កីឡាជាតិ
ជាតិ
រដ្ឋាភិបាល​ការពារ​ក្រសួង​អប់រំ​ថា ពិតជា​មិនបាន​កិបកេង​ប្រាក់រង្វាន់​កីឡាករ​កាយ​វប្បកម្ម​
23, Apr 2019 , 5:59 pm        
រូបភាព
ដោយ:
​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពីពេល​ថ្មីៗ បានចេញ​លិខិត​គាំទ្រ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចំពោះ​ការផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី​មេដាយមាស​កីឡា​កាយ​វប្បកម្ម​ពិភពលោក​ដោយ​អះអាងថា ក្រសួង​បាន​អនុវត្ត​ត្រឹម​តាមច្បាប់​។ ការអះអាង​បែបនេះ គឺ​បន្ទាប់ពី​មានការ​ចោទប្រកាន់ថា ក្រសួង​បាន​កិបកេង​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់​កីឡាករ សំបូរ សុភ​ណ្ឌ​។​

 
​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាងថា ក្រសួង​អប់រំ​យុវជន​និង​កីឡា​មិនបាន​កិបកេង​ថវិកា​១០០​លាន​រៀល​របស់​ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​កាយ​វប្បកម្ម សំបូរ សុភ​ណ្ឌ ដូច​ការចោទប្រកាន់​នោះទេ​។ នេះ​បើ​យោងតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩​។ 
 
​លិខិត​គាំទ្រ​ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ី​ន វីរ​ជាតិ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ករណី​របាយការណ៍​ស្តីពី​ការផ្តល់​ប្រាក់រង្វាន់​ដល់​ម្ចាស់​ជ័យលាភី​នៃ​ការចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ប្រចាំឆ្នាំ និង​ការផ្តល់​ប្រាករង្វាន់​ដល់​ម្ចាស់​ជ័យលាភី​កីឡា​កាយ​វប្បកម្ម​ជើងឯក​ពិភពលោក រាជរដ្ឋាភិបាល​យល់ឃើញ​ថា ការអនុវត្ត​តាម​គោលការណ៍​ក្រសួង​អប់រំ​យុវជន​និង​កីឡា គ្រប់គ្រាន់​ហើយ​»​។​
 
​ការអះអាង​របស់​រាជ​រដ្ឋាភិបាល គឺធ្វើឡើង​បន្ទាប់ពី​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ផ្ញើលិខិត​ទៅកាន់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ​ពី​របាយការណ៍​ផ្តល់ប្រាក់​រង្វាន់​សម្រាប់​ការចូលរួម​ប្រកួត​អន្តរជាតិ និង​ប្រាក់រង្វាន់​លើក​ចិត្ត​ម្ចាស់​មេដាយមាស​កីឡា​កាយ​វប្បកម្ម​។ ការផ្ញើ​លិខិត​ទៅកាន់​ថ្នាក់ដឹកនាំ​នេះ គឺ​បន្ទាប់ពី​មានការ​ចោទប្រកាន់ថា ក្រសួង​បាន​កិបកេង​ថវិកា​លើកទឹកចិត្ត​១០០​លាន​រៀល​របស់​កីឡាករ សំបូរ សុ​ភ័​ណ្ឌ​។ 
 
​បញ្ហា​ចម្រូងចម្រាស​មួយ​បាន​កើតឡើង​បន្ទាប់ពី​កីឡាករ សំបូរ សុភ​ណ្ឌ បាន​ចោទប្រកាន់ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កិបកេង​ថវិកា​លើកទឹកចិត្ត​របស់គេ​ចំនួន​១០០​លាន​រៀល​។ ការចោទប្រកាន់​នេះ ក្រោយ​រូបគេ​ទទួល​បានតែ​២០​លាន​រៀល​ពី​ការ​ឈ្នះ​មេដាយមាស​ពិភពលោក​នៅ​ប្រទេស​ថៃ​កាលពី​ចុងឆ្នាំ​២០១៨ ខណៈ​រូបគេ​រំពឹង​ទទួលបាន​១២០​លាន​រៀល​ដូច​ប្រភេទ​កីឡា​ដទៃ ដែល​ក្រសួង​ធ្លាប់​ផ្តល់​ឲ្យ​។​
 
​ក្រោយ​ការចោទប្រកាន់ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ ដោយ​អះអាងថា ក្រសួង​មិនបាន​កិបកេង​ថវិកា​ដូច​ការលើកឡើង​របស់​កីឡាករ សំបូរ សុភ​ណ្ឌ នោះទេ​។ ហើយ​លោក​បានចាត់ទុក​ការចោទប្រកាន់​នេះ​ថា គឺជា​ការភាន់ច្រឡំ​។    
 
​បើតាម​ប្រកាស​អន្តរក្រសួង​ស្តីពី​«​គោលការណ៍​សម្រាប់​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ និង​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្លូវការ​ប្រចាំឆ្នាំ​» ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០១៥ ម្ចាស់​មេដាយមាស​ប្រចាំការ​ប្រកួត​ជើងឯក​ពិភពលោក​(World Championship)​ទទួលបាន​ថវិកា​លើកទឹកចិត្ត​២០​លាន​រៀល​, ប្រាក់​១៦​លាន​រៀល និង​សំរឹទ្ធ​១៣​លាន​រៀល​។​
 
​ប៉ុន្តែ​មេដាយ​នេះ​អាចមាន​តម្លៃ​ស្មើ​មេដាយ​កីឡា​អូឡាំពិក​ប្រសិនបើ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដាក់សំណើរ​ពិសេស​ទៅកាន់​រាជរដ្ឋាភិបាល  ដើម្បី​ចេញ​អនុក្រឹត្យ​ស្តីពី​«​ការផ្តល់ប្រាក់​រង្វាន់​ចំពោះ​ជ័យលាភី និង​ប្រាក់ឧបត្ថម្ភ​ចំពោះ​គ្រូបង្វឹក​ក្នុងការ​ប្រកួត​កីឡា​ជា​លក្ខណៈ​អន្តរជាតិ​»​។ ក្រោយ​ទទួលបាន​អនុក្រឹត្យ​នេះ នោះ​មេដាយមាស​នឹងមាន​តម្លៃ​១២០​លាន​រៀល ប្រាក់​៨០​លាន​រៀល និង​សំរឹទ្ធ​៦៤​លាន​រៀល​។ 
 
​ករណី​កីឡាករ សំបូរ សុភ​ណ្ឌ ការមិនទទួលបាន​ថវិកា​លើកទឹកចិត្ត​១២០​លាន​រៀល​ពី​រាជរដ្ឋាភិបាល​ដោយសារ​ក្រសួង​អប់រំ យុវជន​និង​កីឡា​រួម​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនបាន​ដាក់សំណើរ​ពិសេស​ទៅកាន់​រាជរដ្ឋាភិបាល ទើប​រូបគេ​ទទួល​បានតែ​២០​លាន​រៀល​៕   

Tag:
 កាយ​វប្បកម្ម​
  សំបូរ សុភ​ណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com