ជាតិ
សម្ដេច ស ខេង បញ្ជា​ឲ្យ​មន្ត្រី​រក​មូលហេតុ ដែល​ពលករ​ខ្មែរ​ពិការភាព ពេល​ត្រឡប់​ពី​ធ្វើការ​ក្រៅប្រទេស​វិញ​
24, Apr 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពលករ​ខ្មែរ​ខុសច្បាប់​មួយចំនួន ទទួលរង​ពិការភាព នៅពេលដែល​ពួកគេ ត្រូវបាន​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​។ វា​ជា​រឿង​ដែល​មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​សិក្សា​ស្រាវជ្រាវ​ដោះស្រាយ​លើ​បញ្ហា​នេះ​។ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្តីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨ និង​ទិសដៅ​ឆ្នាំ​២០១៩ នា​ថ្ងៃទី​២៣ មេសា​។​

 
​សម្ដេច ស ខេង ចាត់ទុក​បញ្ហា​ពលករ​រងគ្រោះ​នេះ ជា​រឿង​សំខាន់​មួយ ដែល​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ មិនត្រូវ​ឈរ​ឱបដៃ​មើល​នោះទេ ពោលគឺ​ត្រូវ​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​រក​ភាពយុត្តិធម៌​ដល់​ពលករ​ខ្មែរ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា​៖«(​ពលករ​)​ពេលដែល​ទៅ​(​ចំណាកស្រុក​)​នោះ ទោះបីជា​ទៅ​ខុសច្បាប់ ឬ​មិនដឹងថា​ទៅ​របៀប​ម៉េច មិនទាន់​ជាម​នុស្ស​ពិការ​ទេ​។ ប៉ុន្តែ​ពេល​ប​ញ្ចូ​ន​មកវិញ តាម​ច្រក​ហ្នឹង​វា​ទៅជា​មនុស្ស​ពិការ ។ នេះ​ជា​បញ្ហា​មួយ ដែល​យើង​មានការ​សោកស្ដាយ និង​ឈឺចាប់​ណាស់​។ ពេល​គាត់​ទៅ គាត់​ជា​មនុស្ស​មាន​កាយសម្បទា​គ្រប់គ្រាន់ ដៃជើង អាចមាន​កម្លាំង​ធ្វើការ​បាន តែ​ពេល​ត្រឡប់មកវិញ បាក់ដៃ​ម្ខាង បាក់ជើង​ម្ខាង ខ្វាក់ភ្នែក​ម្ខាង និង​ខ្វះ​ភ្នែក​ទាំងពីរ​។ នេះ​ជា​សោកនាដកម្ម​មួយ ដែល​យើង​មិនអាច​ឈរ​មើល​បានទេ​»​។​


 
 
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សម្ដេច ស ខេង បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចេញមុខ​ស្រាវជ្រាវ​រក​មូលហេតុ និង​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ក្នុងប្រទេស​នីមួយៗ ដែល​បញ្ជូន​ពលករ​ខ្មែរ​រងគ្រោះ ដូច​ការរៀបរាប់​ខាងលើ​ឲ្យ​ខាងតែបាន​។ បើតាម​សម្ដេច ស ខេង ការយកចិត្តទុកដាក់​ដោះស្រាយ​លើ​បញ្ហា​ពលករ​ខ្មែរ រងគ្រោះ​ដោយ​ពិការភាព​នេះ វា​ក៏​ជា​រឿង​មួយ​ល្អ សម្រាប់​រដ្ឋាភិបាល ដើម្បី​បញ្ចៀស​ការចោទប្រកាន់ ឬ​ថ្ម​បាក់​ទម្លាក់​មកលើ​ការដឹកនាំ​របស់ខ្លួន​ផងដែរ​។​
 
​កាលពី​ឆ្នាំ​២០១៨​កន្លងមក រដ្ឋាភិបាល បាន​ជួយសង្គ្រោះ​ពលករ​ខ្មែរ​រងគ្រោះ​ជាង​៨​ពាន់​នាក់ ពី​បណ្ដា​ប្រទេស​នានា ។​ក្នុងនោះ​ពួកគេ​រងគ្រោះ ដោយសារ​អំពើ​ជួញដូរ​មនុស្ស ការធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​ការកេងប្រវ័ញ្ច​កម្លាំង​ពលករ​ជាដើម​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងមហាផ្ទៃ​៕
 

Tag:
 ស ខេង​
  ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com