ជាតិ
សង្គមជាតិ
​អ្នកជំនាញ JICA៖ ចង់បាន​ព័ត៌មាន​ដែល​គ្មាន​សម្ពាធ​នយោបាយ ឬ​ទីផ្សារ ពលរដ្ឋ​គួរ​ចូលរួម​ផ្តល់ ហិរញ្ញប្បទាន​
24, Apr 2019 , 5:37 pm        
រូបភាព
តូ​ក្យូ​-​ជប៉ុន​៖ ពាណិជ្ជកម្ម​មិន​សម​ហេតុផល ឬ​អ្នកនយោបាយ​នៅ​ពីក្រោយ​...​ទាំងនេះ​ជាការ​រាំងស្ទះ​ក្នុង​ការកសាង​ស្ថាប័ន​ផ្សព្វផ្សាយ​ឯករាជ្យ​ពិតប្រាកដ​។ លោក Keiichi Hashimoto មន្ត្រី​ជំនាញ​ផ្នែក​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បានលើកឡើង​ក្នុង​បទ​បង្ហាញ​មួយ​ថា ការផ្តល់​ហិរញ្ញប្បទាន​ដោយ​ប្រជាពលរដ្ឋ និង​គ្រប់គ្រង​ដោយ​ប្រជាពលរដ្ឋ ជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​សារព័ត៌មាន​ឯករាជ្យ​ពិតប្រាកដ​។​



«​ប្រសិនបើ​ពលរដ្ឋ​ចង់បាន​ព័ត៌មាន​ដែល​បម្រើ​ផលប្រយោជន៍​ដល់​ខ្លួន​ពិតប្រាកដ ពួកគេ​គួរ​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ចូលរួម​វិភាគទាន​ដល់​ការ​ទ្រទ្រង់​បណ្តាញ​ព័ត៌មាន​ទាំងនោះ​»​។ លោក Keiichi Hashimoto បាន​ថ្លែង​បែបនេះ ក្នុង​បទ​បង្ហាញ​មួយ​នៅ​ទីស្នាក់ការ​កណ្តាល JICA នៅ​ទីក្រុង​តូ​ក្យូ សម្រាប់​ប្រតិភូ​កម្ពុជា​៧​រូប ដែល​បាន​ទៅ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅ​ជប៉ុន​។​


លោក Keiichi Hashimoto ថតរូបអនុស្សារីយ៍ជាមួយប្រតិភូកម្ពុជា ដែលមកពី គ.ជ.ប ខុមហ្វ្រែល និកហ្វិក និងសារព័ត៌មានថ្មីៗ

លោក Keiichi ដែលជា​អតីត​អ្នកសារព័ត៌មាន​ផងដែរ​នោះ បាន​ប្រៀបធៀប​ថា ការកសាង​ប្រជាធិបតេយ្យ ត្រូវមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ហើយ​ការកសាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បម្រើ​តម្រូវ​របស់​ពលរដ្ឋ ក៏​ចាំបាច់​ត្រូវមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​ពលរដ្ឋ​ផងដែរ​។​

​អ្នកជំនាញ JICA រូបនេះ បានលើកឡើង​ពី​គំរូ​ទូរទស្សន៍ NHK ដែលជា​បណ្តាញ​ព័ត៌មាន​សាធារណៈ​ដ៏​ធំ​នៅ​ប្រទេស​ជប៉ុន ដែល​មិន​ត្រូវការ​ពាណិជ្ជកម្ម និង​ជំនួយ​ពី​អ្នកនយោបាយ​។ លោក​បាន​បញ្ជាក់ថា​៖ «​ទោះបី​មើល ឬ​មិន​មើល អ្នកប្រើប្រាស់​ទូរទស្សន៍​នៅ​ជប៉ុន សុទ្ធ​តែមាន​ចំណែក​ផ្តល់​វិភាគទាន​ដើម្បី​ទ្រទ្រង់​ដំណើរការ​របស់ NHK​។ តាមពិតទៅ​វា​ជា​ជម្រើស ពលរដ្ឋ​មាន​សិទ្ធិ​បដិសេធ​បង់ថ្លៃ​សេវា ហើយក៏​មិនមាន​ការពិន័យ​នោះដែរ ប៉ុន្តែ​ពលរដ្ឋ​ជប៉ុន​៨០​ភាគរយ មិនមាន​ការយល់​ទាស់​អ្វី​នោះឡើយ​»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Keiichi បាន​បញ្ជាក់ថា ទំនោរ​នៃ​ការបង់ថ្លៃ​សេវា NHK ខុសគ្នា​ទៅតាម​ខេត្ត ដោយ​ខេត្ត​ខ្លះ​មាន​ពលរដ្ឋ​១០០​ភាគរយ​បង់ ហើយ​ខេត្ត​ខ្លះទៀត បង់​តែ​៥០​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​នេះ​ជាការ​សម្រេចចិត្ត​បែប​ប្រជាធិបតេយ្យ​។​

