ជាតិ
សម្ដេច ស ខេង បញ្ជា​ឲ្យ​ពង្រឹង​សន្តិសុខ​ជាតិ ខណៈ​មាន​ក្រុម​ទុច្ចរិត​ប៉ង​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​
24, Apr 2019 , 11:42 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​អាជ្ញាធរ​រឹតបន្តឹង​សន្តិសុខ​ជាតិ នៅតាម​តំបន់​ភូមិសាស្ត្រ​មួយចំនួន ដែល​ក្រុម​ទុច្ចរិត កំពុងមាន​ផែនការ​លួច​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ នេះ​បើតាម​លិខិត ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ស ខេង កាលពី​ថ្ងៃទី​២២ មេសា​។​

 
​សម្ដេច ស ខេង ដែល​ទទួលបាន​ព័ត៌មាន​នេះ បាន​និយាយថា ក្រសួង​បាន​កត់​ស​ម្កាល់​អត្តសញ្ញាណ​ជន​ទុច្ចរិត​ហើយ ទាក់ទង​ដល់​ការប៉ុនប៉ង​លួចលាក់​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៅតាម​ភូមិសាស្ត្រ​មួយចំនួន ដែលមាន​ការធ្វេសប្រហែស និង​ខ្វះ​ការប្រុងប្រយ័ត្ន​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​កម្លាំង និង​អាជ្ញាធរ​រឹតបន្តឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នៅតាម​ទីតាំង​គោលដៅ និង​ខ្វះ​ការប្រុងប្រយ័ត្ន​កន្លងមក ដោយ​មិន​ទុក​ឲ្យ​មាន​ភាពខ្វះ​ចន្លោះប្រហោង សម្រាប់​ពួកឧក្រិដ្ឋជន ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​សង្គមជាតិ​បានឡើយ​។​
 
​លិខិត​របស់​សម្ដេច ស ខេង បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្រសួងមហាផ្ទៃ សូម​ណែនាំ​ដល់​កម្លាំង​នគរបាលជាតិ និង​សមត្ថកិច្ច​ក្រោម​ឱវាទ​ដែលមាន​ការពាក់ព័ន្ធ ត្រូវ​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​ឲ្យ​បាន​ជាប់​ជាប្រចាំ និង​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ មាន​ជាអាទិ៍​អំពើ​ភេរវកម្ម ការ​ចរាចរណ៍​គ្រឿងញៀន​ខុសច្បាប់ បទល្មើស​សម្អាត​ប្រាក់ ការជួញដូរ​រត់ពន្ធ​មនុស្ស ការជួញដូរ​អាវុធ​ខុសច្បាប់ និង​បទល្មើស​បច្ចេកវិទ្យា »​។​
 
​ជុំវិញ​ករណី​ខាងលើនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រូវ​បង្កើន​វិធានការ​ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ម៉ឹងម៉ាត់​នៅតាម​ច្រកទ្វារ​អន្តរជាតិ ច្រកទ្វារ​តំបន់​ព្រំដែន​ទាំង​ទ្វេរ​ភាគី និង​អន្តរជាតិ កំពង់ផែ​សមុទ្រ និង​តាម​ខ្សែបន្ទាត់​ព្រំដែន​ជាដើម​។ នៅពេល​សង្ស័យ​មាន​ករណី​ឧក្រិដ្ឋកម្ម​កើតឡើង ក្រុមការងារ​ជំនាញ​នៃ​ស្ថាប័ន និង​អង្គភាព​ទាំងនោះ ត្រូវ​រាយការណ៍​មក​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​គោលការណ៍​ចុះបង្ក្រាប​ករណី​ទាំងនេះ​។​
 
​ទាក់ទង​នឹង​ករណី​ខាងលើនេះ សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បាន​នៅឡើយ​ទេ​៕

Tag:
 ស ខេង​
  ឧក្រិដ្ឋកម្ម​
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com