មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំយុវជននិងកីឡា រៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនរបស់គ្រូបង្វឹកជម្រើសជាតិ» ដើម្បីបណ្តុះបណ្តាលបច្ចេកទេសនិងពង្រឹងគុណភាពបង្វឹកដល់គ្រូបង្វឹកនិងគ្រូជំនួយជម្រើសជាតិ។ សិក្ខាសាលាដែលធ្វើឡើងរយៈពេល៣ថ្ងៃនេះ ក៏ដើម្បីពង្រឹងការហ្វឹកហាត់របស់កីឡាករ ត្រៀមសម្រាប់ស៊ីហ្គេមនៅហ្វីលីពីនផងដែរ។ លោក ប៊ូ ជុំសេរី ជំរុញឲ្យសិក្ខាកាមត្រូវខិតខំយកចិត្តទុកដាក់ ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ។
សិក្ខាកាមជាគ្រូបង្វឹក និងគ្រូជំនួយជម្រើសជាតិចំនួន១៦៥រូបទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញចំនួន៦រូបពីបច្ចេកទេស ទ្រឹស្តី និងរបៀបធ្វើផែនការបង្វឹកកីឡាករជម្រើសជាតិ។ សិក្ខាសាលាដែលរៀបចំចន្លោះពីថ្ងៃទី២២-២៤ ខែមេសា ឆ្នាំ២០១៩នេះ ធ្វើឡើងដើម្បីពង្រឹងគុណភាព និងប្រសិទ្ធិភាពបង្វឹកដល់គ្រូបង្វឹកជម្រើសជាតិ។ ព្រោះគ្រូបង្វឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ គ្រប់គ្រង វាយតម្លៃ និងបង្ហាត់កីឡាករ។
សិក្ខាសាលាស្តីពី«ផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនរបស់គ្រូជម្រើសជាតិ»នេះ ក៏ដើម្បីរួមចំណែកអភិវឌ្ឍសមត្ថភាពគ្រូបង្វឹក និងកីឡាករសម្រាប់ត្រៀមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ASEAN Games ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ។ សម្រាប់លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាបានចាត់ទុក ការធ្វើផែនការល្អជាបច្ច័យដ៏សំខាន់ក្នុងការរួមចំណែកឲ្យការហ្វឹកហាត់មានប្រសិទ្ធភាព និងគុណផងរីកចម្រើន។
«ការហ្វឹកហាត់របស់ក្រុមកីឡាករជម្រើសជាតិ និងថ្នាលត្រូវធ្វើតាមលក្ខណៈបច្ចេកទេស មានន័យថា មានផែនការល្អ ហើយត្រូវអនុវត្តផែនការនោះឲ្យបានត្រឹមត្រូវទៀត ទើបធ្វើឲ្យការហ្វឹកហាត់ និងការបង្ហាត់ទទួលបានលទ្ធផលល្អ និងគុណផលកើនឡើង។ វគ្គនេះយើងរៀបចំដើម្បីត្រៀមកីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន ពិសេសស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា»។ នេះជាការលើកឡើងរបស់លោក ប៉ុន សុខ។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានចាត់ទុកសិក្ខាសាលានេះ វាជាឱកាសដ៏ល្អសម្រាប់គ្រូបង្វឹក និងគ្រូជំនួយសិក្សាពីបច្ចេកទេស និងបទពិសោធពីអ្នកជំនាញ ដើម្បីអភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរថែមទៀត។ ជាមួយនេះលោកជំរុញឲ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។
លោក ប្រាក់ សុវណ្ណារ៉ា កំពុងបង្ហាញពីរបៀបធ្វើផែនការហ្វឹកហាត់ដល់សិក្ខាកាម, រូបភាពពីអគ្គនាយកដ្ឋានកីឡា
«សិក្ខាសាលានេះមានតម្លៃ និងប្រយោជន៍ណាស់សម្រាប់លោកគ្រូអ្នកគ្រូ។ ដូច្នេះលោកគ្រូអ្នកគ្រូត្រូវយកចិត្តទុកដាក់រៀនសូត្រ ទទួលយកចំណេះដឹងពីគ្រូឧទ្ទេស ដែលគាត់បានខិតខំសិក្សាស្រាវជ្រាវ ដើម្បីយកចំណេះដឹងមកចែករំលែក។ បើសិក្ខាកាមឲ្យពេលវេលាដ៏មានតម្លៃកន្លងផុត សិក្ខាសាលានេះក៏គ្មានប្រយោជន៍ដូចគ្នា ហើយលោកគ្រូអ្នកគ្រូ ក៏មិនទទួលបានចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរផងដែរ»។ ការលើកឡើងបែបនេះរបស់លោក ប៊ូ ជុំសេរី ពេលលោកធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី««ផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនរបស់គ្រូជម្រើសជាតិ»កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
សិក្ខាសាលានេះ ក្រោមបទឧទ្ទេសពីអ្នកជំនាញ៦រូប។ ក្នុងនោះលោក ប៊ូ ជុំសេរី ចែករំលែកពីគ្រូបង្វឹក និងការអភិវឌ្ឍគុណផល, លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្ហាញពីរបៀបធ្វើផែនការ និងវិធីសាស្ត្រហ្វឹកហាត់កីឡាកម្រិតខ្ពស់, លោក ស្តើង ជា ពីរបបអាហារនិងភេសជ្ជៈសម្រាប់អត្តពលិក, លោក ព្រំ វណ្ណារឿន ពីការប្រឆាំងសារធាតុដូប៉ាតាមអនឡាញ, លោក ប្រាក់ សុវណ្ណារ៉ា បង្ហាញពីផែនការហាត់ហ្វឹកហ្វឺន និងលោក រ៉ា ម៉ា បង្ហាញពីការប្រើប្រាស់ឧបករណ៍ហ្វឹកហាត់ជំនួយសាច់ដុំ៕