កីឡាអន្តរជាតិ
អន្តរជាតិ
Ligue 1 បារាំង មាន​អាជ្ញាកណ្តាល​ស្ត្រី​ដំបូង ដូច Bundesliga អាល្លឺម៉ង់​ដែរ​
24, Apr 2019 , 8:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង (FFF) ប្រកាសថា​នាង Stephanie Frappart នឹង​ក្លាយជា​អាជ្ញាកណ្តាល​កាត់សេចក្តី​ស្ត្រី​ដំបូង​គេ ក្នុងការ​ប្រកួត​ក្របខណ្ឌ Ligue 1​ជា​ផ្លួ​វ​ការ​។​

 
​អាជ្ញាកណ្តាល​សញ្ជាតិ​បារាំង Frappart នឹង​បង្កើត​ប្រវត្តិសាស្ត្រ​នៅពេលដែល​នាង​ចូលខ្លួន​ទៅ​កាត់សេចក្តី​ក្នុងការ​ប្រកួត​លី​គ​កំពូល​បារាំង​រវាង Amiens និង Strasbourg នៅ​ថ្ងៃទី​២៨ ខែមេសា ចុង​សប្តាហ៍​នេះ​។​
 
​នាង Frappart វ័យ​៣៥​ឆ្នាំ​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ធ្វើជា​អាជ្ញាកណ្តាល​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិ​ភ​លោក​ស្ត្រី Women's World Cup ឆ្នាំ​២០១៩​នេះ ហើយក៏​ជា​អាជ្ញាកណ្តាល​ស្ត្រី​ដំបូង​គេ​ផងដែរ​ក្នុង​ក្របខណ្ឌ Ligue 2 បារាំង កាលពី​ឆ្នាំ​២០១៤​។​


អ្នកស្រី Bibiana Steinhaus ដែលជាអាជ្ញាកណ្តាលនៅលីគកំពូលអាល្លឺម៉ង់
 
«Stephanie Frappart ដែល FIFA ជ្រើសរើស សម្រាប់​ការប្រកួត​បាល់ទាត់​ស្ត្រី ដែល​បារាំង​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ត្រូវបាន​ប្រធាន​អាជ្ញាកណ្តាល​នៃ FFF តែងតាំង​ជា​អាជ្ញាកណ្តាល​នៅ Ligue 1 ផ្លូវការ ដោយ​ត្រូវ​ដឹកនាំ​ការប្រកួត​ដំបូង​ក្នុង​សប្តាហ៍​ទី​៣៤ រវាង Amiens SC និង RC Strasbourg»​។ នេះ​បើតាម​សេចក្តីប្រកាស​របស់ FFF​។​
 
​ក្រៅពី Frappart នាង Bibiana Steinhaus សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៤០​ឆ្នាំ ក៏បាន​ក្លាយជា​អាជ្ញាកណ្តាល​ស្ត្រី​ដំបូង​គេ​ក្នុង​ការប្រកួត​ក្របខណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga រវាង Hertha Berlin ទល់នឹង Werder Bremen ក្នុង​ឆ្នាំ ២០១៧​ផងដែរ​៕

Tag:
 បាល់ទាត់​
  អាជ្ញាកណ្តាល​ស្ត្រី​
  Stephanie Frappart
© រក្សាសិទ្ធិដោយ thmeythmey.com