ជាតិ
ពលរដ្ឋ​កម្ពុជា​សង្ឃឹម​បាន​សិក្សា​នៅក្នុង​សហរដ្ឋអាមេរិក​៖ យើង​សូម​ស្វាគមន៍​អ្នក​នៅទីនេះ​!
23, Apr 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្ញុំ​សូម​អបអរសាទរ​និស្សិត​កម្ពុជា​ទាំងអស់ ដែល​បានទទួល​ឲ្យ​ចូលរៀន​នៅក្នុង​ស្ថាប័ន​មួយ​ក្នុងចំណោម​ស្ថាប័ន​ឧ​តុ្ត​មសិ​ក្សា​ចំនួន​ជាង ៤៧០០ នៅក្នុង​សហរដ្ឋអាមេរិក ដែលមាន​ការទទួលស្គាល់​ជា​ផ្លូវការ  ។ អ្នក​ដែល​បានទទួល​សញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ​របស់​សហរដ្ឋអាមេរិក បាន​ក្លាយជា​អ្នកដឹកនាំ និង​ជា​អ្នកបង្កើត​ថ្មី នៅក្នុង​វិស័យ​ជាច្រើន នៅ​ជុំវិញ​ពិភពលោក ហើយ​អ្នក​គួរតែមាន​មោទនភាព​ចំពោះ​ការអញ្ជើញ​ឲ្យ​ចូលរួម​ជាមួយ​ក្រុមយុវជន​ពិសេស​នេះ ដែល​ជីវិត​របស់គេ​នឹង​មា​ការផ្លាស់ប្តូរ​ជា​រៀងរហូត ដោយសារ​ថាមភាព ភាព​បើកចំហ និង​គុណភាព​នៃ​សាលា នៅ​ទូទាំង​សហរដ្ឋអាមេរិក ។ នៅ​កម្ពុជា មាន​សិស្ស​កាន់តែ​ច្រើនឡើង​សិក្សា​នៅ​បរទេស ក្នុង​សហរដ្ឋអាមេរិក ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ តាមពិតទៅ នៅ​ឆ្នាំ ២០១៨ ចំនួន​និស្សិត​កម្ពុជា​សិក្សា​នៅក្នុង​សហរដ្ឋអាមេរិក​មានកំ​ណើ​ន​លើស​ឆ្នាំ ២០១៧ ចំនួន ២៩% ហើយ​យើង​រំពឹងថា និន្នាការ​នេះ​នឹង​បន្ត​មាន​ទៀត ។​

 
​ការផ្តល់​ការអនុញ្ញាត​ឲ្យ​ចូលរៀន​គឺជា​លទ្ធផល​នៃ​ការគិតគូរ​ហ្មត់ចត់​ជាច្រើន និង​ការខិតខំ ទាំង​របស់​និស្សិត​ដែល​ដាក់ពាក្យ​ចូលរៀន ទាំង​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​អាមេរិក ដែល​ធ្វើការ​ពិនិត្យ​ហ្មត់ចត់​លើ​ពាក្យសុំ​ចូលរៀន​ទាំងនោះ​។ យើង​មើលឃើញ​ពី​ថាមពល និង​គំនិត​ច្នៃប្រឌិត ដែល​អ្នក​ដាក់បញ្ចូល​ទៅក្នុង​និពន្ធ​អត្ថបទ ស្តីពី​គំនិត​និង​ការ​ស្រមៃ​ចង់បាន​របស់​អ្នក ការខិតខំ​រៀបចំ​សម្រាប់​ការប្រឡង​ផ្នែក​ភាសា​អង់គ្លេស និង​ការប្រឡង​ដទៃទៀត ហើយ​និង​ការប្តេជ្ញាចិត្ត​របស់​អ្នក ចំពោះ​ការងារ​ដើម្បី​សហគមន៍ ហើយ​និង​ចំណាប់អារម្មណ៍​ផ្សេងៗ​ក្រៅ​កម្មវិធីសិក្សា ។​
 