​ទាក់ទង​នឹង​ចំណូល​ពីសារ​ធា​រណ​ជន លោក Keiichi បានលើកឡើង​ពី​គំរូ​នៅ​អង់គ្លេស ដោយ​អ្នកប្រើប្រាស់​នឹងរង​ពិន័យ​បង់ថ្លៃ​សេវា​ទូរទស្សន៍ BBC​។ នៅ​កូរ៉េខាងត្បូង តម្លៃ​ទស្សនា​ទូរទស្សន៍​ភ្ជាប់​ជាមួយ​តម្លៃ​អគ្គិសនី ចំណែក​នៅ​ថៃ រដ្ឋាភិបាល​យកពន្ធ​ស្រា និង​បារី ដើម្បី​ពង្រឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​បម្រើ​ឲ្យ​សាធារណជន​។

​ទោះជា​មិន​រង​គំនាប​ពី​រដ្ឋាភិបាល និង​ទីផ្សារ​ក៏ដោយ ក៏ NHK មិនអាច​រង​ផុតពី​ការរិះគន់​នោះដែរ​។ ក្រុមប្រឹក្សាភិបាល​១២​រូប​របស់ NHK ត្រូវបាន​ជ្រើសរើស​ដោយ​សភា​តំណាង​ប្រជាជន និង​គណៈរដ្ឋមន្ត្រី ដែល​គេ​គិតថា គេ​គិតថា ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​។​

​លោក​បាន​គូសបញ្ជាក់ថា​៖ «​ទោះ​ព័ត៌មាន​នៅលើ​អ៊ី​ន​ធ័​រ​ណិ​ត​ច្រើន ប៉ុន្តែ​ការបង្កើត​ព័ត៌មាន​ស្តង់ដា​នៅតែ​ជា​រឿង​ចាំបាច់​។ តាម​ការស្ទង់មតិ NHK នៅតែ​ជា​ជម្រើស​ល្អ ជាពិសេស​ការ​ផ្តល់ព័ត៌មាន​ទាក់ទង​នឹង​គ្រោះមហន្តរាយ និង​ការបោះឆ្នោត​ជាដើម​»​។​


​​ប្រតិភូកម្ពុជា និងមន្ត្រី JICA ថតរូបអនុស្សារីយ៍ នៅទីស្នាក់ការ JICA ក្រុងតូក្យូ កាលពីថ្ងៃទី៩ ខែមេសា

តាមរយៈ​គម្រោង​ប្រជាធិបតេយ្យ​កម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ JICA បាន និង​កំពុង​បន្ត​អនុវត្ត​គម្រោង​នៅ​បណ្តា​ប្រទេស​មួយចំនួន​ដូចជា ប៊ូ​តង់ ណេ​ប៉ាល់ ស៊ូដង់​ខាងត្បូង កូ​សូ​វ៉ូ មី​យ៉ាន់​ម៉ា និង​អ៊ុយ​ក្រែ​ន​។ លោក Keiichi មិន​ផ្តល់​ការសន្និដ្ឋាន​បែបណា​នោះឡើយ​ចំពោះ​គម្រោង​ទាំងនេះ ប៉ុន្តែ​លោក​មើលឃើញ​ពី​ផល​វិជ្ជមាន​ច្រើន ជាពិសេស​ចំណេះដឹង​លើ​សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ បើទោះបីជា​ដៃគូ​គម្រោង​មួយចំនួន ដូចជា​នៅ​កូ​សូ​រ៉ូ ធ្លាប់​ទទួលរង​នូវ​ការ​គម្រាមកំហែង​ក៏ដោយ​៕


Tag:
 សារព័ត៌មាន​
  JICA
© រក្សាសិទ្ធិដោយ thmeythmey.com