ONE Championship
កីឡាជាតិ
ជាតិ
ស សី ផ្តាំ​កីឡាករ​គុន​ចម្រុះ​វ័យក្មេង​កម្ពុជា​ឲ្យ​ខំ​ហ្វឹកហាត់ ដ្បិត​បាន​ថ្លៃ​ខ្លួន​ខ្ពស់​
24, Apr 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  

​កីឡាករ​គុន​ខ្មែរ​ជើងចាស់ ស សី បាន​ផ្ញើ​សារ​លើកទឹកចិត្ត​កីឡាករ​គុន​ចម្រុះ (MMA) កម្ពុជា​ទាំងអស់​ឲ្យ​ខំ​ហ្វឹកហាត់​ដ្បិត​តម្លៃ​ខ្លួន​ល្អប្រសើរ​សម្រាប់​ការប្រកួត​លំដាប់​អន្តរជាតិ​។ ការផ្ញើ​សារ​ដ៏​មាន​សារសំខាន់​នេះ ដោយសារ​ខ្លួន​ហាក់​ចាក​ឆ្ងាយ​ពីស​ង្វៀន​ព្រោះ​វ័យ​កាន់តែ​ចាស់ ហើយ​កម្លាំង​ក៏​ធ្លាក់ចុះ​។​

 
​យ៉ាងណាក្ដី កូនសិស្ស​របស់លោក អេ ភូ​ថង ដែលមាន​វ័យ​៣៧​ឆ្នាំ​រូបនេះ បានផ្ដល់​ពាក្យ​លើកទឹកចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​បែបនេះ​៖« សូម​ប្អូនៗ ហ្វឹកហាត់ MMA កុំ​អស់សង្ឃឹម ទោះ​មិនទាន់មាន​សង្វៀន​ប្រកួត​ញឹកញាប់ តែ​មិនយូរ​ទេ នៅក្នុង​ស្រុក​ច្បាស់​ជាមាន​ការរៀបចំ​ឡើងវិញ​។ យើង​ហ្វឹកហាត់​ឲ្យ​ខ្លាំង គ្រូបង្វឹក​នឹង​ចាប់​គូ​ឲ្យ​វាយ​មិន​ខាន​។ ទោះ​សង្វៀន ONE Championship យើង​មិនបាន​ឡើង​រាល់​សប្ដាហ៍ ឬ ១ ខែម្ដង ប៉ុន្តែ​បើ​ឡើង​វាយ​ម្ដងៗ ក៏បាន​តម្លៃ​ខ្លួន​គួរសម​អាច​ផ្គត់ផ្គង់​គ្រួ​សារបាន​។ 
 
​ពេល​យើង​ខ្លាំង​មិន​ខ្វះ​សង្វៀន​ប្រកួត​ទេ ហើយ​អ្នក​ហាត់គុន​ខ្មែរ​ក៏​ប្រឹង​ដូចគ្នា ព្រោះ​សង្វៀន ONE ឥឡូវ​គេ​មានការ​ប្រកួត Kickboxing បញ្ចូល​ក្នុងនោះ​។ ដូច្នេះ​អ្នកខ្លាំងៗ ដូច ឡៅ ចិ​ត្រា ឬ គង់ សំបូរ ជាដើម​ក៏​ទទួលបាន​ការចាប់​គូ​ដែរ​ថ្មីៗ​នេះ​»​។ 


 
​អតីត​កូនសិស្ស​នៅ​ក្លឹប​ក្រសួងការពារជាតិ បញ្ជាក់ទៀតថា ជំនាន់​លោក​មានឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​គុន​ខ្មែរ ទទួលបាន​តម្លៃ​ខ្លួន​ត្រឹម ៣០ ម៉ឺន​ប៉ុណ្ណោះ​ពេល​វ៉ៃ​គូ​ឯក ប៉ុន្តែ​ឥឡូវ ខុសគ្នា​ឆ្ងាយ​ណាស់​។ 
 
​កីឡាករ​ដែល​ទទួល​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​កម្មវិធី​ប្រដាល់​ខ្សែក្រវាត់​នៅ​សង្វៀន​ស៊ី​ធី​អិន​កាល ១០ ឆ្នាំមុន​បាន​រំលឹក​អំពី​ផល​លំបាក​ហ្វឹកហាត់ គុន​ចម្រុះ​ថា មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​ហាត់គុន​ខ្មែរ ដោយសារ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ប្រើ​ក្បាច់​គាប ឃ្លេ​បំបាក់ ក្បាច់​ដោះ និង​បោក​ជាដើម ដែល​តម្រូវ​ឲ្យ​ប្រើ​ប្រាជ្ញា និង ស្មារតី​ខ្ពស់​ក្នុងការ​ចងចាំ​។ 
 
