ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
អន្សមអាំងមុខទូតចិន ជួយផ្គត់ផ្គង់ជីវភាព ៣គ្រួសារជិត២ទសវត្សរ៍
× ភ្នំពេញ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវម៉ៅសេទុង ទល់មុខស្ថានទូតចិន ឬរស់នៅតំបន់ក្បែនោះ ប្រាកដជាឃើញ អាជីវករកំពុងអង្គុយអាំង«នំអន្សម» និងមានអតិថិជនចេញចូលមមាញឹកគួរសម។ អ្នកលក់នំអន្សមអាំងនៅទីនោះ ខ្លះបានចំណាយពេលជាង១៥ឆ្នាំមកហើយ និងខ្លះទៀតបានផ្ទេរមុខរបរប្រពៃណីនេះឲ្យទៅកូនលក់បន្ត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគាត់។
អ្នកស្រី សុ ផាននី អ្នកលក់នំអន្សមអាំងក្រោមដើមឈើធំមួយដើម បានឲ្យដឹងថា អ្នកស្រី លក់នំអន្សមអាំងនេះ បន្តពីម្ដាយរបស់អ្នកស្រី បើគិតមកអស់រយ:ពេល គឺជាង១៥ឆ្នាំមកហើយ។ របរលក់អន្សមអាំងនៅមុខស្ថានទូតចិន ដែលអ្នកស្រី ផាននី ត្រូវក្រោកពីម៉ោង ៦ព្រឹកដល់ ៦ល្ងាច ជារៀងរាល់ថ្ងៃនេះ លក់អស់ជាង២០០ទៅ៣០០នំ ក្នុងមួយថ្ងៃ ដោយអន្សមអាំងមួយមានតម្លៃ ១ពាន់រៀល។ បើទោះជាមិនចំណេញបានច្រើន តែមុខរបរនេះអនុញ្ញាតឲ្យស្ត្រីវ័យជាង៣០ឆ្នាំម្នាក់នេះ ដោះស្រាយជីវភាពប្រចាំថ្ងៃបានសមរម្យ ដោយមានកូនអាយុ៣ឆ្នាំ និងម្ដាយជរាម្នាក់នៅក្នុងបន្ទុក។
នៅឃ្លាតពីកន្លែងលក់អន្សមអាំងរបស់អ្នកស្រី សុ ផាននី ប្រហែល១០០ម៉ែត្រ គឺអ្នកស្រី វ៉ាន់ ឌី កំពុងអាំងអន្សមនៅក្រោមម្លប់ឈើ ជិតបង្គោលភ្លើងស្តុបមុខទូតចិន បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងមួយថ្ងៃអ្នកស្រីលក់បានប្រហែល២០០នំ អាចចំណេញបានប្រហែល៦ម៉ឺនប៉ុណ្ណោះ។ អស់រយ:ពេលជាង១៥ឆ្នាំមកហើយនៅក្នុងមុខរបរប្រពៃណីមួយនេះ ដែលអ្នកស្រី វ៉ាន ឌី ប្រឈមនឹងកម្តៅថ្ងៃផង កម្តៅភ្លើងភាយចេញពីចង្ក្រានដែលអ្នកស្រីកំពុងដាក់អាំងនំអន្សមផង ផ្គួបផ្សំនឹងផ្សែងឡានម៉ូតបើកបរកាត់ផ្លូវម៉ៅសេទុង ទល់មុខស្ថានទូតចិនទៀតផង។ យ៉ាងណាក៏ដោយអ្នកស្រី វ៉ាន ឌី បញ្ជាក់យ៉ាងដូច្នេះថា អ្នកស្រីមិនមានគម្រោងឈប់ពីមុខរបរលក់នំអន្សមអាំងនេះឡើយ៕
សូមអញ្ជើញទស្សនាទិដ្ឋភាពអាជីវករលក់នំអន្សមអាំងនៅបណ្តោយផ្លូវម៉ៅសេទុង ទល់មុខស្ថានទូតចិន ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com