ជាតិ
មន្ត្រីឧទ្យានុរក្ស៧០០នាក់ ចូលធ្វើសច្ចាប្រណិធាន ដើម្បីក្លាយជានគរបាលយុត្តិធម៌ រូបភាពពីក្រសួងបរិស្ថាន
× ភ្នំពេញ៖ មន្រី្តឧទ្យានរក្ស និងមន្រី្តនៃក្រសួងបរិស្ថានមកពីបណ្ដាលខេត្តនានាចំនួន៧០០នាក់ បានចូលធ្វើសច្ចាប្រណិធាន នៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។
លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការធ្វើបែបនេះ គឺជាការផ្ដល់ឱកាសឲ្យមន្រី្តឧទ្យានរក្ស និងមន្រី្តនៃក្រសួងបរិស្ថានទាំង៧០០នាក់នោះ ពង្រឹងសមត្ថភាពបន្ថែម ជាពិសេសក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិឲ្យកាន់តែមានសិទ្ធិថែមទៀត។
ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាឧទ្ធរណ៍ លោក វ៉ាន់ វិបុល បានផ្ដាំទៅមន្រី្តឧទ្យានុរក្សទាំងអស់ ឲ្យសហការជាមួយមន្រី្តមានសមត្ថកិច្ចផ្សេងៗ និងស្ថានប័នពាក់ព័ន្ធ ជាពិសេសព្រះរាជអាជ្ញាក្នុងដែនរបស់ខ្លួន។ ជាមួយគ្នានេះ ត្រូវឈ្វេងយល់បន្ថែមអំពីចំណេះដឹងផ្នែកច្បាប់ ដើម្បីងាយស្រួលក្នុងការចាត់ការចំពោះជនល្មើស។ លោក សង្កត់ធ្ងន់ថា ត្រូវមានរបាយការណ៍ច្បាស់លាស់ ព្រោះរបាយការណ៍ត្រូវបញ្ជូនទៅតុលាការ ចាត់វិធានការចំពោះជនល្មើសតាមច្បាប។
រូបភាពពីក្រសួងបរិស្ថាន
មន្ត្រីឧទ្យានុរក្សប្រចាំនៅតាមតំបន់ការពារធម្មជាតិ មាននីតិសម្បទាជាភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្ត្រីនគរបាលយុត្តធម៌ មានភារកិច្ចល្បាតជាប្រចាំ ក្នុងការអង្កេត តាមដាន ស្រាវជ្រាវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី និងចាត់វិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងមានវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ។ មន្ត្រីឧទ្យានុរក្សក៏មានភារកិច្ច ប្រចាំការជាប្រចាំ ក្នុងការត្រួតពិនិត្យលិខិតអនុញ្ញាត និងឯកសារផ្សេងៗ ក៏ដូចជាការនាំចេញ និងនាំចូលនូវប្រភេទសត្វ រុក្ខជាតិ និងគ្រាប់រុក្ខជាតិផ្សេងៗ ក្នុងតំបន់ការពារធម្មជាតិ។ ភារកិច្ចមួយទៀតរបស់ឧទ្យានុរក្សគឺ ការងារអប់រំផ្សព្វផ្សាយស្តីពី កិច្ចការពារបរិស្ថាន សម្របសម្រួល និងអភិវឌ្ឍសហគមន៍ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលរស់នៅក្នុងនិងក្បែរតំបន់ការពារធម្មជាតិ។
កម្លាំងឧទ្យានុរក្សក្នុងឆ្នាំ១៩៩៥ មាន៩៥នាក់ ហើយបានកើនដល់១២២១នាក់ ក្នុងឆ្នាំ២០១៧។ ក្រសួងបរិស្ថាន កំពុងការពារនិងអភិរក្សលើផ្ទៃប្រមាណ៧លាន៥សែនហិកតានៅទូទាំងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com