អត្ថបទពាណិជ្ជកម្ម
​ការប្រកួត​ពានរង្វាន់​ជើងឯក​វោហារកោសល្យ​និង​ការតស៊ូ​មតិ​ជា​ភាសា​អង់គ្លេស (CamDEBATE) នឹង​រៀបចំ​នៅ​កម្ពុជា​
24, Apr 2019 , 4:44 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង​បង្អស់ នៃ​កម្មវិធី​ប្រកួត​យុវជន​ខ្នាត​អន្តរជាតិ ស្ដីពី​សមត្ថភាព​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង​ការតស៊ូ​មតិ​ដោយ​ប្រើប្រាស់​ភាសា​អង់គ្លេស​។ កម្មវិធី CamDEBATE គឺជា​វេទិកា​អភិវឌ្ឍន៍​វិជ្ជាជីវៈ តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង​ការ​ស៊ូ​មតិ​ដោយ​ប្រើប្រាស់​ភាសា​អង់គ្លេស​។​
 
​ដោយមាន​ការគាំទ្រ​ពី​ស្ថាប័ន IDP Education ដែលជា​ស្ថាប័ន​ឈានមុខ​គេ​ក្នុងការ​បណ្ដុះបណ្ដាល និង​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស កម្មវិធី CamDEBATE ស្វះស្វែង​លើកស្ទួយ​នូវ​វប្បធម៌​សន្ទនា ចែករំលែក​ទស្សនវិស័យ​នានា រវាង​យុវជន​កម្ពុជា ក្នុងនាម​លើកកម្ពស់ និង​ពង្រឹង​ការយល់ដឹង ចំណងមិត្តភាព និង​ចំណេះដឹង​ផ្សេងៗ​។ 
 
​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន IDP Education បាន​ឲ្យ​ដឹងថា កម្មវិធី​នេះ​ផ្ដោតលើ​ការខិតខំ និង​ការព្យាយាម​យ៉ាង​ផ្ចិតផ្ចង់ ទៅលើ​ការចែករំលែក​គំនិតល្អៗ រវាង​សិស្សានុសិស្ស និង​អ្នកជំនាញ​វ័យក្មេង​ក្នុងសង្គម និង​ការខិតខំ​លើកកម្ពស់ និង​ជំរុញ​កិច្ចពិភាក្សា​ដោយ​ការយោគយល់​រវាង​គ្នា និង​គ្នា​ផងដែរ​។ លោក ម៉ៅ ស្រេង បន្តទៀតថា កម្មវិធី​នេះ ក៏​ជា​វេទិកា​អភិវឌ្ឍ​ជំនាញ​សំខាន់ៗ ដែលមាន​ប្រយោជន៍​ដល់​ការសិក្សា​របស់​បេក្ខជន បូក​រួមទាំង​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន និង​ផ្នែក​ការងារ​ផងដែរ​។ លោក ម៉ៅ ស្រេង​៖«​បេក្ខជន នឹង​ទទួលបាន​ឱកាស​ចូលរួម​ចែករំលែក​ទស្សនវិស័យ ក្នុង​បរិយាកាស​ដែល​សម្បូរបែប ចាប់តាំងពី​វគ្គ​ប្រកួត​សាកល្បង​លើកទីមួយ រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ជាមួយគ្នានេះ បេក្ខជន​ក៏​នឹង​ទទួលបាន​ការយល់ដឹង​ដ៏​ស៊ីជម្រៅ ស្ដីអំពី​ប្រធានបទ​នានា ទាំង​ក្នុង និង​ក្រៅប្រទេស​ផងដែរ​»​។​
 
​ខណៈដែល​ប្រទេស​កម្ពុជា​កំពុង និង​បន្ត​អភិវឌ្ឍន៍​ឥតឈប់ឈរ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ប្រមាណ ៧​ភាគរយ ជាង​មួយ​ទសវត្សរ៍​មកនេះ តម្រូវការ​ការអប់រំ​ដែលមាន​គុណភាព ក៏​កើនឡើង​ដូចគ្នា​។ ប្រជាជន​ប្រមាណ ៦៥ ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប គឺជា​យុវជន​ដែលមាន​អាយុ​ក្រោម ៣០​ឆ្នាំ ដែលមាន​តម្រូវការ​ការអប់រំ​ដ៏​ខ្លាំងក្លា​។ សមត្ថភាព​បច្ចេកទេស ភាព​ច្នៃប្រឌិត ការគិត​ពិចារណា ការធ្វើ​បទ​បង្ហាញ និង​ការដោះស្រាយ​បញ្ហា គឺ​សុទ្ធសឹង​ជា​ជំនាញ​សំខាន់ៗ ដែល​យុវជន​កម្ពុជា​កំពុង​ស្វែងរក ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​ពួកគេ​នៅលើ​ទីផ្សារការងារ​។​
 
