កីឡាអន្តរជាតិ
អន្តរជាតិ
FIFA បញ្ចប់​អាជីព​កី​ឡាករ​បាល់ទាត់​៧​រូប​មួយជីវិត ពីបទ​កំណត់​លទ្ធផល​ទុក​មុន​
25, Apr 2019 , 8:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA នៅ​ថ្ងៃទី​២៤ ខែ មេសា បានសម្រេច​ហាមឃាត់​កីឡាករ និង​អតីត​កីឡាករ​ចំនួន​៧​រូប​មិន​ឲ្យ​មាន​សកម្មភាព​ក្នុង​វិស័យ​កីឡាបាល់ទាត់​មួយ​ជី​វិត​ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធការកំណត់​លទ្ធផល​ទុក​មុន​។​


 
​បន្ទាប់ពី​ស៊ើបអង្កេត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ FIFA អាច​កំណត់​បាន​ថា​កីឡា​ករទាំង​៧​រូប ដែល​ភាគច្រើន​ជា​កីឡា​ករពី​តំបន់​អាហ្វ្រិក មានការ​ទាក់ទង​ទៅនឹង​ការកំណត់​លទ្ធផល​ការប្រកួត​ទុក​មុន​ជាមួយ​លោក Wilson Raj Perumal​។ Perumal ជា​ជនជាតិ​សិង្ហ​បុរី បាន​ចូលរួម​គប់គិត​អំពើពុករលួយ​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ សម្រាប់​ឲ្យ​ការ​ភ្នាល់​បាល់​។ 
 
FIFA បានបង្ហាញ​ឈ្មោះ​កីឡាករ​ទាំង​៧​រូបនោះ​មានដូចជា កីឡាករ Karlon Murray និង Keyeno Thomas (​ទ្រី​នី​ដា​ត​និង​តូ​បា​ហ្គោ​), Ibrahim Kargbo (​សៀ​រ៉ា​ឡេ​អូន​), Hellings Mwakasungula (​ម៉ាឡាវី​), Seidath Tchomogo (​បេ​ណាំង​), Leonel Duarte (​គុយបា​) និង​កីឡាករ​អាស៊ី​ម្នាក់​ពី អា​ហ្វ​ហ្គា​នី​ស្ថាន Mohammad Salim Israfeel Kohistani ។​
 
​ក្រៅពី​អ្នក​ទាំង​៧​ខាងលើ មាន​កីឡាករ​សញ្ជាតិ​កេ​ន​យ៉ា​ម្នាក់ George Owino Audi ត្រូវ​ហាម​មិន​ឲ្យ​ពាក់ព័ន្ធ​ក្នុង​កីឡា​រយៈពេល​១០​ឆ្នាំ រួមជាមួយ​ភ្នាក់ងារ​​កីឡា​ករលោ​ក Kudzanai Shaba ត្រូវ​ពិន័យ​អស់​មួយជីវិត​។ 
 
​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ ក៏​កំពុង​ស៊ើបអង្កេត​រកមុខ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ក៏ដូចជា​ស៊ីសំណូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​៕
 

Tag:
 ​បាល់ទាត់​
  FIFA
  កំណត់​លទ្ធផល​ទុក​មុន
© រក្សាសិទ្ធិដោយ thmeythmey.com