ភ្នំពេញ៖ «ការវិវត្តនៃវិស័យអប់រំបរិបថឌីជីថលក្នុងក្របខណ្ឌសកលនិងកម្ពុជា» នាសតវត្សរ៍ទី២១ ត្រូវទាមទារឱ្យមានការចូលរួមនៃការផ្លាស់ប្តូរផ្នត់គំនិតគ្រូ របៀបបង្រៀន របៀបអនុវត្តការងាររបស់គ្រូ និងទម្លាប់ចាស់ៗ ដើម្បីបង្កើតធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ លោក សំអោ អង្គារតន៍ អគ្គនាយករងនៃអគ្គនាយកគោលនយោបាយ និងផែនការ នៃក្រសួងអប់រំ បានមានប្រសាសន៍ថា ដើម្បីឱ្យសម្រេចបានការអប់រំបរិបថឌីជីថល លុះត្រាតែគ្រូៗយល់ពីតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់ និងបំពេញការងារតាមវិជ្ជាជីវៈក្នុងនាមជាគ្រូបង្រៀន។
ថ្លែងក្នុងសិក្ខាសាលាស្តីពីការវិវត្តនៃវិស័យអប់រំបរិបថឌីជីថលក្នុងក្របខណ្ឌសកល និងកម្ពុជានៅរដ្ឋសភា នាថ្ងៃទី២២មេសា រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បានពន្យល់ដូច្នេះថា «វិជ្ជាជីវៈគ្រូបង្រៀននេះ ទាល់តែមានការបណ្តុះបណ្តាលសិស្សឱ្យច្បាស់់លាស់ ទាល់តែមានការសិក្សាស្រាវជ្រាវជាប្រចាំ គោរពម៉ោងពេលវេលាក្នុងការបំពេញការងារ និងឆន្ទៈក្នុងការបង្រៀនសិស្សឱ្យក្លាយជាធនធានមនុស្ស»។
រូបពីក្រសួងអប់រំ
ក្រៅពីផ្លាស់ប្តូរការបង្រៀនរបស់គ្រូ ដែលពាក់ព័ន្ធទៅនឹងការវិវត្តនៃវិស័យអប់រំបរិបថឌីជីថល ក្នុងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលនិយាយអំពីការអប់រំដ៏ឆ្លាតវៃ (Smart Education) ត្រូវមានការបំពាក់សម្ភារៈទំនើបៗ ដែលអាចឱ្យសិស្សចាប់យកចំណេះដឹងក្នុងសម័យឌីជីថលនេះបាន គឺត្រូវគិតពីតួនាទី និងភាពជាអ្នកដឹកនាំរបស់នាយកសាលារៀននីមួយៗ។ លោក សំអោ អង្គារតន៍ បានបញ្ជាក់ថា « នាយកសាលាគឺជាជនគន្លឹះ ក្នុងការធ្វើយ៉ាងម៉េចដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធសាលារបស់យើងមានភាពល្អប្រសើរ។ ព្រោះប្រសិនបើយើងមើលឃើញសាលាមួយអភិវឌ្ឍ និងសាលាមួយទៀតមិនអភិវឌ្ឍដែលទទួលបានថវិកាគាំទ្រដូចគ្នាពីរដ្ឋាភិបាល។ ដូច្នេះយើងអាចចោទសួរបាន តើហេតុបានសាលាអាចធ្វើបាន ហើយសាលាមួយទៀតមិនអាចធ្វើបាន? អ៊ីចឹងភាពជាអ្នកដឹកនាំរបស់គណៈគ្រប់គ្រងរបស់នាយកសាលាគឺជាកត្តាមួយកំណត់ជាភាពជោគជ័យរបស់សាលារៀន។ ក្នុងន័យនេះ ខ្ញុំចង់បង្ហាញថា តើបរិក្ខារសិក្សារូបវន្តបុគ្គលក្នុងសតវត្សរ៍ទី២១នេះត្រូវមានអ្វីខ្លះ? នេះគ្រាន់តែជាគំនិត និងទស្សនទានមួយ ដែលគណៈគ្រប់គ្រង ឬនាយកសាលារៀនមួយៗ ត្រូវយកទៅពិចារណា ដើម្បីឱ្យសាលារៀនរបស់យើងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្សក្នុងសតវត្សរ៍ទី២១នេះបាន»។