 MMA ត្រូវ​ប្រើ​កម្លាំង​ជាង​ប្រដាល់សេរី​ទ្វេដង ហើយ​បើ​មិនចេះ​ក្បាច់​ដោះ គ្រាន់តែ​ដៃគូ​ចាប់​បោក ឬ ផ្ដួលខ្លួន​ពីលើ​ក៏​អស់កម្លាំង​ស៊ុ​ហ្វ​មិន​ស្ទើរ​ដែរ​។ បុរស​ហាត់​ប្រដាល់​តាំងពី​នៅ​រៀន​សាលាបឋមសិក្សា​ជឿជាក់ថា មិនយូរប៉ុន្មាន នៅ​កម្ពុជា​នឹងមាន​កីឡាករ​គុន​ចម្រុះ​កាន់តែ​ល្អៗ​ច្រើន​បន្ទាប់ពី​មាន​ក្លឹប MMA បើក​ជា​បន្តបន្ទាប់​។ លើសពីនេះ បើសិនជា​ហាត់​បាន​ដិតដល់ នោះ​ច្បាស់​ជា​គ្រូបង្វឹក​ស្នើ​ទៅ​សង្វៀន​នៅក្រៅ​ប្រទេស​ឲ្យ​ឡើង​ប្រកួត​ជាក់​ជាមិនខាន​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​សោត កូនសិស្ស​របស់លោក ឈិ​ត សារឹម ក៏​ទទូច​ឲ្យ​អ្នកលេង​គុន​ខ្មែរ​ខំប្រឹង​ហ្វឹកហាត់​ដូចគ្នា ជាពិសេស​សង្វៀន ONE Championship ដែល​ទទួលបាន​តម្លៃ​ខ្លួន​ក្រាស់ក្រែល​អាច​ជ្រោង​ជីវភាព​គ្រួសារ​នោះ​តែងតែ​ត្រូវការ​កីឡាករ​ទៅ​ប្រកួត​ជាប្រចាំ​ក្នុង​ប្រភេទ Kickboxing (​វាយ​សេរី​តែ​បិទ​កែង​) ស្របពេល សង្វៀន​ក្នុងស្រុក​ក៏​កើន​តម្លៃ​ខ្លួន​ច្រើន​គួរសម​ដែរ​។ 
 
​ស្ថិតក្នុង​វ័យ ៣៧ ឆ្នាំ ស សី ជា​អ្នកលេង​គុន​ខ្មែរ​ដោយ​ចូល​ហ្វឹកហាត់​ជាមួយ​គ្រូ ណុល នៅ​ស្រុក​មុខកំពូល​តាំងពី​រៀន​ថ្នាក់​ទី ៥ មកម្ល៉េះ មុន​បន្ត​ហ្វឹកហាត់​ជាមួយ​គ្រូ សឹង សារិទ្ធ នៅ​ក្លិប​ទ័ពជើងទឹក​, គ្រូ អេ ភូ​ថង នៅ​ក្លិប​អេ​ភូ​ថង និង គ្រូ ឈិ​ត សារឹម នៅ​ក្លិប​ក្រសួងការពារជាតិ​។ 
 
​មុន​ប្រកួត​ក្បាច់គុន​ចម្រុះ​នៅ​ឆ្នាំ ២០១៦ ស សី ចូល​ហ្វឹកហាត់ MMA អំឡុង​ឆ្នាំ ២០១៥ ជាមួយ​គ្រូ​ហ៊ុន ច័ន្ទ​រាជ្យ និង គ្រូ​បរទេស​ម្នាក់ទៀត​។ បុរស​កើត​នៅ​ស្រុក​មុខកំពូល​ខេត្តកណ្ដាល​រូបនេះ​ឡើង​ប្រកួត​លើស​ង្វៀន​ក្បាច់គុន​ចម្រុះ​បាន​ចំនួន ៨​ដង ក្នុងនោះ ឈ្នះ​៤ ចាញ់ ៣​ដង គិត​ចាប់​តាំង​ឆ្នាំ ២០១៦ មក​។ ស សី ប្រកួត​ចុងក្រោយ​ចាញ់​កីឡាករ​ចិន Xie Bin នៅ​សង្វៀន ONE: REIGN OF KINGS នា​ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្រុង​ម៉ានីល ប្រទេស ហ្វីលីពីន​៕ 
 

Tag:
 ​ប្រដាល់​
  ស សី
© រក្សាសិទ្ធិដោយ thmeythmey.com