ជាតិ
លោក ញ៉ែម អេ​ន ស្នើ​ឲ្យ​មហាផ្ទៃ​លុបឈ្មោះ​បក្ស​ចេញ ដើម្បី​យក​ពេល​ទៅ​ជួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​
24, Apr 2019 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​គណបក្ស​ពលករ​រុងរឿង លោក ញ៉ែម អេ​ន បានស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​លុបឈ្មោះ​គណបក្ស​ចេញពី​បញ្ជី​ក្រសួង ក្នុង​គោលបំណង​ឈប់​ធ្វើ​សកម្មភាព​នយោបាយ​។ មូលហេតុ​ដែល​លោក ញ៉ែម អេ​ន សុំ​ដកខ្លួន​ចេញពី​នយោបាយ​នេះ ដោយសារ​លោក​គិតថា ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​គ្រប់គ្រាន់​ហើយ ដូច្នេះ​លោក​ចង់យក​ពេលវេលា​នេះ ទៅ​បង្កើត​សារៈមន្ទីរ និង​អង្ក​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់​វិញ ដើម្បី​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ សម្រាប់​ផ្ដល់​ផលប្រយោជន៍​ដល់​ជាតិ ។​

 
​បើតាម​លោក ញ៉ែម អេ​ន សារៈមន្ទីរ​វប្បធម៌​នេះ គឺ​លោក​គ្រោង​ដាក់តាំង​រូបថត និង​ឯកសារ​នៅ​ក្នុងសម័យ​ខ្មែរក្រហម ដើម្បី​ទុកជា​ផ្នែក​ស្រាវជ្រាវ​មួយ សម្រាប់​និស្សិត បញ្ញវ័ន្ត និង​អ្នក​ចង់​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​។ វត្ថុតាង និង​ឯកសារ​ទាំងនោះ ត្រូវបាន​លោក ញ៉ែម អេ​ន អះអាងថា លោក​មាន​ប្រមាណ​ជា​៨០​ភាគរយ​ក្នុង​ដៃ ដែល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុងសម័យ​នោះ​។ នោះ​ក៏​ព្រោះតែ​លោក ជា​អតីត​អ្នក​ថតរូប​ក្នុង​គុក​ទួលស្លែង និង​ទីតាំង​ផ្សេងៗ​ទៀត តាមរយៈ​អង្គ​ការចាត់​តាំងរបស់​មេដឹកនាំ​ខ្មែរក្រហម​។​
 
​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ញ៉ែម អេ​ន ប្រធាន និង​ជា​ស្ថាបនិក​គណបក្ស​ពលករ​រុងរឿង ដូចតទៅ​៖



 
​លោក ញ៉ែម អេ​ន បាន​ប្រឡូក​ចូល​ឆាកនយោបាយ​រយៈពេល​៥​ឆ្នាំ​មក គឺ​ផ្ដើមចេញពី​ការរួមរស់​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បន្ទាប់មក​ចូលរួម​ជាមួយ​គណបក្ស​អំណាច​ខ្មែរ មុននឹង​ធ្វើជា​អគ្គលេខាបក្ស​ខ្មែរ​សាធារណរដ្ឋ​។ ក្រោយ​ធ្វើជា​អគ្គលេខាធិការ​បក្ស​សាធារណរដ្ឋ បាន​មួយ​រយៈពេល​ខ្លី ពោលគឺ​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​កន្លងមក លោក ញ៉ែម អេ​ន ក៏​សម្រេចចិត្ត​ឈប់​ពី​បក្ស ហើយ​ទៅ​បង្កើត​គណបក្ស​ថ្មី​។ ក្នុង​រយៈពេល​៥​ឆ្នាំ​នៃ​ការធ្វើ​នយោបាយ​នេះ លោក ញ៉ែម អេ​ន អះអាងថា វា​គ្រប់គ្រាន់​ហើយ​សម្រាប់​លោក ដូច្នេះ​លោក​ចង់​ងាក​ចេញពី​រឿង​នយោបាយ​នេះ ទៅ​ជួយ​កិច្ចការ​សង្គម លើ​ផ្នែក​ទេសចរណ៍​វិញ​ម្ដង​៕

Tag:
 ញ៉ែម អេ​ន​
  នយោបាយ​
  ទេសចរណ៍​
  អន្លង់វែង
© រក្សាសិទ្ធិដោយ thmeythmey.com