រថយន្ត
សេដ្ឋកិច្ច
អន្តរជាតិ
​ការនាំ​ចូល​គ្រឿងបន្លាស់​រថយន្ត​មួយ​ទឹក​ពី​បរទេស ជា​របរកា​ក់កប​ខ្លាំង​នៅ​អ៊ីរ៉ាក់​
22, Apr 2019 , 7:19 pm        
រូបភាព
ដោយ: ធីតា
​របរ​លក់​គ្រឿងបន្លាស់​រថយន្ត​មួយ​ទឹក​ដែល​នាំចូល​ពី​លោកខាងលិច កំពុង​ផុសផុល​យ៉ាងខ្លាំង​នៅ​ប្រទេស​អ៊ីរ៉ាក់​។ បើតាម​សារព័ត៌មាន DW មុខរបរ​នេះ ប្រៀបដូចជា​ម៉ាស៊ីន​លុយ ដែលមាន​ទំហំ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់ឆ្នាំ​។​

 
​លោក Karhi Bakr អាយុ​៥៩​ឆ្នាំ ជា​ម្ចាស់​ហាង​លក់​គ្រឿងបន្លាស់​រថយន្ត​នៅ​ទីក្រុង Irbil តំបន់​ឃឺ​ត​។ លោក​បាន​បញ្ជាក់ថា ការនាំ​ចូល​គ្រឿងបន្លាស់​រថយន្ត​មួយ​ទឹក ហាក់ដូចជា​កាក់កប​យ៉ាងខ្លាំង​នា​រយៈពេល​ចុងក្រោយ​នេះ ដោយ​លោក​បាន​បញ្ជាក់ថា អ្នករកស៊ី​ប្រមាណ​២០០​នាក់​នៅក្នុង​តំបន់​បាន​ក្លាយជា​អ្នកមាន​អស់ហើយ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ DW លោក Bakr បាន​អះអាងថា ទំនិញ​ត្រូវប៉ាន់​បំផុត​គឺ​គ្រឿងបន្លាស់​រថយន្ត​លោកខាងលិច​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។ អ្នកជំនួយ​មួយចំនួន​បាន​ទៅដល់​អឺរ៉ុប​ដោយផ្ទាល់​ដើម្បី​ប្រមូល​ទិញ​គ្រឿងបន្លាស់​ទាំងនោះ​។​


    
​បច្ចុប្បន្ន លោក Bakr បើកហាង​លក់​គ្រឿងបន្លាស់​ក្នុង​ទំហំ​តូចតាច​ប៉ុណ្ណោះ ដោយ​លោក​នាំចូល​ពី​អាល្លឺម៉ង់​។ លោក​ធ្លាប់​រស់នៅ​ដា​ណឺ​ម៉ាក​១៧​ឆ្នាំ ហើយ​មាន​ជំនាញ​ជុស​ជុល​រថយន្ត Mercedes​។​
 
​លោក​បាន​អះអាងថា អតិថិជន​របស់លោក​ភាគច្រើន សួរ​រកតែ​គ្រឿងបន្លាស់​មួយ​ទឹក​ប៉ុណ្ណោះ ព្រោះ​ពួកគេ​មិនអាច​ទិញ​គ្រឿងបន្លាស់​ដើម​ដែលមាន​តម្លៃ​ថ្លៃ ឬ​ប្រើប្រាស់​គ្រឿងបន្លាស់​ចម្លង​របស់​ចិន ដែលមាន​គុណភាព​ទាប​។​
 
​ជនជាតិ​អ៊ីរ៉ាក់ ស្រឡាញ់​រថយន្ត​ខ្លាំងណាស់ ដោយ​គ្រួសារ​ជាច្រើន​មាន​រថយន្ត​លើសពី​មួយ ប៉ុន្តែ​ពួកគេ​មិន​ចង់​ចំណាយ​ច្រើន​លើ​ការជួសជុល​នោះឡើយ ដូច្នេះ​គ្រឿងបន្លាស់​មួយ​ទឹក គឺជា​ទំនិញ​ដ៏​ពេញនិយម​បំផុត​។​
 
​លោក Umed Abdelaziz ម្ចាស់​ហាង​មួយកន្លែង​ទៀត ដែល​លក់​ភាគច្រើន​គ្រឿងបន្លាស់​រថយន្ត​តូយ៉ូតា បាន​អះអាងថា លោក​ទៅ​ឌូ​បៃ​ពី​ម្តង​ទៅ​ពីរដង​ក្នុង​១​ឆ្នាំ ដោយ​ទិញ​គ្រឿងបន្លាស់​រថយន្ត​។​
 