​ពេលនេះ មាន​និស្សិត​អន្តរជាតិ​ជាង​មួយ​លាន​នាក់ កំពុង​សិក្សា​នៅតាម​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា ក្នុង​សហរដ្ឋអាមេរិក ដែលជា​ការធ្វើ​ឲ្យ​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​ដែលមាន​និស្សិត​អន្តរជាតិ​សិក្សា​ច្រើនជាងគេ អស់​ពេល​ដ៏​យូរ​មកហើយ ។ នេះ​គឺជា​ការបញ្ជាក់​ពី​គុណភាព​ដែល​មិនអាច​ផ្ទឹម​បាន  របស់​ឧ​ត្ត​មសិ​ក្សា​នៅ​សហរដ្ឋអាមេរិក នៅក្នុង​ក្រសែភ្នែក​របស់​និស្សិត​អន្តរជាតិ និង​ក្រុមគ្រួសារ​របស់គេ ។​
 
​និស្សិត​អន្តរជាតិ ពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​នានា​ជុំវិញ​ពិភពលោក បណ្តុះ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ និង​សហគមន៍ ដែលមាន​ភាពចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សាកល​។ យើង​ឲ្យ​តម្លៃ លើ​ការចូលរួម​ទាំងអស់គ្នា ហើយ​គាំទ្រ​យ៉ាងសកម្ម ចំពោះ​និស្សិត​មកពី​មជ្ឈដ្ឋាន​នានា ដែល​មក​រៀន​នៅក្នុង​សាលា​របស់​យើង ។ មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នៅ​ទូទាំង​សហរដ្ឋអាមេរិក ឲ្យ​តម្លៃ​និស្សិត​អន្តរជាតិ ដែលមាន​ទស្សនៈ​ពិសេស និង​ផ្សេងៗ​គ្នា ដែល​គេ​ផ្តល់ ទាំង​នៅក្នុង​ថ្នាក់ ទាំង​នៅក្រៅ​ថ្នាក់ ។ សហគមន៍ និង​សាកលវិទ្យាល័យ​អាមេរិក ទទួល​អត្ថប្រយោជន៍​ពី​ចំណេះដឹង និង​ទេពកោសល្យ​របស់​និស្សិត​អន្តរជាតិ ដែលជា​ការជួយ​ក្នុងការ​រៀបចំ​យើង​សម្រាប់​អនាគត​រួម និង​ប្រកបដោយ​ជោគជ័យ នៅក្នុង​ពិភពលោក​មួយ ដែលមាន​ការទាក់ទង​គ្នា​ទៅវិញទៅមក ។​
 
​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​របស់​ស​ហ​រដ្ឋ​អាមេរិក មាន​មោទនភាព​ក្នុង​ការផ្តល់​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព និង​ការស្វាគមន៍ ដល់​និស្សិត​របស់គេ​ទាំងអស់ ហើយ​ខ្ញុំ​សូមបញ្ជាក់ថា អ្នកនឹង​ទទួលបាន​ការស្វាគមន៍ នៅក្នុង​សហរដ្ឋអាមេរិក ។ សាកលវិទ្យាល័យ​ជាច្រើន ផ្ញើ​សា​ស្វាគមន៍​ទៅកាន់​និស្សិត នៅ​ជុំវិញ​ពិភពលោក តាមរយៈ​យុទ្ធនាការ #YouAreWelcomeHere ។ ខ្ញុំ​សូម​ចូលរួម​ជាមួយ​គេ ក្នុងការ​ស្វាគមន៍​អ្នក​មកកាន់​សហរដ្ឋអាមេរិក ដែល​ក្នុងនោះ មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​របស់​យើង​ផ្តល់ឱកាស​សិក្សា​ដ៏​មានតម្លៃ ដើម្បី​ជួយ​អ្នក​ក្នុង​ការសម្រេច​គោលដៅ​ក្នុង​អាជីព និង​ក្នុង​ជីវិត​របស់​អ្នក​។​
 
