ជាតិ
សង្គមជាតិ
សម្តេចនាយកសុំដែកផ្លូវរថភ្លើងចាស់ៗដែលថៃឈប់ប្រើ, ចាស់នៅថៃតែថ្មីនៅខ្មែរ
× ថៃ ជួសជុលផ្លូវរថភ្លើងមួយខ្សែ ដែលមានប្រវែង១៤០គីឡូម៉ែត្រ ហើយថៃ មិនត្រូវការដែកចាស់ៗ ដែលត្រូវដោះចេញពីផ្លូវរថភ្លើងនោះតទៅទៀតទេ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំដែកចាស់ៗទាំងនោះពីថៃ ដើម្បីយកមកតភ្ជាប់ផ្លូវរថភ្លើងនៅកម្ពុជា។
ការស្នើសុំនេះ គឺធ្វើឡើងពេលសម្តេច ហ៊ុន សែន បានជួបលោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ។ លោក ប្រាយុទ្ធ បានមកកម្ពុជានៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ហើយលោក និងសម្តេច ហ៊ុន សែន បានធ្វើជាអធិបតីជាមួយគ្នាក្នុងពិធីមួយចំនួន ដែលរួមមាន ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ, ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥, ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកកាត់ព្រំដែន និងពិធីប្រគល់ក្បាលរថភ្លើងឲ្យកម្ពុជា។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានជិះរថភ្លើងជាមួយគ្នាផងដែរ។
សំណើសុំដែកចាស់ៗទាំងនោះ ត្រូវបានសម្តេច ហ៊ុន សែន លើកយកទៅប្រាប់ប្រជាពលរដ្ឋ នៅក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥។ សម្តេច ហ៊ុន សែន អះអាងថា លោក ប្រាយុទ្ធ បានផ្តល់ចម្លើយវិជ្ជមាន អំពើសំណើនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងបែបនេះថា «មិត្តថៃ បានសល់ផ្លូវដែក១៤០គីឡូម៉ែត្រ ព្រោះថា ដែកចាស់ៗរបស់ថៃ គឺបានដោះចេញ ជំនួសដោយដែកថ្មី។ ចាស់របស់ថៃ ប៉ុន្តែថ្មីនៅកម្ពុជា»។
សំឡេងសម្តេចនាយករដ្ឋមន្ត្រី៖
បើតាមសម្តេច ហ៊ុន សែន កម្ពុជា ក៏ធ្លាប់សុំដែកចាស់ៗ ដែលជាផ្លូវរថភ្លើងពីប្រទេសម៉ាឡេស៊ីផងដែរ ដោយកាលនោះ ម៉ាឡេស៊ីផ្តល់ដែកចាស់ៗប្រមាណ២០០តោន មកកម្ពុជា។
នៅថ្ងៃនេះ ថៃ បានប្រគល់ក្បាលនិងទូររថភ្លើងមួយចំនួនមកកម្ពុជា តាមការស្នើសុំរបស់ប្រមុខរដ្ឋាភិបាល ដែលស្នើសុំនាពេលកន្លងមក៕
Tag:
ហ៊ុន សែន
ប្រាយុទ្ធ
ផ្លូវដែក
រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com