កីឡាជាតិ
ជាតិ
ពាន Hun Sen Cup ត្រូវការ២ក្រុមបន្ថែមទៀតនៅថ្ងៃនេះ សម្រាប់វគ្គ៨ក្រុមចុងក្រោយ សកម្មភាពប្រកួតរវាងក្រុមត្បូងឃ្មុំជាមួយពោធិ៍សាត់នៅកីឡដ្ឋានខេត្តត្បូងឃ្មុំ, រូបភាពពី CNCC
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត រកឃើញក្រុម៦ហើយ ដើម្បីឡើងទៅប្រកួតនៅវគ្គ៨ក្រុមចុងក្រោយ(១/៤)។ ក្រុមចំនួន៤ត្រូវប្រជែងគ្នានៅរសៀលថ្ងៃទី២៥ ខែមេសានេះ ដើម្បីដណ្តើមកៅអីឡើងទៅបង្គ្រប់៨ក្រុម។
ក្រុមបាល់ទាត់ខេត្តសៀមរាប កែប ព្រៃវែង កំពត កំពង់ធំ ត្បូងឃ្មុំ បានឈ្នះកៅអីឡើងទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ(១/៤)នៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត បន្ទាប់ពីពួកគេបានយកឈ្នះគូប្រកួតរៀងៗខ្លួននៅវគ្គ១/៨។ ក្នុងនោះក្រុមសៀមរាបបានយកឈ្នះកំពង់ស្ពឺដោយបាល់កាត់សេចក្តី ៤-៣ បន្ទាប់ពីពួកគេរក្សាលទ្ធផលស្មើ ១-១ នាការប្រកួត៩០នាទីនៅកីឡដ្ឋានខេត្តសៀមរាប។
ដូចគ្នានឹងក្រុមសៀមរាបដែរ ក្រុមម្ចាស់ផ្ទះកែប បានយកឈ្នះក្រុមមណ្ឌលគិរីដោយបាល់កាត់សេចក្តី ៤-៣ ក្រោយពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួត៩០នាទី។ ចំណែកក្រុមព្រៃវែងបានយកឈ្នះភ្ញៀវបាត់ដំបងក្នុងលទ្ធផល ២-០។ រីឯកំពតយកឈ្នះមណ្ឌលគិរី ៣-០ ស្របពេលកំពង់ធំយកឈ្នះព្រះវិហារ ២-០ និងត្បូងឃ្មុំយកឈ្នះពោធិ៍សាត់ ២-១។ អ្វីដែលគួរឲ្យកត់សម្គាល់ក្រុមដែលបានឈ្នះកៅអីឡើងទៅវគ្គបន្ត សុទ្ធសឹងជាក្រុមម្ចាស់ផ្ទះការប្រកួតវគ្គ១៦ក្រុមចុងក្រោយ។
ដោយឡែក នៅរសៀលថ្ងៃទី២៥ ខែមេសានេះ ក្រុមកោះកុងត្រូវប្រជែងជាមួយស្វាយរៀងនៅកីឡដ្ឋានខេត្តកោះកុង ខណៈរតនៈគិរីបើកទ្វារកីឡដ្ឋានខ្លួនស្វាគមន៍តាកែវ ដើម្បីដណ្តើមកៅអីអមដំណើរជាមួយ៦ក្រុមខាងលើទៅវគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតទាំងពីរគូធ្វើឡើងនៅម៉ោង៣រសៀលដូចគ្នា៕
Tag:
បាល់ទាត់
Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com