ជាតិ
សេដ្ឋកិច្ច
កម្ពុជាស្នើឲ្យអាស៊ានគាំទ្រខ្លួននៅ WTO តបករណីសហភាពអឺរ៉ុបយកពន្ធអង្ករ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម(រូបពីក្រសួង)
× ភ្នំពេញ៖ កម្ពុជាបានស្នើឲ្យប្រទេសសមាជិកអាស៊ានជួយគាំទ្រសេចក្ដីថ្លែងការណ៍របស់ខ្លួន ទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធការដាក់ពន្ធអង្ករដោយសហភាពអឺរ៉ុប។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូស័ក្ដិ បានស្វែងការគាំទ្រពីប្រទេសសមាជិកអាស៊ានការតវ៉ាទៅ WTO ចំពោះករណីសហភាពអឺរ៉ុបយកពន្ធអង្ករកម្ពុជា នៅក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅប្រទេសថៃនៅថ្ងៃទី២២ខែមេសា។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«រដ្ឋមន្ត្រីរបស់កម្ពុជាបានស្នើក្នុងអង្គប្រជុំ តែអត់មានសេចក្ដីថ្លែងការណ៍អាស៊ានក្នុងពេលនោះទេ ប៉ុន្តែរដ្ឋមន្ត្រីអាស៊ានគាំទ្រការលើកឡើង ហើយគេនឹងណែនាំទៅស្ថានបេសកកម្មរបស់ប្រទេសអាស៊ាននៅអង្គការពាណិជ្ជកម្មពិភពលោកនាទីក្រុងហ្សឺណែវ ព្រោះថាកម្ពុជាមានតំណាងនៅទីនោះដែរហើយនឹងមានការស្នើឡើង (ស្នើទៅWTO) ហើយយើងសុំឲ្យប្រទេសអាស៊ានជួយគាំទ្រ»។
បើតាមលោក ស៊ាង ថៃ កម្ពុជាត្រៀមដាក់សេចក្ដីថ្លែងការណ៍ទៅ WTO ពាក់ព័ន្ធវិធានការរបស់សហភាពអឺរ៉ុបលើអង្ករកម្ពុជា ហើយមិនទាន់ឈានដល់ការដាក់ពាក្យបណ្ដឹងនោះទេ។ លោកថ្លែងដូច្នេះថា៖«បណ្ដឹងយើងអត់ទាន់ដាក់ទេ ព្រោះត្រូវប្រមូលមតិយោបល់របស់ជំនាញការពាក់ព័ន្ធ យើងត្រូវសិក្សាសិន តែយើងនឹងមានសេចក្ដីថ្លែងការណ៍បង្ហាញពីការមិនពេញចិត្ត ហើយសុំឲ្យអាស៊ានគាំទ្រ ហើយបើថ្ងៃក្រោយយើងដាក់បណ្ដឹង វាកាន់តែមានទម្ងន់បន្ថែមទៀត»។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៩នេះ សហភាពអឺរ៉ុបបានប្រកាសអនុវត្តយកពន្ធអង្ករកម្ពុជា និងមីយ៉ានម៉ា សម្រាប់រយៈពេល៣ឆ្នាំ ដោយពន្ធនោះមានតម្លៃ២០០ដុល្លារក្នុងមួយតោននៅឆ្នាំដំបូង ហើយចុះមកដល់ ១៤០ដុល្លារនៅឆ្នាំចុងក្រោយ។ EU ជាទីផ្សារអង្ករធំជាងគេរបស់កម្ពុជាដែលកាន់កាប់ប្រមាណជាង៤០ភាគរយនៃទំហំនាំចេញសរុបជាង៦២ម៉ឺនតោន។ ហើយការយកពន្ធនេះ បានធ្វើឲ្យមានការព្រួយបារម្ភពីបាត់បង់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារមួយនេះ ដែលអាចប៉ះពាល់ដល់វិស័យស្រូវអង្ករ៕
© រក្សាសិទ្ធិដោយ thmeythmey.com