​មកទល់ពេលនេះ កម្មវិធី CamDEBATE មាន​ដៃគូ​សហការ​មកពី​សាលា សកលវិទ្យា​ល័យ ក្រុមហ៊ុន និង​ស្ថាប័ន​នានា​ចំនួន​១៨ រួមមាន​៖ សាលា ACE, ស្ថាប័ន IELTS, វិទ្យាស្ថាន​ភាសាបរទេស​, សកល​វិទ្យាល័យ​ន័​រ​តុ​ន​, សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​, សកល​វិទ្យាល័យ​វេ​ស្ទើ​ន​, សកលវិទ្យា​ល័យ ប៊ែ​ល​ធី អន្តរជាតិ​, មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍​, សកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​, សកល​វិទ្យាល័យ​កម្ពុជា ,​សកល​វិទ្យាល័យ​អង្គរ​, សកល​វិទ្យាល័យ​មានជ័យ​, សកល​វិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ រួមទាំង​ស្ថាប័ន​អប់រំ​របស់ Cambridge ដូចជា Stafford House, CATS College និង ONCAMPUS ជាដើម​។ 
 
​លោក Neil Wilford មកពី​ស្ថាប័ន IELTS ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់ថា IELTS គឺជា​តេស្ដ​ប្រឡង​សមត្ថភាព​ភាសា​អង់គ្លេស ដែល​សុ​ក្រិត និង​ពេញនិយម​ជាងគេ សម្រាប់​ប្រើប្រាស់​ក្នុងការ​សិក្សា ធ្វើ​ការងារ និង​ការធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​។ IELTS មាន​បេក្ខជន​ប្រឡង​ដល់​ទៅ​ជាង ៣​លាន​នាក់​នា​ឆ្នាំមុន ខណៈដែល​ស្ថាប័ន​ទូទាំង​ពិភពលោក​ជាង ១ ម៉ឺន​កន្លែង ទទួលស្គាល់​គុណភាព​នៃ​ការប្រឡង​។ លោក Neil Wilford បាន​បន្តថា ស្ថាប័ន IELTS កម្ពុជា មាន​មោទកភាព ក្នុងការ​ឧបត្ថម្ភ និង​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការជួយជ្រោមជ្រែង​កម្មវិធី CamDEBATE ដើម្បី​ផ្ដល់​ឥទ្ធិពល​ល្អ​ទៅ​យុវជន​កម្ពុជា ដែល​ទស្សនវិស័យ​ទាំងនេះ គឺជា​អ្វីដែល​កម្មវិធី CamDEBATE និង​ស្ថាប័ន IELTS យល់ឃើញ​ដូចគ្នា​។​
 
​លោក យស ថា​និ​ន្ទ ដែលជា​អ្នកគ្រប់គ្រង​កម្មវិធី CamDEBATE ជឿជាក់ថា កម្មវិធី​នេះ នឹង​ជំរុញ​យុវជន ឲ្យ​មាន​ឯករាជ្យភាព​ក្នុងការ​សិក្សា ស្វែងយល់ និង​ការបញ្ចេញមតិ​លើ​ប្រធានបទ​ដែល​ស៊ីជម្រៅ និង​ទូលំទូលាយ​។ លោក យស ថា​និ​ន្ទ បន្ត​ដូច្នេះ​ថា​៖«​ជំនាញ​ទាំងអស់នេះ នឹង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​បុគ្គល​នីមួយៗ ឲ្យ​កាន់តែ​ប្រសើរឡើង ហើយ​វា​នឹង​ជាការ​បំពេញបន្ថែម លើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​បង្កើត​ធនធានមនុស្ស ដែល​ពោរពេញ​ទៅដោយ​សក្ដានុពល​»​។ អ្នកគ្រប់គ្រង​កម្មវិធី CamDEBATE រូបនេះ រំពឹងថា​នឹងមាន​បេក្ខជន​ប្រមាណ ៣០០ នាក់ នឹងចូលរួម​ប្រកួត​នា​ឆ្នាំ​២០១៩ នេះ​។ 
 
