ជាតិ
សង្គមជាតិ
ចិននឹងទិញអង្ករកម្ពុជា ៤០ម៉ឺនតោន នៅខែសីហា រូបភាពAFP
× ភ្នំពេញ៖ កម្ពុជា-ចិន នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) លើពាណិជ្ជកម្មអង្ករ នាំចេញទៅកាន់ប្រទេសចិន ក្នុងបរិមាណអង្ករ៤០ម៉ឺនតោន។ ការចុះ(MoU)នេះ នឹងធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២៧មេសា ឆ្នាំ២០១៩ នៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ ដែលដឹកនាំដោយសម្ដេច ហ៊ុន សែន និងថ្នាក់ដឹកនាំចិន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤មេសា ឆ្នាំ២០១៩។
ដើម្បីជំរុញដល់ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល តាមរយៈក្រុមហ៊ុន ហ្គ្រីន ត្រេដ បានពិភាក្សាជាមួយនឹងក្រុមហ៊ុន COFCO នៃប្រទេសចិន លើការរៀបចំ(MoU) សម្រាប់ពាណិជ្ជកម្មទំនិញអង្ករកម្ពុជា ចូលទៅកាន់ទីផ្សារប្រទេសចិន។
ក្នុងការពិភាក្សាគ្នានោះ ភាគីទាំងពីបានឯកភាពគ្នាលើចំនុចសំខាន់៣ រួមមាន ទី១ ភាគីចិន យល់ព្រមទិញអង្ករ ផ្កាម្លិៈ អង្ករក្រអូប អង្ករស និងចុងអង្កររបស់កម្ពុជាក្នុងបរិមាណ ៤០ម៉ឺនតោន ចាប់ពីខែសីហា ឆ្នាំ២០១៩ ដល់ចុងខែធ្នូ ឆ្នាំ២០២០។ ទី២ អនុស្សរណៈនេះ នឹងចូលជាធរមានភា្លម បន្ទាប់ពីភាគីទាំងពីរ អនុវត្តបញ្ចប់ដោយជោគជ័យនូវអនុស្សរណៈដំបូង ដែលបានចុះហត្ថលេខា ថ្ងៃទី១១មករា ឆ្នាំ២០១៨ ស្ដីពីការចូលអង្ករ៣០ម៉ឺនតោន និងទី៣ ពាក់ព័ន្ធយន្តការត្រួតពិនិត្យធុរកិច្ចនោះ គូភាគី នឹងបង្កើតយន្តការត្រួតពិនិត្យធុរកិច្ច ដើម្បីតាមដានការអនុវត្តអនុស្សរណៈរៀងរាល់ត្រីមាស ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុ អំឡុងពេលអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា។
រូបភាពពីក្រសួងពាណិជ្ជកម្ម
ក្នុងឆ្នាំ២០១៩នេះ របាយការណ៍របស់លេខាធិការដ្ឋានច្រកចេញ-ចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ ស្ដីអំពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជាបានបញ្ជាក់ថា កម្ពុជាបាននាំចេញអង្ករ១៧ម៉ឺនតោន ក្នុងរយៈពេល៣ខែនៃដើមឆ្នាំ២០១៩។ បើធៀបនឹងរយៈពេល៣ខែនៃដើមឆ្នាំ២០១៨ គឺមានការកើនឡើង៦ភាគរយ (កើនប្រមាណ១ម៉ឺនតោន)។
បើតាមរបាយការណ៍ដដែល សហភាពអឺរ៉ុបនៅតែជាទីផ្សារដ៏ធំរបស់អង្ករកម្ពុជា ។ប៉ុន្តែបើគិតតាមប្រទេសវិញ ចិនគឺជាអតិថិជនលំដាប់លេខមួយ ដែលបាននាំអង្ករចូលពីកម្ពុជា ជាង១៧ពាន់តោន ខណៈដែលប្រទេសបារាំងស្ថិតក្នុងលំដាប់លេខពីរ ដែលនាំអង្ករចូលសរុបជាង៩ពាន់តោន និងម៉ាឡេស៊ី នាំអង្ករចូលជាង៥ពាន់តោន៕
© រក្សាសិទ្ធិដោយ thmeythmey.com