ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
លោក ថោង ខុន៖ ខេត្តកែប នឹងក្លាយជាតំបន់សម្រាកលំហែកម្រិតខ្ពស់ ដែលអាចគ្មានកាស៊ីណូ និងរោងចក្រ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
× ភ្នំពេញ៖ ខេត្តកែប នឹងក្លាយជាតំបន់សម្រាកលំហែកម្រិតខ្ពស់ ដោយធានាមិនឱ្យមានការបង្កើតកាស៊ីណូ(Casino) និងរោងចក្រសហគ្រាសឡើយ។ នេះជាការអះអាងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២២មេសា។
រាជរដ្ឋាភិបាល បានសម្រេចឱ្យក្រសួងទេសចរណ៍ ដឹកនាំការសិក្សាពីការរៀបចំផែនការមេ អភិវឌ្ឍន៍ខេត្តកែប ឱ្យក្លាយទៅជា«តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់»សំដៅទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។ ការសម្រេចដូច្នេះរបស់រាជរដ្ឋាភិបាល ធ្វើឡើងក្នុងកិច្ចប្រជុំ «គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ។
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
លោក ថោង ខុន បញ្ជាក់បន្តដូច្នេះ៖«ការអភិវឌ្ឍខេត្តកែប ឱ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់នេះ គឺរាប់បញ្ចូលទាំងទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក៏ដូចជារមណីដ្ឋានទេសចរណ៍នានាផងដែរ ប៉ុន្តែអាចនឹងមិនមានការបង្កើតឱ្យមាន«កាស៊ីណូ» និងរោងចក្រសហគ្រាសឡើយ»។
តាមរយៈទំព័រហ្វេសប៊ុកដដែល ក្រសួងទេសចរណ៍ ក៏បានលើកទឹកចិត្ត ឱ្យមានការបង្កើតលំនៅដ្ឋានទី២ សម្រាប់ភ្ញៀវទេសចរវ័យចំណាស់ ឬចូលនិវត្តន៍នៅខេត្តកែបផងដែរ ដើម្បីពន្យារពេលការស្នាក់នៅរបស់ពួកគេ។
បើតាមលោករដ្ឋមន្ត្រី ក្រៅពីគម្រោងអភិវឌ្ឍន៍ខេត្ត រាជរដ្ឋាភិបាល ក៏បានសម្រេចលើការសិក្សារៀបចំ«ខេត្តកំពតទៅជាតំបន់ទេសចរណ៍វប្បធម៌បេតិកភណ្ឌ និងកសិទេសចរណ៍»ផងដែរ។ រីឯខេត្តកោះកុង ក៏រាជរដ្ឋាភិបាលគ្រោងរៀបចំទៅជា«តំបន់អេកូទេសចរណ៍»ដែរ ខណៈខេត្តព្រះសីហនុ បានក្លាយជាតំបន់ទេសចរណ៍ និងសេដ្ឋកិច្ចពហុបំណងហើយនោះ។ នេះជាការគូសបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕
Tag:
ទេសចរណ៍
កែប
អចលទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com