​លោក​បាន​បញ្ជាក់ថា ក្រៅពី​អឺរ៉ុប នៅ​ទីនោះ មាន​រថយន្ត​នាំចូល​ពី​អាមេរិក និង​កាណាដា ហើយ​លោក​ទិញ​គ្រឿងបន្លាស់​ដែល​នៅជាប់​នឹង​រថយន្ត​ផ្ទាល់ ពោលគឺ​មិនទាន់មាន​ការដោះដូរ​ចេញ​។ ហាង​របស់គាត់​ក៏មាន​លក់​គ្រឿងបន្លាស់​ចិន​ដែរ ប៉ុន្តែ​មិនសូវ​ត្រូវបាន​ប៉ាន់​ដូចជា​គ្រឿងបន្លាស់​ជជុះ​នោះឡើយ​។​


 
​ទំនិញ​នាំចូល​ទៅកាន់​អ៊ឺ​រ៉ា​ក់មាន​ច្រក​ពី​សំខាន់ៗ គឺ​តាម​ឌូ​បៃ ដោយ​ឆ្លងកាត់​ផែ Bandar Abbas របស់​អ៊ីរ៉ង់ និង​តាម​តួ​ក​គី​។ ទំនិញ​អឺរ៉ុប​ដែល​ឆ្លងកាត់​តួ​ក​គី មានតម្លៃ​ថ្លៃ​បន្តិច​។ ទំហំ​ពាណិជ្ជ​កម្មនេះ មាន​ទឹកប្រាក់​ដល់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ហើយ​ក្រុង Irbil ហើយ​លក់​បន្តទៅ​បា​ដា​ត​, Mosul និង Basra ជាដើម​។​
 
​ការទូទាត់​ទំនិញ​នៅ​អឺ​រ៉ា​ក់ គឺ​តាម​សាច់ប្រាក់​នៅឡើយ​។ ជា​រៀងរាល់ខែ លោក Omar Said ដែលជា​ម្ចាស់​ហាង Car Quarter បាន​អះអាងថា លោក​នាំចូល​ទំនិញ​គ្រឿងបន្លាស់​ពី​តុង​តឺ​ន័​រ ដែលមាន​តម្លៃ​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​។ មកដល់​ភ្លាម ទំនិញ​របស់លោក​លក់​ដាច់​អស់ ក្នុង​១​កុងតឺន័រ លោក​អាច​ចំណេញ​បាន ៣​ម៉ឺន​ដុល្លារ​អាមេរិក​។​
 
​តាមពិតទៅ​លោក​ចង់​នាំចូល​រហូតដល់​៦​កុងតឺន័រ​ជា​រឿង​រាល់​ខែ ប៉ុន្តែ​មិនអាច​ទៅរួច​ឡើយ ដោយសារតែ​សេដ្ឋកិច្ច​អឺ​រ៉ា​ក់រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​សង្គ្រាម និង​ការយាយី​របស់​ក្រុម ISIS​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នករកស៊ី​មួយចំនួន​ក៏​ធ្លាប់​ជួប​បញ្ហា​ជាមួយ​ដៃគូ​រកស៊ី​នៅ​អឺរ៉ុប​ផងដែរ ដោយពេល​ខ្លះ ទំនិញ​ក្នុង​រូបភាព និង​ទំនិញ​ដែល​ពួកគេ​បញ្ជូន​ដាក់​កុងតឺន័រ មានគុណ​ភាពខុសគ្នា​។ លោក Said បាន​បញ្ជាក់ថា អ្នកបោក​ប្រាស់​លោក មួយចំនួនធំ​គឺជា​ជនជាតិ​ឃឺ​ត​ដែល​រកស៊ី​នៅ​អឺរ៉ុប ប៉ុន្តែ​មិនសូវមាន​បញ្ហា​ឡើយ​ជាមួយ​ដៃគូ​នៅ​អាមេរិក និង​កាណាដា​។​
 
​ពី​អឺរ៉ុប ទំនិញ​ទៅ​ក្រុង Irbil ដោយ​ប្រើពេល​ប្រមាណ​២០​ថ្ងៃ ខណៈ​ពី​អាមេរិក ស៊ីពេល​យ៉ាងហោច​១​ខែ​កន្លះ​៕
 

Tag:
 ​អ៊ីរ៉ាក់​
© រក្សាសិទ្ធិដោយ thmeythmey.com