមានរបស់ប៉ូលិស ក៏នៅស្ងៀមដែរ។ រដ្ឋាភិបាលស្រីលង្កាបង្ហើបថា អ្នកស៊ើបអង្កេតរដ្ឋនឹងរកមើលក្រុមភេរវករនៅបរទេសផងដែរ។
ការវាយប្រហារលវិហារគ្រិស្តសាសនា ធ្វើឲ្យការបែកបាក់ជាតិសាសន៍នៅស្រីលង្កាកាន់តែប្រេះឆាធំទៅៗ ខណៈនិគមគ្រិស្តសាសនាមានទំហំ៦ភាគរយនៃប្រជាជនស្រីលង្កាទាំងមូល។ បន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិលបង្ហូរឈាមជាមួយក្រុមខ្លាតាមិល ស្រីលង្កាក៏ជួបបញ្ហារវាងពុទ្ធសាសនិកភាគច្រើន និងជនមូស្លីមភាគតិចវិញម្ដង៕
Tag:
ស្រីលង្កា
Ranil Wickremesinghe
© រក្សាសិទ្ធិដោយ thmeythmey.com