ភ្នំពេញ៖ ពលរដ្ឋខ្មែរប្រមាណ១ម៉ឺននាក់ក្នុងមួយឆ្នាំៗ បានបាត់បង់ជីវិត ដោយសារជំងឺដែលបណ្តាលមកពីការជក់បារី ហើយបើគិតជាមធ្យម មានប្រមាណ២៧នាក់ ដែលបានស្លាប់ ជារៀងរាល់ថ្ងៃ។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌ស្តីពី «ការដំឡើងពន្ធផលិតផលថ្នាំជក់៖ យុទ្ធសាស្ត្រឈ្នះ-ឈ្នះ សង្គ្រោះជីវិតនិងធ្វើឱ្យប្រសើរដល់សុខភាពប្រជាពលរដ្ឋ» នាថ្ងៃទី២៣មេសា លោក មុំ គង់ បាននិយាយថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាលើសពី២លាននាក់ប្រើប្រាស់ផលិតផលថ្នាំជក់ ដោយក្នុងនោះ មានអ្នកជក់បារីជាង១,៥លាននាក់ និងអ្នកចុកថ្នាំជិត៥លាននាក់។ ដោយឡែក ការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវជនកំពុងកើនឡើងផងដែរ។
លោកបន្តថា មួយឆ្នាំៗ កម្ពុជាបានខាតបង់ថវិកាជាង២០លានដុល្លារពីការទិញបារី និងចំណាយយ៉ាងហោចណាស់១៦៣លានដុល្លារ លើការព្យាបាលជំងឺបង្កដោយការជក់បារីនៅមន្ទីរពេទ្យរដ្ឋ។ បើតាមវេជ្ជបណ្ឌិតរូបនេះ ជំងឺនានា កើតឡើងពីការជក់បារី ដែលបង្កឱ្យមានអ្នកស្លាប់ និងកំពុងព្យាបាលមាន៥មុខធំៗ។ ជំងឺទាំងនោះមាន ជំងឺហើមសួត, ជំងឺមហារីកសួត, ជំងឺរលាកសួតរ៉ាំរ៉ៃ, ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺបេះដូង។
នៅក្នុងតំបន់អាស៊ាន កម្ពុជាបានជាប់លំដាប់លេខ២ បន្ទាប់ពីប្រទេសឡាវ ដែលជាប្រទេស យកពន្ធលើផលិតផលថ្នាំជក់តិចជាងគេ។ ពន្ធលើផលិតផលថ្នាំជក់ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានអត្រា២៥ភាគរយចំពោះបារីផលិតក្នុងស្រុក និង៣១,១ភាគរយ ចំពោះបារីនាំចូល។
លោក មុំ គង់ បានអះអាងថា ដោយសារតែរដ្ឋាភិបាលបានពន្ធទៅលើថ្នាំជក់ទាប ជាហេតុធ្វើឱ្យបារីលក់នៅលើទីផ្សារមានតម្លៃថោក។ ដូច្នេះប្រជាពលរដ្ឋមានលទ្ធភាពក្នុងការទិញបារីជក់ប្រចាំថ្ងៃ។ ជាក់ស្តែងបារីដែលលក់រាយនៅលើទីផ្សារកម្ពុជាសព្វថ្ងៃមានតម្លៃចន្លោះ១០០០ ទៅ៦០០០រៀល ក្នុងមួយកញ្ចប់។
លោក បាននិយាយដូច្នេះថា «ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺខុសពីការដំឡើងលើតម្លៃម្ហូបអាហារ តម្លៃប្រេងសាំង និងផលិតផលផ្សេងៗ ដែលវាបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់យើង។ ប៉ុន្តែការដំឡើងពន្ធលើថ្នាំជក់ មានន័យថាយើងកាត់បន្ថយជំងឺមហារីក កាត់បន្ថយការស្លាប់របស់ប្រជាពលរដ្ឋ។ នោះហើយដែលប្រជាពលរដ្ឋកម្ពុជាចង់បាន»។
មានយុវជន៩០,២ភាគរយ បានស្នើឱ្យរដ្ឋាភិបាលបង្កើនពន្ធលើថ្នាំជក់ និងបង្កើនតម្លៃបារីនៅលើទីផ្សារ ដើម្បីកាត់បន្ថយការជក់បារីក្នុងប្រទេសកម្ពុជា។ ក្នុងនោះ មានយុវជន៥០ភាគរយ យល់ស្របថាតម្លៃបារីគួរដំឡើងពី៦ពាន់ ទៅ១ម៉ឺនរៀល ក្នុងមួយកញ្ចប់ និង៥០ភាគរយទៀតថាបារីលក់រាយនៅលើទីផ្សារគួរមានថ្លៃ១ម៉ឺនរៀល ក្នុងមួយកញ្ចប់។ នេះបើតាមការសិក្សារបស់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជារូបនេះ។ លោកបានបន្ថែមថា៖« យុទ្ធសាស្ត្រឈ្នះ-ឈ្នះ នៃការដំឡើងពន្ធរបស់រដ្ឋាភិបាលទៅលើផលិតផលថ្នាំជក់ នឹងធ្វើឱ្យចំណូលរដ្ឋកើនឡើង។ ពិសេសការស្លាប់ និងជំងឺដែលកើតពីការជក់បារីមានការថយចុះ។ នេះជាចំណុចសំខាន់ និងជាឆន្ទៈដែលរដ្ឋាភិបាលត្រូវផ្តោតសំខាន់ទៅលើបញ្ហាសុខភាពប្រជាជន ដែលមិនមែនតែគិតទៅចំណូលជាតិឡើយ»។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Ulysses Dorotheo នាយកប្រតិបត្តិសម័ន្ធ SEATCA មកពីប្រទេសហ្វីលីពីន បាននិយាយថា គោលនយោបាយពន្ធលើថ្នាំជក់កម្ពុជា ត្រូវបានពង្រឹងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែគោលនយោបាយនេះ ពុំទាន់ឆ្លើយតបទាំងស្រុងចំពោះការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងការបង្កើនប្រាក់ចំណូលពន្ធរបស់រដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍសង្គមនៅឡើយ។
លោកបានបន្តដូច្នេះថា «រដ្ឋាភិបាលដែលផ្តោត និងយកចិត្តទុកដាក់ខ្លាំងចំពោះសុខភាពប្រជាជន គឺដំឡើងពន្ធបារីបានខ្ពស់និងលឿន ជាជាងការដំឡើងម្តងបន្តិចៗ ពីព្រោះយើងមិនមែនគិតតែទៅលើប្រាក់ចំណូលបានច្រើនទេ។ កាលណារដ្ឋដំឡើងពន្ធម្តងតិចៗ គឺមិនបានប៉ះពាល់អ្វីច្រើនដល់ឧស្សាហកម្មផលិតបារី ហើយនេះវាជារឿងដែលរកស៊ីចង់បាន»៕