កីឡាអន្តរជាតិ
អន្តរជាតិ
Jenas អតីត​ជម្រើសជាតិ​អង់គ្លេស ថា Man Utd យក Solskjaer ធ្វើ​គ្រូ​ខុស​ហើយ​
23, Apr 2019 , 9:59 pm        
រូបភាព
​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Jermaine Jenas ថា​ការ​ជ្រើស​យក​លោក Ole Gunnar Solskjaer ធ្វើជា​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United គឺជា​ការសម្រេចចិត្ត​ខុស​។​


 
 Solskjaer បាន​ឡើងទៅ​ជំនួស​តំណែង​លោក Jose Mourinho កាលពី​ខែធ្នូ​កន្លងទៅ បន្ទាប់ពី Man Utd ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង​។ ក្រោម​ការដឹកនាំ​ចំនួប​១១​ប្រកួត​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​សបាន​ជួយ​បិសាច​ក្រហម​ឈ្នះ​ដល់​ទៅ​១០​ប្រកួត និង​ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ពេញសិទ្ធិ​តែម្តង​។​
 
​យ៉ាងណាក៏ដោយ Solskjaer មិនអាច​ជួយ Man Utd ឆ្លង​ផុត​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន Champions League នោ​ទេ ក្រោយ​ចាញ់ Barcelona ទាំងពីរ​ជើង​ក្នុង​លទ្ធផល ៤-០​។​
​នៅពេល​សួរ​អំពី​លោក Solskjaer ដែល​ក្លាយជា​អ្នកចាត់ការ​អចិ​ន្ត្រៃ​នោះ លោក Jenas បាន​ឆ្លើយ​ប្រាប់ BBC Sport ថា​លោក​ពិតជា​ភ្ញាក់ផ្អើល​នឹង​ការតែងតាំង​នេះ​ណាស់​។​


លោក Jermaine Jenas អតីតខ្សែបម្រើរបស់ Spurs ដែលបច្ចុប្បន្នជាអ្នកវិភាគកីឡាបាល់ទាត់ឲ្យ BBC
 
​ក្នុងនាម​ជា​អ្នកវិភាគ​ឲ្យ BBC Sport ផងដែរ​នោះ អតីត​ខ្សែបម្រើ​ក្រុម Tottenham Hotspur វ័យ​៣៦​ឆ្នាំ​រូបនេះ​លើកឡើងថា​៖«​ខ្ញុំ​គិតថា​នេះ​ជាការ​សម្រេច​ដ៏​រំជួលចិត្ត​មួយ ដែល​មិនបាន​គិតគូ​ឲ្យ​បានច្បាស់លាស់​សម្រាប់​ការដឹកនាំ​រយៈពេល​វែង​»​។​
 
Jenas បន្ថែមថា អ្វីដែល​លោក Sir Alex Ferguson ធ្វើ​គឺ​ពិតជា​ពិសេស​ណាស់​សម្រាប់ Man Utd ដែល​ពិតជា​លំបាក​ណាស់​ដើម្បី​ឲ្យ​អ្នកផ្សេង​ចម្លង​របៀប​នៃ​ការដឹកនាំ​ក្នុង​កម្រិត​ខ្ពស់បំផុត​របស់លោក​។​
 
​ចាប់តាំងពី​លោក Solskjaer ក្លាយជា​អ្នកចាត់ការ​ពេញ​សិទ្ធិមក Man Utd ទទួលបាន​លទ្ធផល​មិន​គាប់ប្រសើរ​នោះទេ ដោយ​ប្រកួត​៨​លើកចុងក្រោយ​បរាជ័យ​ដល់​ទៅ​៦​លើក​ទៅហើយ ជាពិសេស​ចាញ់ Everton ដល់​ទៅ ៤-០ ដែល​ធ្វើ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នេះ ពិបាក​ក្នុងការ​ដណ្តើមយក​ចំណាត់ថ្នាក់ Top4 ដើម្បី​កៅអី Champions League រដូវ​ក្រោយ​។​
 
​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យនេះ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦ មាន​៦៤​ពិន្ទុ ក្រោយ​ឆ្លងកាត់​៣៤​លើកចុងក្រោយ តាម​ពីក្រោយ​ក្រុម​លេខ​៤ Chelsea ដែល​ប្រកួត​៣៥​លើក ចំនួន​៣​ពិន្ទុ​៕
 

Tag:
 បាល់ទាត់​
  Ole Gunnar Solskjaer
  Jermaine Jenas
© រក្សាសិទ្ធិដោយ thmeythmey.com