​មន្ត្រី​កុងស៊ុល​នៅ​ភ្នំពេញ និង​នៅតាម​ស្ថានទូត​និង​ស្ថាន​កុងស៊ុល​អាមេរិក នៅ​ជុំវិញ​ពិភពលោក​បន្តធ្វើ​ការ​ដោយ​យកចិត្តទុកដាក់ នៅក្នុង​ការពិនិត្យ​សម្រេច​លើ​សំណើសុំ​ទិដ្ឋាការ​និស្សិត ហើយ​ព័ត៌មាន​ស្តីពី​ដំណើរការ​ទាក់ទង​នឹង​ទិដ្ឋាការ​មាននៅ​ក្នុង​គេហទំព័រ​ https://travel.state.gov/content/visas/en.html ឬ​នៅក្នុង​គេហទំព័រ​របស់​យើង https://kh.usembassy.gov/visas/nonimmigrant-visas/​។​
​អ្នក​ផុ្ត​ល់​ការណែនាំ​របស់​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ស្តីពី​ការសិក្សា​នៅ​សហរដ្ឋអាមេរិក (EducationUSA) ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​ស្តីពី​ការសិក្សា​នៅក្នុង​សហរដ្ឋអាមេរិក ។ អ្នក​អាច​រកឃើញ​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​នេះ​តាម​គេហទំព័រ https://educationusa.state.gov/find-advising-center ។ 
 
​ចំពោះ​អ្នក​ដែល​កំពុង​ពិចារណា​ចង់​សិក្សា​នៅក្នុង​សហរដ្ឋអាមេរិក អ្នកផ្តល់​ការណែនាំ​របស់​មជ្ឈមណ្ឌល EducationUSA  អាច​ផ្តល់ព័ត៌មាន​ល្អៗ សម្រាប់​ជួយ​ក្នុងការ​សម្រេចចិត្ត​រប​ស់​ពួកគេ ។ ដោយមាន​ស្ថាប័ន​ដែលមាន​ការទទួលស្គាល់​ជា​ផ្លូវការ​ចំនួន​ជាង ៤៧០០ នៅក្នុង​រដ្ឋ​ទាំង ៥០ វា​ពិត​ជាមាន​មហាវិទ្យាល័យ ឬ​សាកលវិទ្យាល័យ​មួយ ដែល​ត្រូវ​សម្រាប់​មនុស្ស​គ្រប់គ្នា ។ មាន​ជម្រើស​ក្នុងការ​សិក្សា ក្នុងតម្លៃ​ផ្សេងៗ ដោយ​រួមទាំង​មហាវិទ្យាល័យ​សហគមន៍ និង​ទម្រង់ “២ បូក ២” ដែល​បូក​បញ្ចូល​គ្នា​នូវ​ការសិក្សា​នៅក្នុង​មហាវិទ្យាល័យ​សហគមន៍ និង​ការសិក្សា​នៅក្នុង​ស្ថាប័ន​សិក្សា ៤ ឆ្នាំ ដើម្បី​ទទួលបាន​នូវ​សញ្ញាប័ត្រ​បរិ​ញ្ញា​។​
 
​សាកលវិទ្យាល័យ និង​មហាវិទ្យាល័យ​អាមេរិក ក៏ដូចជា​ប្រជាជន​អាមេរិក និង​បណ្តា​សហគមន៍​នៅ​ទូទាំងប្រទេស​របស់​យើង​សូម​ស្វាគមន៍​អ្នក​។​
 
​ក្នុងនាម​ជា​ភារធារី​នៃ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា ខ្ញុំ​សូម​សំដែង​អំណរ​សាទរ និង លើកទឹកចិត្ត​អ្នក ដែល​បានទទួល​ការអនុញ្ញាតអោយ​ចូលរៀន សូម​ទទួលយក​នូវ​ឱកាស ដែល​ធ្វើ​ឲ្យ​ជីវិត​មានការ​ផ្លាស់ប្តូរ ហើយ​ចូលរួម​ជាមួយ​មិត្ត​របស់​អ្នក ក្នុងការ​ទទួលបាន​នូវ​តម្លៃ​ពិសេស​នៃ​ឧ​ត្ត​មសិ​ក្សា​នៅក្នុង​សហរដ្ឋអាមេរិក​។​
 
​ដោយ លោក Michael Newbill
​ភារធារី​នៃ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​
 

Tag:
 លិខិត​មិត្ត​អ្នកអាន​
© រក្សាសិទ្ធិដោយ thmeythmey.com