ជាតិ
ស្ថានទូត​អាមេរិក​បន្ត​រករឿង​ចិន​ក្នុង​ទឹកដី​កម្ពុជា​
22, Apr 2019 , 5:50 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​មិនទាន់មាន​ឯកអគ្គរដ្ឋទូត​ថ្មី​នោះ មិន​បញ្ឈប់​ឌឺដង​ដាក់​ចិន​ឡើយ​។ ម្តងនេះ អាមេរិក​និយាយ​រិះគន់​ទំនប់​វា​រី​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន ដែល​ពុំ​សូវ​មាន​គុណភាព និង​ប្រសិទ្ធភាព នៅក្នុង​ប្រទេស​អេ​ក្វា​ឌ័​រ​។​

 
​មិនទាន់មាន​ឯកអគ្គរដ្ឋទូត​ថ្មី​នៅឡើយ តែ​ស្ថានទូត​អាមេរិក​មានការ​ងារ​ច្រើន​លើសពី​ការពង្រឹង​ការងារ​ទូត​ជាមួយ​កម្ពុជា ដែលជា​ប្រទេស​ម្ចាស់ផ្ទះ​។ នៅ​កម្ពុជា ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​អាមេរិក​បាន​បន្ត​ឌឺដង​រិះគន់​ចិន​។ នៅ​ថ្ងៃទី​២២​ខែមេសា​នេះ ស្ថានទូត​អាមេរិក​សរសេរ​រិះគន់​គម្រោង​វា​រី​អគ្គិសនី​របស់​ចិន​មួយ​នៅក្នុង​ប្រទេស​អេ​ក្វា​ឌ័​រ ដែល​អាមេរិក​វាយតម្លៃថា «​ស្ទើរតែ​គ្មាន​ដំណើរការ​សោះ និង​ថា​សំណង់​នេះ​គ្មាន​គុណភាព ព្រមទាំង​ពលរដ្ឋ​ដែល​រស់នៅ​ខាងក្រោម​ទំនប់​នេះ តែង​រងគ្រោះ​ដោយ​ជំនន់​»​។​
 
​ស្ថានទូត​អាមេរិក​និយាយ​ឌឺដង​ដល់​គម្រោង​វា​រី​អគ្គិសនី​របស់​ចិន បន្ទាប់ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅក្នុង​សារ​ប្រតិកម្ម​តប​ទៅ​ស្ថានទូត​អាមេរិក​កាលពី​សប្តាហ៍​មុន បានលើកឡើង​អំពី​ជំនួយ​របស់ខ្លួន​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ព្រមទាំង​គម្រោង​វា​រី​អគ្គិសនី​នៅ​កម្ពុជា​។​
 
​ការរិះគន់​របស់​ស្ថានទូត​អាមេរិក​ទៅលើ​គម្រោង​វិនិយោគ​នានា​របស់​ចិន​ក្រោម​ក្របខណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិថី​នោះ ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ មុន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញដំណើរ​ទៅ​ចូលរួម​ប្រជុំ «​វេទិកា​ខ្សែក្រវាត់ និង​វិថី​លើក​ទី​២​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​» នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៥​ដល់​ថ្ងៃទី​២៩​ខែមេសា​នេះ​។​
 
​កម្ពុជា គឺជា​ប្រទេស​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិថី របស់លោក​ប្រធានាធិបតី ស៊ី ជិន​ភីង​។​
 
​កាលពី​សប្តាហ៍​មុន ស្ថានទូត​អាមេរិក​ទើបបាន​សរសេរ​ប្រៀបធៀប​តម្លៃ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​-​កម្ពុជា និង អាមេរិក​-​កម្ពុជា ដោយបាន​បញ្ជាក់ថា ប្រទេស​ចិន​បាន​ចំណេញ​ខ្លាំង​លើ​ការ​ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​ជាមួយ​កម្ពុជា​។ ពោលគឺ​មិន​ដូច​ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​រវាង​អាមេរិក និង​កម្ពុជា ដែល​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​។​
 
​ការអត្ថាធិប្បាយ​ជា​សាធារណៈ​របស់​ស្ថានទូត​អាមេរិក​បាន​តម្រូវ​ឲ្យ​ស្ថានទូត​ចិន​ប្រតិកម្ម​ភ្លាមៗ​វិញ​ដែរ​។ ហេតុអ្វី​អាមេរិក​រិះគន់​ចិន​នៅលើ​ទឹកដី​កម្ពុជា​?
 

Tag:
 អាមេរិក​
  ចិន​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com