ជាតិ
សង្គមជាតិ
ការ​ដាច់​ភ្លើង ធ្វើ​ឲ្យ​ប្រព័ន្ធ​ទូរសព្ទ​និង​អុីនធឺណិត រអាក់រអួល​?
25, Apr 2019 , 10:08 am        
រូបភាព
​ភ្នំពេញ​៖ អំឡុងពេល​ដាច់​ចរន្តអគ្គិសនី មាន​ប្រជាពលរដ្ឋ​ជាច្រើន​ពិបាក​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​សេវា​ទូរសព្ទ​និង​អុីនធឺណិត​។ 


 
​លោក អ៊ឹម វត្ថា សមាជិក​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរសព្ទ​ថា នៅពេលចរន្តអគ្គិសនី​ត្រូវបានកាត់ផ្តាច់ភ្លាមៗនោះ វាមិនមានការរំខាន​ដល់ដំណើរការប្រព័ន្ធ​សេវា​ទូរ​សព្ទ​ទេ​។ ប៉ុន្តែ លោកបញ្ជាក់ថា បើសិន​ជា​ ការដាច់ចរន្តមានរយៈពេល​លើសពី​៤​ម៉ោង​ឡើងទៅ វានឹងមាន​ការ​ដាច់​ឬ​រអាក់រអួល​សេវា​ទូរ​សព្ទ ដោយសារ​អេឡិចត្រូនិក​នៃ​ចរន្ត​ម៉ាស៊ីន​ផ្ទុក​ភ្លើង អាច​ផ្ទុក​បានត្រឹមតែ​ជាង​៤​ម៉ោង​ប៉ុណ្ណោះ​។    
 
​លោក អ៊ឹម វត្ថា បាន​ពន្យល់ថា៖ «​គ្រប់​ប្រព័ន្ធ​សេវា​ទូរសព្ទ​និង​អេឡិចត្រូនិក​ត្រូវការ​ចរន្តអគ្គិសនី។ ការ​ដាច់​ចរន្តអគ្គិសនី​យូរ​នឹងធ្វើ​ឲ្យ​មាន​ផលវិបាក ប៉ុន្តែ​ក្នុង​ប្រព័ន្ធ​ទូរគមនាគមន៍​មានការ​ត​ប្រព័ន្ធ​ចរន្តអគ្គិសនី​ពីរ​ប្រភព គឺ​កា​រត​ចរន្ត​ពី​ខាង​អគ្គិសនី​កម្ពុជា (EDC) និង​ការប្រើ​ដោយ​ចរន​អគ្គិសនី​ដើរ​ដោយ​ព្រះអាទិត្យ​។ ​ប្រភព​ចរន​អគ្គិសនី​ដើរ​ដោយ​ព្រះអាទិត្យ ខណៈពេល​ដាច់​ចរន​អគ្គិសនី​ពី EDC គឺមាន អាគុយ​បម្រុង​ឬ​ម៉ាស៊ីនភ្លើង​បម្រុង (UPS) មកប្រើប្រាស់​ជំនួស​វិញ​។ ប៉ុន្តែ​បើ​ដាច់​ភ្លើង​យូរ​ប្រព័ន្ធ​នេះ មិនអាច​ទ្រទ្រង់​បានទេ បាន​ក្នុង​រយៈពេល​ជាង​៤​ម៉ោង​តែប៉ុណ្ណោះ​។​»
 
​ជុំវិញ​បញ្ហា​នេះ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុនទូរស័ព្ទ Cellcard បកស្រាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាមសារអេឡិចត្រូនិកថា ដោយសារ​បញ្ហា​កង្វះខាត​អគ្គិសនី​នៅ​ទូទាំង​កម្ពុជា​បានធ្វើ​ឲ្យ​ប៉ះពាល់​គ្រប់​បណ្ដា​ក្រុមហ៊ុនទូរស័ព្ទ ហើយ​បណ្ដាល​ឲ្យ​មាន​ភាពរអាក់រអួល​ក្នុង​ការហៅ​ទូរស័ព្ទ​និង​ការប្រើប្រាស់​អុីនធឺណិត​។ ក្រុមហ៊ុន Cellcard អះអាងថា ក្រុមការងារ​បច្ចេកទេស បានដាក់​ពង្រាយ​ម៉ាស៊ីនភ្លើង​តាម​បណ្ដា​សាខាក្រុមហ៊ុន​របស់ខ្លួន​»។   
 
​រីឯ​អ្នកផ្ដល់​ព័ត៌មាន​របស់​ក្រុមហ៊ុន Metfone  (Call Center) បាន​ឲ្យ​ដឹងថា នៅពេលដាច់ចរន្តអគ្គិសនី  ក្រុមហ៊ុនបាន​ប្រើប្រាស់​ម៉ាស៊ីនភ្លើង។ តែដោយសារ​កម្លាំងម៉ាស៊ីន​ខ្សោយ​ទើប​ធ្វើ​ឲ្យ​មានការ​រអាក់រអួល​លើ​ប្រព័ន្ធ​សេវា​និង​អុីនធឺណិត​៕

 

Tag:
 ដាច់​ភ្លើង​
  ប្រព័ន្ធ​ទូរស័ព្ទ​
  អុីនធឺណិត​
© រក្សាសិទ្ធិដោយ thmeythmey.com