អន្តរជាតិ
កូរ៉េខាងជើង ប្រកាសដំណើរទស្សនកិច្ចទៅរុស្ស៊ីរបស់លោក គីម ដើម្បីជួបលោក ពូទីន
× កូរ៉េខាងជើង នៅថ្ងៃទី២៣ ខែមេសា បានប្រកាសពីគម្រោងនៃដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកំពូល គីម ជុងអ៊ុន ទៅកាន់រុស្ស៊ី។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង លោក គីម នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប៉ុន្តែគេមិនទាន់ដឹងពីរបៀបវារៈនៃជំនួបទល់មុខជាលើកដំបូងនេះឡើយ។ នេះជារឿងកម្រមួយដែលកូរ៉េខាងជើងបញ្ចេញព័ត៌មានទាក់ទងដំណើរនៅបរទេសរបស់មេដឹកនាំខ្លួនជាមុនបែបនេះ។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។ នេះបើតាមការប្រកាសរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KNCA នៅថ្ងៃទី២៣ ខែមេសានេះ។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មិនបានបង្ហាញពេលវេលា និងទីតាំងជាក់លាក់នៃជំនួបរវាងលោក គីម និងលោក ពូទីន ឡើយក្រៅពីប្រកាសថា ជំនួបនេះនឹងធ្វើឡើងឆាប់ៗនេះ។
ទាំងរុស្ស៊ី ទាំងកូរ៉េខាងជើងមិននិយាយអ្វីច្រើនពីជំនួបមេដឹកនាំលើកដំបូងនេះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីជាច្រើនបានផ្សាយពីព័ត៌មាននៃដំណើរទស្សនកិច្ចរបស់លោក គីម ។ លោក ពូទីន ទំនងជាទទួលលោក គីម នៅទីក្រុងវ៉ា្លឌីវ៉ូស្តុកនៅថ្ងៃទី២៤ ឬទី២៥ ខែមេសាខាងមុខ មុនលោកចាកចេញទៅកាន់ទីក្រុងប៉េកាំងរបស់ចិន។ មេដឹកនាំកូរ៉េខាងជើង អាចបន្តស្នាក់នៅទីក្រុងរុស្ស៊ីមួយនេះរហូតដល់ថ្ងៃទី២៦ ខែមេសា ទើបត្រឡប់ទៅស្រុកវិញ។
មន្ត្រីផ្នែកពិធីការរបស់លោក គីម គឺលោក គីម ឆាងសុន បានទៅត្រួតពិនិត្យទីតាំងជាច្រើនក្នុងទីក្រុងវ្ល៉ាឌីវ៉ូស្តុកដើម្បីត្រៀមទទួលដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកូរ៉េខាងជើង។ កាសែតរុស្ស៊ី Kommersant រាយការណ៍ថា ជំនួបរវាលោក ពូទីន និងលោក គីម អាចធ្វើនៅសាកលវិទ្យាល័យមួយកន្លែង។ លោក គីម នឹងធ្វើដឹកនាំប្រតិភូប្រមាណ២៣០នាក់ទៅកាន់រុស្ស៊ីផងដែរ។
ជុំវិញមធ្យោបាយធ្វើដំណើរវិញ កាសែតរុស្ស៊ីដដែលផ្សាយថា លោក គីម នឹងជិះរថភ្លើងពីរដ្ឋធានីព្យុងយ៉ាងទៅកាន់ទឹកដីរុស្ស៊ីតែម្ដង ដែលដំណើរទស្សនកិច្ចនេះអាចចំណាយពេល២០ម៉ោងឯណោះ។ បើគិតគូរតាមពេលវេលាជិះរថភ្លើងនេះ មេដឹកនាំកូរ៉េខាងជើងអាចចាកចេញនៅថ្ងៃទី២៣ ឬទី២៤ ខែមេសា។ ឬក៏ម្យ៉ាងទៀត លោក គីម អាចជ្រើសរើសមធ្យោបាយផ្លូវអាកាសវិញក្នុងករណីមិនចង់ចំណាយពេលច្រើនតាមផ្លូវគោក។
ជំនួបជាមួយមេដឹកនាំរុស្ស៊ី អាចជាឱកាសល្អសម្រាប់ការប្រឹងប្រែងផ្នែកការទូតរបស់លោក គីម ក្នុងការប្រមូលការគាំទ្រពីសំណាក់ខ្នងបង្អែកដ៏សំខាន់មួយរបស់កូរ៉េខាងជើង ស្របពេលដែលការចរចាជាមួយអាមេរិកនៅជាប់ទ្រឹង។ លើសពីនោះ រុស្ស៊ីក៏ជួយរ៉ាប់រងសេដ្ឋកិច្ចរបស់កូរ៉េខាងជើងដែលរងគ្រោះខ្លាំងដោយសារទណ្ឌកម្មអន្តរជាតិផងដែរ ព្រោះលោក គីម ហាក់ខ្វាយខ្វល់ច្រើនពីរឿងសេដ្ឋកិច្ចនេះតាំងពីជំនួបបរាជ័យនៅហាណូមក៕
Tag:
កូរ៉េខាងជើង
រុស្ស៊ី
គីម ជុងអ៊ុន
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com