ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន នាំប្រតិភូទៅចូលរួមវេទិកា «ខ្សែក្រវាត់ និងវិថី» លើកទី២ នៅប៉េកាំង
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី២៥ ខែមេសា នេះ បានដឹកនាំប្រតិភូទៅចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ និងកិច្ចប្រជុំផ្សេងទៀតនៅក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
ក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២នេះ សម្តេច ហ៊ុន សែន នឹងថ្លែងសុន្ទរកថាពីមូលបទរបស់វេទិកា «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ៖ បង្កើតជោគវាសនារួមដ៏ត្រចះត្រចង់»។ បន្ទាប់មក សម្តេចនឹងចែករំលែកទស្សនវិស័យលើមូលបទ «ការជំរុញការតភ្ជាប់ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការសម្រើន»។
សម្រាប់កម្មវិធីបន្តបន្ទាប់ទៀត សម្តេចនឹងចូលរួមវេទិកាខ្សែក្រវាត់ និងវិថីលើកទី២ ហើយចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាលផ្សេងទៀត ក្នុងពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩។
ចំពោះជំនួបទ្វេភាគី ប្រមុខរដ្ឋាភិបាលខ្មែរ នឹងជួបដោយឡែកពីគញនាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង, លោកនាយករដ្ឋមន្ត្រី លី ខឺឈាង, លោក វ៉ាង ហ៊ុននីង សមាជិកការិយាល័យនយោបាយ និងជាលេខានៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន រួមទាំង លោក លី យ៉ុង អគ្គនាយកអង្គការឧស្សាហកម្មអង្គការសហប្រជាជាតិ និងតំណាងក្រុមហ៊ុនចិនមួយចំនួន។
ការចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីជំនួយរបស់ចិន ព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការនានា ក៏ត្រូវគ្រោងទុកផងដែរ។ លើសពីនេះទៅទៀត សម្តេច ហ៊ុន សែន នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងពិធីជួបជាមួយនិស្សិត និងសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យប៉េកាំង ជាទីដែលសម្តេចនឹងទទួលបាននូវការប្រគល់គោរមងារ «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ»៕
© រក្សាសិទ្ធិដោយ thmeythmey.com