លោក Goh Chor Boon ព្រឹទ្ធបុរស និងអ្នកគ្រប់គ្រងទូទៅ នៃវិទ្យាស្ថានជាតិអប់រំអន្តរជាតិសឹង្ហបុរី
លោក សំអោ អង្គារតន៍ បានស្រង់របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលពាក់ព័ន្ធទៅនឹងការចូលរួមក្នុងសេដ្ឋកិច្ចកម្ពុជា មានវិស័យចំនួន១១កំពុងខ្វះខាតកម្លាំងពលកម្មជំនាញក្នុងស្រុក។ ជាមួយគ្នានេះ ក្រសួងអប់រំ កំពុងគិតគូរលើបញ្ហានេះ ដើម្បីផ្តល់ឱ្យសិស្ស ដោយមិនចាំបាច់ចូលទៅសិក្សាដល់ថ្នាក់បរិញ្ញាបត្រ។ មានន័យថាបើសិស្សទាំងនោះអាចសិក្សាចប់ត្រឹមថ្នាក់ទី១២ គឺអាចចូលទៅទីផ្សារការងារទាំងនោះបាន ដោយជំនាញក្នុងវិស័យបច្ចេកទេសជាអទិភាពសម្រាប់ឆ្នាំសិក្សា២០១៧-២០២០ រួមមាន៖ ជំនាញបច្ចេកទេសកែច្នៃកសិផល, បច្ចេកវិទ្យា Software និង Digital Contents, បច្ចេកវិទ្យាជីវសាស្ត្រ, បច្ចេកវិទ្យាវាយនភ័ណ្ឌ, បច្ចេកវិទ្យាវិស្វករកសិកម្ម និងជំនាញបច្ចេកវិទ្យារូបធាតុសម្ភារៈ។
លោក សំអោ អង្គារតន៍ អគ្គនាយករងនៃអគ្គនាយកគោលនយោបាយ និងផែនការ នៃក្រសួងអប់រំ
ជាមួយគ្នានេះ លោក Goh Chor Boon ព្រឹទ្ធបុរស និងជាអ្នកគ្រប់គ្រងទូទៅ នៃវិទ្យាស្ថានជាតិអប់រំអន្តរជាតិសិង្ហបុរី បានចែករំលែកបទពិសោធន៍វិស័យអប់រំប្រទេសខ្លួន ដែលមានការរីកចម្រើន និងមានប្រសិទ្ធិនោះ តាមរយៈការយកប្រទេសរីកចំរើន ធ្វើជាគំរូ ដើម្បីអភិវឌ្ឍធនធានមនុស្ស ដូចជាប្រទេសជប៉ុនជាដើម។
បច្ចុប្បន្ន គ្រូៗក្នុងប្រព័ន្ធអប់រំរបស់សិង្ហបុរី បានផ្លាស់ប្តូរការបង្រៀនសិស្ស ដោយប្រើពេលតិច ប៉ុន្តែសិស្ស រៀនបានច្រើន។ លោកបានបញ្ជាក់ថា « ការបង្រៀនតិចនោះ មិនមានន័យថាយើងមិនបង្រៀននោះទេ ប៉ុន្តែយើងបង្រៀនដោយមានគុណភាព និងប្រសិទ្ធភាពខ្ពស់ដល់សិស្ស ដោយពុំចាំបាច់ឱ្យសិស្សចាំតែស្តាប់ និងធ្វើតាមគ្រូនោះទេ។ គឺគ្រូបង្រៀនសិស្ស ឱ្យចេះរំលែកចំណេះដឹងគ្នាទៅវិញទៅមក សិស្សត្រូវចេះរៀនគិតត្រិះរិះ ដោយអនុវត្តជាក់ស្តែងលើស្ថានភាពជាក់ស្តែងក្នុងសង្គម និងចេះស្រាវជ្រាវដោយខ្លួនឯងឱ្យស្របទៅនឹងសម័យឌីជីថលទំនើប។ បើមានបញ្ហា ឬមិនយល់វិញអាចត្រឡប់មកសួរគ្រូ និងអ្នកនៅជុំវិញខ្លួន។ យើងធ្វើយ៉ាងណាឱ្យសិស្សចេះរៀនដោយខ្លួនឯង និងមានទំនួលខុសត្រូវប្រកបដោយចំណេះដឹងខ្ពស់»។
លោកបានអះអាងថា ការផ្លាស់ប្តូរការបង្រៀនរបស់គ្រូ និងការគ្រប់គ្រងរបស់នាយកសាលា រួមទាំងការយកចិត្តទុកដាក់របស់ភាគីពាក់ព័ន្ធ គឺជាការបង្កើត និងបង្កើនសមត្ថភាពធនធានមនុស្សក្នុងសម័យឌីជីថល ក្នុងការឆ្លើយតបទៅនឹងតម្រូវការងារសព្វថៃ្ង និងការត្រៀមលក្ខណៈទទួលយកការងារថ្មីនាពេលអនាគត៕