រាជធានីភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន បានបើកការិយាល័យរបស់ខ្លួននៅក្នុងអគារ Vattanac Capital កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ ក្រុមហ៊ុន Dai-ichi Life Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (នៃទីក្រុងតូក្យូ ប្រទេសជប៉ុន) បង្កើតឡើងក្នុងឆ្នាំ១៩០២ ហើយវាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត របស់ជប៉ុនដំបូងគេបង្អស់នៅកម្ពុជា។
ព្រឹត្តិការណ៍ដ៏សំខាន់នាថ្ងៃបើសម្ពោធនេះ គឺមានការរួមបញ្ចូលជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗចំនួន៣ គឺពិធីបើកសម្ពោធការិយាល័យរបស់ក្រុមហ៊ុន Dai-ichi Life Cambodia, សន្និសីទសារព័ត៌មាន និងការប្រកាសកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន Dai-ichi Life Cambodia និងធនាគារវឌ្ឍនៈ ដែលរៀបចំឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ។
តាមរយៈការចងសម្ព័ន្ធភាពធុរកិច្ច រវាងធនាគារវឌ្ឍនៈ និងក្រុមហ៊ុន Dai-ichi Life Cambodia អាចធ្វើឲ្យក្រុមហ៊ុន Dai-ichi Life Cambodia ប្រើប្រាស់បណ្តាញរបស់ធនាគារវឌ្ឍនៈ និងទំនាក់ទំនង ទៅអតិថិជនរបស់ខ្លួនបានកាន់តែឆាប់រហ័សឡើង។ ពិធីសម្ពោធនេះ ត្រូវបានបញ្ចប់ដោយអាហារពេលល្ងាច ដែលបានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអគ្គនាយកនៃក្រុមហ៊ុន Dai-ichi Life Cambodia គឺលោក Allen Thai និងមានការគាំទ្រពីការិយាល័យកណ្តាល ដែលដឹកនាំដោយលោក Seiji Inagaki អគ្គនាយកក្រុមហ៊ុន Dai-ichi Life Holdings អ្នកតំណាងមកពីក្រុមហ៊ុន Dai-ichi Life ប្រទេសវៀតណាម និងមកពីការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី។ ភាពជោគជ័យនៅក្នុងកម្មវិធីបើកសម្ពោធនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,អ្នកតំណាងធនាគារជាច្រើន និងអ្នកសារព័ត៌មាន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាច្រើនគួរឱ្យកត់សម្គាល់។
ក្រុមហ៊ុន Dai-ichi Life Cambodia នឹងបន្តផ្តល់ជូននូវសេវាកម្មប្រកបដោយនិរន្តរភាព និងវិនិយោគ នៅលើទីផ្សារដែលមានប្រជាសាស្ត្រ និងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ ដែលសមស្របនឹងសេវាធានារ៉ាប់រងអាយុជីវិត។ ក្នុងនាមជាអ្នកនាំមុខ ក្នុងការផ្តល់នូវសេវាធានារ៉ាប់រងអាយុជីវិតប្រកបដោយគុណភាព ជាមួយនឹងលក្ខខណ្ឌដែលមានភាពងាយស្រួលយល់ ក្រុមហ៊ុន Dai-ichi Life Cambodia ធានាថា ផលិតផល និងសេវាកម្មរបស់យើងគឺមានភាពល្អប្រសើរ និងស័ក្តិសមជាមួយនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។
លោកស្រី ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នា រាត្រីសមោសរ ដូច្នេះថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា តាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញ ដែលក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ មានក្នុងវិស័យធានារ៉ាប់រងអាយុជីវិតអស់រយៈពេលជាង ១០០ ឆ្នាំ ក្នុងប្រទេសជប៉ុន»។
លោក Allen Thai អគ្គនាយក នៃក្រុមហ៊ុន Dai-ichi Life Cambodia បានមានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនមួយ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនក្នុងអាស៊ី ដែលវាកំពុងជំរុញឱ្យមានការពង្រីកទីផ្សារធានារ៉ាប់រងអាយុជីវិត កាន់តែឆាប់រហ័សផងដែរ។ «ចំណុចវិជ្ជមាន នៃការវិវឌ្ឍន៍ទាំងនេះបានធ្វើឱ្យមានការកើនឡើងនូវអ្នកដែលមានប្រាក់ចំណូលកម្រិតមធ្យម ដែលតម្រូវការនៃសេវាធានារ៉ាប់រងអាយុជីវិត ត្រូវបានកើនឡើង។ នេះគឺជាហេតុផល ដែលក្រុមហ៊ុន Dai-ichi Life សម្រេចចិត្ត ចូលមកក្នុងទីផ្សារមួយនេះ ដើម្បីផ្តល់នូវការការពារ និងការសន្យំរយៈពេលវែង ដើម្បីបំពេញតម្រូវការរបស់ពួកគាត់»។ នេះជាការបន្ថែមរបស់អគ្គនាយក នៃក្រុមហ៊ុន Dai-ichi Life Cambodia ដដែល។
លោក Allen Thai បន្តថា ក្រុមហ៊ុន Dai-ichi Life ពេញចិត្តក្នុងការចូលរួមចំណែក ជួយដល់សហគមន៍ ដែលជាកន្លែងដែលខ្លួនកំពុងមានប្រតិបត្តិការ ស្របតាមការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ នេះគឺជាការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ កម្មវិធីសម្ពោធក្រុមហ៊ុន Dai-ichi Life បានបញ្ចប់ទៅដោយការផ្តល់នូវប្រាក់បរិច្ចាគ ចំនួន ៥០,០០០ ដុល្លារអាមេរិក ជូនដល់អង្គការសុខភាព Japan Heart Cambodia ដែលជាអង្គការមួយ ដែលជួយដល់ប្រជាជនក្រីក្រ។ មូលនិធិនេះនឹងត្រូវផ្តល់ឱ្យដើម្បីជួយដល់កុមារកម្ពុជា ដែលជាជនរងគ្រោះនៃជំងឺមហារីក។
ក្នុងនាមជាវិនិយោគិនជប៉ុន ក្រុមហ៊ុន Dai-ichi Life មានការប្តេជ្ញាក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលវែង។ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន Dai-ichi និយាយថា "នៅក្បែរអ្នកជានិច្ច"៕
(អត្ថបទពាណិជ្ជកម្ម)