កីឡាជាតិ
ជាតិ
អ្នកគាំទ្រក្លិប៤នៅ Premier League បង្កើតកម្មវិធីប្រកួតសប្បុរសធម៌ដើម្បីជួយដល់សាលាមួយនៅសៀមរាប
× ក្រុមណាត្រូវលើកពាន? ក្រុមណាបាន Top4? ក្រុមណាត្រូវធ្លាក់ចេញ? សម្រាប់យុវជនកម្ពុជាមួយចំនួនដែលគាំទ្រក្លិបបាល់ទាត់កំពូលៗនៅ Premier League ទុករឿងទាំងនេះ មួយឡែកសិន ដោយពួកគាត់កំពុងយកចិត្តទុកដាក់ចំពោះការខ្វះខាតរបស់កុមារនៅសាលារៀនមួយនៅខេត្តសៀមរាប។ នៅដើមខែឧសភា ខាងមុខ ក្រុមអ្នកគាំទ្រក្លិប Tottenham Hotspur, Chelsea, Manchester City និង Arsenal នៅកម្ពុជា នឹងមានកម្មវិធីប្រកួតសប្បុរសដើម្បីស្វែងរកថវិកាជួយកុមារទាំងនោះ។
«និយាយរួម ពួកយើងភាគច្រើន មានប្រវត្តិមិនសូវខុសគ្នាឡើយ ដូច្នេះទើបយើងចង់ជួយសម្រាលការលំបាករបស់កុមារ តាមរយៈសកម្មភាពបាល់ទាត់របស់យើង»។ នេះជាការលើកឡើងរបស់លោក ឈឿន ប៊ុនធឿន តំណាងក្រុម Tottenham Hotspur KH ដែលជាអ្នកផ្តួតផ្តើមកម្មវិធីបាល់ទាត់សប្បុរសធម៌ បន្ទាប់ពីលោកធ្លាប់ធ្វើកន្លងមក ជាលក្ខណៈឯកជន។
សាលាបឋមសិក្សាស្វាយធំ ដែលស្ថិតក្នុងភូមិស្វាយធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាទីតាំងដែលក្រុមយុវជនគាំទ្រក្លិប Premier League ទាំងបួន ត្រូវប្រមូលថវិកា និងសម្ភារសិក្សា តាមរយៈកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌នៅទីលានបាល់ទាត់ជើងទឹក រាជធានីភ្នំពេញ ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ។
លោក ប៊ុនធឿន ដែលធ្លាប់កម្សត់កម្រកាលនៅជាកុមារជាយដែនក្នុងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា សាលាបឋមសិក្សាស្វាយធំ បច្ចុប្បន្ន មានសិស្សប្រមាណ៦០នាក់ និងគ្រូបង្រៀន២នាក់។ តំណាងក្រុម Tottenham Hotspur KH រូបនេះ បានពន្យល់ថា៖ «ការជ្រើសរើសយកសាលានេះ ជាគោលដៅដំបូងនៃកម្មវិធីសប្បុរសធម៌ គឺបន្ទាប់ពីលោករួមជាមួយក្រុមការងារដទៃទៀត ឃើញគេបង្ហោះព័ត៌មានថា សាលានេះកំពុងជួបប្រទះការខ្វះខាតសម្ភារសិក្សា និងប្រកាសស្វែងរកជំនួយពីសប្បុរសជន»។
ថវិកា និងសម្ភារៈសិក្សា ដែលទទួលបាន សុទ្ធតែកើតចេញពីការចូលរួមបរិច្ចាគរបស់សមាជិកក្រុមអ្នកគាំទ្រ ក្រុមមាន់ខ្នាយមាស ក្រុមតោខោវ ក្រុមមេឃខៀវ និងក្រុមកាំភ្លើងធំ ក៏ដូចជាអ្នកមានចំណាប់អារម្មណ៍ផ្សេងទៀត ទៅតាមសទ្ធារៀងៗខ្លួនៗ។
ក្រុមទាំង៤ ត្រូវប្រកួតប្រជែងគ្នាតាមរូបមន្តវិលជុំ ដើម្បីសន្សំពិន្ទុ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ពានសប្បុរសធម៌។ បន្ទាប់មក ពួកគេនឹងលៃលកពេលវេលាដើម្បីយកថវិកា និងសម្ភារសិក្សាទៅកាន់សាលា។
បើតាមអ្នកផ្តួចផ្តើមគំនិត សកម្មភាពបែបនេះ នឹងបន្តនៅឆ្នាំក្រោយៗទៀត ជាមួយនឹងគោលដៅផ្សេង ហើយអាចមានក្រុមផ្សេងចូលរួម ក្រៅពី Tottenham Hotspur KH, Chelsea KH, Manchester City KH និង Arsenal KH៕
Tag:
បាល់ទាត់
សប្បុរសធម៌
សៀមរាប
ឈឿន ប៊ុនធឿន
© រក្សាសិទ្ធិដោយ thmeythmey.com