ជាតិ
ល្បាក់ខោន មានសារៈសំខាន់សម្រាប់ជីវិតមច្ឆជាតិជាច្រើនប្រភេទ ជ្រោះព្រះនិម្មិត ដែលស្ថិតនៅក្នុងតំបន់ល្បាក់ខោន ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនកម្ពុជា-ឡាវ ។ រូបភាព ៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
× ល្បាក់ខោន (Khone Falls) គឺជាតំបន់ទឹកធ្លាក់ធំមួយនៅក្នុងទន្លេមេគង្គ នាតំបន់អាស៊ីអាគ្នេយ៍ ដែលស្ថិតនៅក្នុងខេត្តចម្ប៉ាសាក់ ខាងត្បូងប្រទេសឡាវ ជិតព្រំដែនប្រទេសកម្ពុជា។ ការធ្វើដំណើរតាមផ្លូវទឹកតាមដងទន្លេមេគង្គ ពីតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម ទៅដល់ប្រទេសចិន មិនអាចប្រព្រឹត្តទៅបានពេញលេញឡើយ ដោយសារវា។ តំបន់ទឹកធ្លាក់មួយនេះ មានប្រជុំកោះរាប់ពាន់ និងផ្លូវទឹកយ៉ាងច្រើនរាប់មិនអស់ ដែលគេស្គាល់ឈ្មោះជាភាសាឡាវថា៖ «ស៊ីផាន់ដន» ឬកោះបួនពាន់។
នៅចុងសតវត្សរ៍ទី១៩ អាណាព្យាបាលបារាំង ក្នុងពេលដែលពួកគេដាក់អាណានិយមគ្រប់គ្រង បីប្រទេស កម្ពុជា ឡាវ និងវៀតណាម ក្នុងតំបន់អាស៊ីអាគ្នយ៍នេះ គេបានព្យាយាមម្តងហើយម្តងទៀត ដើម្បីស្វែងរកវិធីសាស្ត្រធ្វើយ៉ាងណា ឲ្យការធ្វើដំណើរតាមផ្លូវទឹកដោយឆ្លងកាត់ល្បាក់ខោននេះ ប្រព្រឹត្តទៅបានដោយរលូន។ ប៉ុន្តែ ការខិតខំប្រឹងប្រែងរបស់ពួកគេ ពុំទទួលបានជោគជ័យឡើយ។
ល្បាក់ខោន គឺជាទីជម្រករបស់ត្រីរាជ ដែលជាប្រភេទត្រីទឹកសាបធំជាងគេលើពិភពលោក និងត្រីជិតផុតពូជជាច្រើនប្រភេទផ្សេងទៀតផងដែរ។ ត្រីរាជ វាអាចធំលូតលាស់ដល់ប្រវែងអតិបរមា ៣ម៉ែត្រ និងទម្ងន់អតិបរមា ៣០០គីឡូក្រាម។ ល្បាក់ខោន ក៏ជាទីកន្លែងដែលមានសារៈសំខាន់បំផុតមួយនៅក្នុងអាងទន្លេមេគង្គ សម្រាប់ពពួកមច្ឆជាតិ ដែលធ្វើចរាចរផ្លាស់ទី ដើម្បីពង-កូន។ គេឃើញមានមច្ឆជាតិជាង ២០០ប្រភេទ មានវត្តមាននៅល្បាក់ក្នុងខោននេះ។ ជារៀងរាល់ឆ្នាំ ត្រីរាប់លានក្បាល បានព្យាយាមហែលបញ្ច្រាស់ទឹក ពីទន្លេមេគង្គក្រោមក្នុងប្រទេសកម្ពុជា ចូលទៅក្នុងតំបន់ល្បាក់ខោន និងខ្លះទៀតឆ្លងកាត់តំបន់ល្បាក់ខោន ឆ្ពោះទៅទន្លេមេគង្គលើ ក្នុងប្រទេសឡាវ ដើម្បីពង-កូន តាមវដ្តជីវិតរបស់វា។
ទម្រាំទៅដល់គោលដៅដែលជាកន្លែងពង-កូន ពួកមច្ឆាទាំងនោះ ត្រូវជួបឧបសគ្គរាប់មិនអស់។ មច្ឆាមួយចំនួនធំ ត្រូវប្រជានេសាទតាមតំបន់ចាប់បាន ក្នុងអំឡុងនៃការធ្វើចរាចរទៅពង-កូននេះ ជាពិសេសនៅតំបន់ល្បាក់ខោននេះ គេឃើញអ្នកនេសាទ ចាប់បានត្រីយ៉ាងច្រើន។ ឧបសគ្គដ៏ធំបំផុតមួយទៀតរបស់ពួកវា គឺទំនប់វារិអគ្គិសនីតាមដងទន្លេមេគង្គ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ កំណើនប្រជាជនក្នុងតំបន់មេគង្គទាំងមូល ការបាត់បង់ទីជម្រក ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ផ្សេងៗ ជាពិសេស ឧបករណ៍នេសាទប្រើចរន្តអគ្គិសនីឆក់ ហាក់មានសន្ទុះខ្លាំង បានធ្វើឲ្យមច្ឆជាតិមួយចំនួនស្ទើរដាច់ពូជពីទន្លេមេគង្គ។
ល្បាក់ខោន ជាតំបន់មួយដែលសំខាន់បំផុតសម្រាប់បម្លាស់ទីរបសត្រី ក៏ដូចជាប្រជាជនដែលពឹងអាស្រ័យលើផលចាប់ត្រីដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ។ ជារៀងរាល់ឆ្នាំត្រីរាប់លាន បានតស៊ូដើម្បីឡើងតាមទឹកធ្លាក់នៅល្បាក់ខោននេះ ហើយប្រជានេសាទនៅក្នុងតំបន់នេះ ប្រមូលចាប់ត្រីបានយ៉ាងច្រើន។ (អត្ថបទ និងរូបភាពដោយ Zeb Hogan / USAID Wonders of the Mekong).
© រក្សាសិទ្ធិដោយ thmeythmey.com