​នាយិកា Leigh McIntyre អនុប្រធាន​ផ្នែក​លក់​សកល​នៃ Stafford House នៃ​ស្ថាប័ន​អប់រំ Cambridge បាន​ឲ្យ​ដឹងថា ស្ថាប័ន​អប់រំ Cambridge និង​មិត្ត​រួមការ​ងារ​នៅ Stafford House​រង់ចាំ​ស្វាគមន៍​បេក្ខជន​ជ័យលាភី​ទាំង ១០ រូប របស់​កម្មវិធី CamDEBATE មក​ស្នាក់នៅ​ចក្រភព​អង់គ្លេស​។ អ្នកស្រី Leigh McIntyre បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​ជឿជាក់ថា ពួកគេ​នឹង​ទទួលបាន​បទពិសោធន៍​មួយ ដែល​សប្បាយរីករាយ សម្បូរបែប និង​ដិត​ជាប់​ក្នុងការ​ចងចាំ​របស់​ពួកគេ ក្នុងអំឡុងពេល ២ សប្តាហ៍ នៅ​ចក្រភព​អង់គ្លេស​នេះ​»​។​
 

សិស្សានុសិស្ស​នៅក្បែរ Tower Bridge នៅ​ទីក្រុង​ឡុង​ដ៍ អំឡុងពេល​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ចក្រភព​អង់គ្លេស​រយៈពេល ២ សប្តាហ៍​
 
​បេក្ខជន​ទាំងអស់​ដែលមាន​អាយុ​ចាប់ពី​១៥ ដល់ ២៥​ឆ្នាំ និង​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា អាចដាក់​ពាក្យ​ចូលរួម​ប្រកួត​បាន​។ ពួកគេ​នឹងត្រូវ​បែង​ចែកជា ២ ប្រភេទ ក្នុងការ​ប្រកួត​៖ ប្រភេទ​សិស្ស​វិទ្យាល័យ និង​ប្រភេទ​និ​សិ​ត្ស និង​អ្នកជំនាញ​វ័យក្មេង​។ 
 
​បេក្ខជន​នឹង​ទទួលបាន​ការហ្វឹកហាត់ និង​ចូលរួម​បទ​បង្ហាញ​នានា ដើម្បី​ឲ្យ​ពួកគេ​ត្រៀមខ្លួន​កាន់តែ​ស្ទាត់ជំនាញ​សម្រាប់​ការប្រកួត​។ បទ​បង្ហាញ​ទាំងនោះ នឹងត្រូវ​បានផ្ដល់​ជូន​ដោយ​គ្រូបង្វឹក មកពី​ស្ថាប័ន​ដៃគូ​របស់ CamDEBATE ដែល​ក្នុងនោះ​ក៏មាន​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល (ACE) ផងដែរ​។​
 
​នាយក​សាលា ACE លោក Ashley Irving ក៏បាន​លើកឡើង​ដែរ​ថា កម្មវិធី CamDEBATE នឹង​ផ្ដល់​ឲ្យ​បុគ្គល​ដែលមាន​បំណង​ចូលរួម​ប្រកួត​ការ​ស៊ូ​មតិ និង​ការធ្វើ​បទ​បង្ហាញ​សាធារណៈ​ជា​ភាសា​អង់គ្លេស នូវ​ឱកាស​ក្នុងការ​បង្ហាញ​សមត្ថភាព និង​បង្កើន​ភាព​ស្ទាត់ជំនាញ​របស់ខ្លួន​។ លោក Ashley Irving  បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​ជឿថា បេក្ខជន​នឹង​ទទួលបាន​បទពិសោធន៍​ល្អៗ​ពី​ការប្រកួត​នេះ បើទោះបីជា​ពួកគេ មិន​ទទួល​ជ័យជម្នះ​ក៏ដោយ​។ សាលា ACE មាន​សេចក្តីសោមនស្ស​រីករាយ ក្នុងការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដ៏​អស្ចារ្យ​មួយ​នេះ នៅក្នុង​ប្រទេស​កម្ពុជា​»​។​
 

​សិស្សានុសិស្ស​ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា នៅ​ចក្រភព​អង់គ្លេស​រយៈពេល ២ សប្តាហ៍​​

បេក្ខជន​អាច ជ្រើសរើស​ចូលរួម​ប្រកួត​ក្នុងការ​ស៊ូ​មតិ ឫ​ការធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ តែមួយ​មុខ​ក៏បាន ឫ​អាច​ចូលរួម​ប្រកួត​ទាំងពីរ​មុខតែ​ម្ដង​ក៏បាន​។ បេក្ខជន​ជ័យលាភី​ទាំង ១០ រូប នឹង​ទទួលបាន​មេដាយ​ពាន​ជ័យលាភី ព្រមទាំង​ដំណើរ​ទស្សនកិច្ច​សិក្សា នៅ​ចក្រភព​អង់គ្លេស​រយៈពេល ២ សប្តាហ៍ បូករួម​នឹង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​។​
 
​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ អាចបំពេញ​ពាក្យ​ចូលរួម​ប្រកួត ឲ្យ​បាន​មុន​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩  តាមរយៈ www.CamDEBATE.org

(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com